​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ច​ន ស៊ីណា កាលពី​ថ្ងៃ​សៅរ៍​ទី​៤​មិថុនា​បាន​ជួប​ជាមួយ​អ្នកគាំទ្រ​អាយុ ១៩ ឆ្នាំ​ដែល​កើត​ជំងឺ Down ឈ្មោះ មី​សា រ៉ូហូ​ហ្ស៊ី​ន (Misha Rohozhyn)​ដែល​ត្រូវបាន​​បំផុសទឹកចិត្ត​ឡើង​ដោយ​អ្នក​កីឡាកាស​អាជីព​រូប​នេះ នៅ​ពេល​រូបគេ​និង​គ្រួសារ​របស់​ខ្លួន​បាន​ភៀសខ្លួន​ចេញពី​អ៊ុ​យក្រែន ចំ​ពេល​មាន​ការឈ្លានពាន​ពី​រុស្ស៊ី​។​

​រ៉ូហូ​ហ្ស៊ី​ន ដែល​បាន​ភៀសខ្លួន​ពី​ទីក្រុង​ម៉ា​រី​វ​ប៉ូល​កាលពី​ខែ​មីនា បាន​ជួប​ជាមួយ​អ្នក​កីឡាកាស​/​តារា​សម្តែង​វ័យ ៤៥ ឆ្នាំ​រូប​នេះ​នៅ​ទីក្រុង​ហយ​ហ្សិន (Huizen) ប្រទេស​ហូ​ឡង់​ជា​កន្លែង​ដែល​រូបគេ​និង​​សាច់ញាតិ​កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន​។​

​រ៉ូហូ​ហ្ស៊ី​ន​មាន​ផ្ទាំង​រូបភាព​ច​ន ស៊ីណា​នៅក្នុង​ផ្ទះល្វែង​នៅ​ក្រុង​ម៉ា​រី​វ​ប៉ូល ដែល​គ្រួសារ​របស់​គេ​រស់នៅ មុនពេល​ដែល​កងកម្លាំង​រុស្ស៊ី​ទម្លាក់​គ្រាប់បែក​កម្ទេច​ទីក្រុង​នេះ​។​

​ម្តាយ​របស់​រ៉ូហូ​ហ្ស៊ី​ន គឺ​លោកស្រី លី​យ៉ាណា (Liana)​បាន​និយាយថា លោកស្រី​បាន​ជួយ​កូនប្រុស​របស់​លោកស្រី​ឱ្យ​មាន​ភាពក្លាហាន​ក្នុង​ការជម្លៀស​ខ្លួន​ចេញ​ដ៏​គ្រោះថ្នាក់​ពី​អ៊ុយ​ក្រែន​ជាមួយនឹង​”​ការលើក​​ទឹកចិត្ត​បែប​ស្រមើ​ស្រមៃ​” ថា វីរបុរស WWE ដែល​ប្រែក្លាយ​ជា​តារា​ហូលីវូដ​រូបនេះ នឹង​នៅ​ទីនោះ​ដើម្បី​ស្វាគមន៍​ពួកគេ​នៅ​ចុងបញ្ចប់​នៃ​ការធ្វើដំណើរ​របស់​ពួកគេ​។ ក្មេង​ជំទង់​រូប​នេះ​អន់ចិត្ត​ជាខ្លាំង​ដែល​​ច​ន​ស៊ីណា​មិន​មាន​វត្តមាន​នៅ​ពេល​ពួកគេ​មក​ដល់​ហូឡង់​កាលពី​ខែ​ឧសភា​។​

​ច​ន ស៊ីណា​បានដឹង​អំពី​រ៉ូហូ​ហ្ស៊ី​ន បន្ទាប់ពី​គាត់​ឆែក​មើល​កំណត់ត្រា​ក្នុង​សាច់រឿង​មួយ​សម្រាប់​កាសែត The Wall Street Journal ក្នុង​ខែឧសភា ដែល​លាតត្រដាង​ពី​ផល​ប៉ះពាល់​នៃ​សង្គ្រាម​លើ​ជនពិការ​។​

​ច​ន​ស៊ីណា​និយាយ​មុន​ពេល​ជួប​ក្មេង​ជំទង់​នេះ​ថា “​ពេល​ខ្ញុំ​អាន​សាច់​រឿង​របស់​មី​សា វា​ធ្វើឱ្យ​ខ្ញុំ​រំភើបចិត្ត​ជាខ្លាំង មិន​គ្រាន់តែ​សាច់​រឿង​របស់​មី​សា​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​សាច់​រឿង​របស់​ម្តាយ​គេ​ផង​ដែរ​”​។​

​ក្រោយមក​ច​ន​ស៊ីណា​ក៏បាន​ទៅ​ជួប​ជាមួយ​រ៉ូហូ​ហ្ស៊ី​ន​នៅ​ជំរំ​ជនភៀសខ្លួន​ក្បែរ​ទីក្រុង​អាំ​ស្ទើ​ដា​ម កន្លែង​ដែល​គ្រួសារ​នេះ​កំពុង​រស់នៅ​បណ្តោះអាសន្ន​៕

​ច​ន ស៊ីណា មកជួប​រ៉ូហូ​ហ្ស៊ី​ន​ដើម្បី​បំពេញ​បំណង​របស់​គេ​