​ដោយ​:​ ដេប៉ូ​/​ភ្នំពេញ​: ​នៅ​ទីក្រុង​ប៉េកាំ​ង ​ប្រទេស​ចិន​វេទិកា​មួយ​បាន​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​ប្រទេស​ចិន​សម្រាប់​កិច្ចការ​អន្តរជាតិ​កាលពី​រសៀល​ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០២២​។​វេទិកា​នេះ​មាន​ក្រុម​វាគ្មិន​អ្នកនយោបាយ​និង​អ្នកការទូត​ច្រើន​ប្រទេស​ចូលរួម​និង​បាន​បញ្ជាក់ថា​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ នៅ​កម្ពុជា មាន​តម្លាភាព និង​យុត្តិធម៌​។​

​ក្នុងនាម​ជា​វាគ្មិន​កម្ពុជា លោក​បណ្ឌិត ជា មុនី​ឫទ្ធិ ប្រធាន​សមាគម​អ្នកស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន បាន​ថ្លែង​ទៅកាន់​អង្គ​វេទិកា​ដែលមាន​វាគ្មិន​ជា​អ្នកនយោបាយ អ្នកការទូត អ្នកសិក្សា​ស្រាវជ្រាវ​មកពី​ប្រទេស​ចិន រុស្ស៊ី អ៊ូ​ស​បេ​គី​ស្ថាន បេឡា​រុស គី​ស៊ី​ស្ថាន ឥណ្ឌា ប៉ា​គី​ស្ថាន អ៊ីរ៉ង់ តាជី​គី​ស្ថាន អា​ហ្សា​បេ​ល​ហ្ស​ង់ និង​អា​មេ​នី ដោយបាន​រំលេច​ពី​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​បានផ្តល់​ដល់​អ្នកបោះឆ្នោត និង​អ្នក​ដែល​ឈរឈ្មោះ​បោះឆ្នោត ក្នុងពេលដែល​ប្រទេស​កម្ពុជា​ទទួលបាន​នូវ​សុខសន្តិភាព​និង​ការអភិវឌ្ឍ​។​

លោក​បណ្ឌិត​ក៏បាន​រំលេច​ពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ នៅក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃអាទិត្យ ទី​៥ ខែមិថុនា ឆ្នាំ​២០២២ កន្លងទៅនេះ ដែលមាន​គណបក្សនយោបាយ​ចំនួន​១៧​បាន​ចូលរួម​ឈរឈ្មោះ ហើយ​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ទៅ​បោះឆ្នោត​មាន​ចំនួន​ជាង​៧,៣​លាន​នាក់​ស្មើនឹង​ជាង​៨០​ភាគរយ​។​លោក​បន្តថា​ព្រឹត្តិការណ៍ ត្រូវបាន​វាយតម្លៃ​មិន​ត្រឹមតែ​បក្សនយោបាយ ប្រជាពលរដ្ឋ​កម្ពុជា និង​ក្រុម​អ្នកសង្កេតការណ៍​ជាតិ​នៅ​ទូទាំងប្រទេស​កម្ពុជា​នោះទេ តែ​ថែមទាំង​ទទួលបាន​នូវ​ការវាយតម្លៃ​ពី​ស្ថានទូត​បរទេស​នៅ​កម្ពុជា​រួមមាន ស្ថានទូត​ចិន ស្ថានទូត​ជប៉ុន អូស្ត្រាលី និង​រុ​ស្ស៉ី​ជាដើម រួមជាមួយ​តំណាង​ស្ថាប័ន​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អាស៊ី​ប៉ាស៊ីហ្វិក​អន្តរជាតិ​(CAPDI), AIPA, IPTP, ICAPP, Independent Observers, Think Tank 2022, CDI និង​សហគមន៍​ខ្មែរ​រស់នៅ​បរទេស ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥​នេះ​ដំណើរការ​យ៉ាង​ល្អ​ត្រឹមត្រូវ សេរី មាន​តម្លាភាព និង​យុត្តិធម៌​។

លោក​បណ្ឌិត​ក៏បាន​បង្ហាញជូន​វេទិកា​ពី​មាគ៌ា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ថា​មិនមែនជា​រូបមន្ត​សម្រាប់​ប្រទេស​ដទៃ​យកទៅអនុវត្ត​តែ​វា​ជា​គំរូ​មួយ​ឬ​ជាគោលការណ៍​សមស្រប​មួយ​សម្រាប់​ប្រទេស​កម្ពុជា​យកមកអនុវត្ត​ហើយ​ទទួលបាន​នូវ​ទំនុកចិត្ត​និង​ជំនឿ​ជាក់​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ដែលជា​ម្ចាស់​អំណាច និង​ជា​ម្ចាស់ឆ្នោត រួមជាមួយ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សហគមន៍​អន្តរជាតិ​។​

ជា​ចុងក្រោយ​ក្នុង​វេទិកា​ទាំងមូល​បាន​យល់ស្រប​ជាមួយ​លោក​បណ្ឌិត ជា មុនី​ឫទ្ធិ ថា​មាគ៌ា​ប្រជាធិបតេយ្យ​របស់​ប្រទេស​នីមួយៗ​មាន​លក្ខណៈ​សមស្រប​នឹង​ស្ថានការណ៍ វប្បធម៌ និង​ស្ថានភាព​រស់នៅ​របស់​ប្រជាជន ហើយ​ប្រជាធិបតេយ្យ​ត្រូវបាន​វាយតម្លៃ​តាមរយៈ​សន្តិភាព និង​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ ដែលជា​ពិសេស​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​របស់​ប្រជាជន​៕​សរន​