ដោយ :​ប​.​ជ័យ / បន្ទាយមានជ័យ​: នា​កណ្តាល​រដូវវស្សា​ខែមិថុនា​ឆ្នាំ​២០២២ នេះ នៅ​ខេត្តបន្ទាយមានជ័យ​កន្លែង​ខ្លះ​ខ្វះ​ទឹក​ស្រោចស្រព​ព្រោះតែ​កង្វះ​ទឹកភ្លៀង​និង​មកពី​ការ​បង្ខាំង​ទឹក​នៅ​កន្លែង​បើក​ការដ្ឋាន​ជួសជុល​កែលម្អ​សំណង​ធារាសាស្ត្រ​នៅក្នុង​ពោះ​ស្ទឹង​មង្គល​បូរី រីឯ​កន្លែង​ខ្លះ​ទឹក​ឡើង​ហៀ​ហូ​រក​ច្រក​បង្ហូរ​ចេញ ។ ទាំងនេះ​គឺជា​ចំណុច​ដែល​មន្ត្រី​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​៣៦ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ ក្រោម​អធិបតីភាព លោក ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី អភិបាលខេត្ត កាលពី​ថ្ងៃទី ០៩ ខែមិថុនា​ឆ្នាំ ២០២២ នៅ​សាលប្រជុំ​ធំសាលា​ខេត្តបន្ទាយមានជ័យ​។

​លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត និង លោក ឡាយ សុធី អនុប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត បាន​លើកឡើងថា បច្ចុប្បន្ននេះ ខេត្ត​មាន​បញ្ហា​ប្រឈម​មួយចំនួន លើ​ផ្នែក​កសិកម្ម​ពិសេស​ដំណាំ​ស្រូវប្រាំង​ដើមរដូវ​វស្សា​ឬ​ស្រូវ​បង្កើន​រដូវ ក្នុងភូមិ​សាស្ត្រ​ឃុំ​សឿ និង​ឃុំ​ចំណោម​ស្រុក​មង្គល​បូរី ដែលមាន​ការខ្វះខាត​ទឹក​បញ្ចូល​ស្រែ​ស្រោចស្រព​គឺ​ខណ​:​ពេលដែល​ដំណាំ​ស្រូវ​បាន​នឹង​កំពុងតែ​លូតលាស់​ល្អ​។​

​មន្ត្រី​ទាំងពីរ​រូប​បាន​លើកឡើងថា មូលហេតុ​នេះ​មកពី​ខ្វះ​ប្រព័ន្ធ​ប្រឡាយ​បង្ហូរ​នាំ​ទឹក បង្វែរ ត្បិត​អី​ក្រុមហ៊ុន​បាន​នឹង​កំពុងធ្វើការ​ជួសជុល​សំណង់​ប្រឡាយ ដែល​ចាំបាច់​ត្រូវបានធ្វើ​ការបិទច្រក​ទឹក​ជិត ។​​ម្យ៉ាង​នៅ​ភូមិសាស្ត្រ​នោះ ពុំ​សូវ​មាន​របាយ​ទឹកភ្លៀង​គ្រប់គ្រាន​ទៀតផង​។

​មន្ត្រី​ជំនាញ​ខាងលើ បាន​បន្តថា : រីឯ​ខាង​ភូមិសាស្ត្រ​ស្រុក​ភ្នំស្រុក​វិញ​នោះ គឺ​ប្រជាកសិករ​ពុំ​អាចធ្វើ​ស្រែ​បាន​នៅឡើយ​នោះទេ មូលហេតុ​មកពី​ទឹកភ្លៀង​ច្រើនពេក ហើយ​គ្មាន​ច្រក​រំដោះ​បញ្ចេញ​ទឹក​។

ចំពោះ​បញ្ហា​ទឹក​ដូចខាងលើ លោក​អភិបាលខេត្ត​បញ្ជាក់ថា រដ្ឋបាលខេត្ត​និង​ជំនាញ ក្រុមការងារ​ពាក់ព័ន្ធ​នឹង​ចុះ​ពិនិត្យ ដោះស្រាយ​បន្ទាន់​៕​