​ប្រែ​សម្រួលៈ​បំណង​(ST)៖ មនុស្ស​ម្នាក់​បាន​ស្លាប់​និង​ពីរ​នាក់​រងរបួស​នៅពេល​យន្តហោះ​យោធា​ចិន​មួយ​ធ្លាក់​នៅ​ចិន​ភាគ​កណ្តាល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​មិថុនា នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​។​

​ទូរទស្សន៍​រដ្ឋ​CCTV​បាន​ផ្សាយ​ថា «​យន្តហោះ J-7​ជួប​គ្រោះថ្នាក់​ក្នុងអំឡុងពេល​ហោះ​ហ្វឹកហាត់​និង​បាន​ធ្លាក់​នៅ​ជិត​អាកាសយានដ្ឋាន​មួយ​…​ដោយ​បង្ក​ការខូចខាត​ផ្ទះ​ឯកជន​ខ្លះ​។​អ្នក​បើក​បាន​លោត​​ឆត្រយោង​ដោយ​សុវត្ថិភាព​និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជា​មួយ​អ្នករងរបួស​ដទៃទៀត​។​មូលហេតុ​នៃ​ការធ្លាក់​នៅ​ទីក្រុង សៀង​យ៉ាង​(Xiangyang)​ក្នុង​ខេត្ត​ហ៊ូ​ប៉ី​នេះ​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​»​។​

​រូបភាព​ចេញពី​កន្លែងកើតហេតុ​និង​ត្រូវ​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​បង្ហាញ​អណ្តាតភ្លើង​និង​ផ្សែងខ្មៅ​ហុយ​ចេញពី​វិថី​មួយ​នៃ​ក្រុង​សៀង​យ៉ាង ហើយ​អាគារ​ជាច្រើន​ទំនងជា​ត្រូវ​បំផ្លាញ​ដោយ​ឧបទ្ទវហេតុ​​នេះ​។​

​រំលឹកថា កាលពី​ឆ្នាំ​២០១៩ អាកាសយានិក​ពីរ​នាក់​បាន​ស្លាប់​នៅពេល​យន្តហោះ​កងទ័ព​ជើង​ទឹក​មួយ​បាន​ធ្លាក់​នៅ​កោះ​ហៃ​ណាន​(Hainan)​។​កាលពី​ខែ​មីនា​ឆ្នាំ​នេះ យន្តហោះ​ស៊ីវិល​មួយ​បាន​ធ្លាក់​នៅក្នុង​​ខេត្ត​ហ្កាងស៊ី ដោយ​សម្លាប់​មនុស្ស​១៣២​នាក់​ក្នុង​គ្រោះថ្នាក់​អាកាសចរណ៍​ចិន​ដ៏​អាក្រក់​បំផុត​នៅក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ​។​

​ចំពោះ​ការធ្លាក់​យន្តហោះ​Boeing 737-800​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​China Eastern​កាលពី​ខែ​មីនា​នេះ គេ​នៅ​មិន​ទាន់​រកឃើញ​មូលហេតុ​នៅឡើយ ហើយ​ការស៊ើបអង្កេត​កំពុង​ត្រូវ​បន្តធ្វើ ទោះជា​​មាន​ការសង្ស័យថា​មាន​នរណា​ម្នាក់​ក្នុង​បន្ទប់​បើកបរ​ធ្វើ​អោយ​ធ្លាក់​យន្តហោះ​នេះ​៕