ដោយៈ ភ្នំ​សន្ទុក / កំពង់ធំៈ នៅ​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២២ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​បើក​យុទ្ធនាការ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​៥ ដែលជា​ដូ​ស​ជំរុញ ជូន​កងទ័ព គ្រួសារ​កងទ័ព និង​អតីតយុទ្ធជន នៅ​ទូទាំង​ខេត្ត នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ សឹក​រង​កំពង់ធំ ស្ថិតនៅ​ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន បាន​សូម​គោរព​ថ្លែងអំណរគុណ ដ៏​ជ្រាលជ្រៅ ជាទី បំផុត ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​គ្រប់បែបយ៉ាង ដើម្បី​រក​វ៉ាក់សាំង មកចាក់​ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​ប្រជាពលរដ្ឋ គ្រប់​ស្រទាប់​ជាន់ថ្នាក់ ដែល​ធ្វើឱ្យ បច្ចុប្បន្ននេះ អស់​រយៈពេល​ជាង មួយខែ​មកហើយ ដែល​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា មិនមាន​ករណី​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ថ្មី ឬ​ស្លាប់ ដោយសារ​ជំងឺ​កូ​វីដ​១៩ ឡើយ ។​

​ក្រុមគ្រូពេទ្យ និង​ក្រុមការងារ​ចាក់​វ៉ាក់សាំង នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង បំពេញភារកិច្ច មិន​ខ្លាច​នឿយហត់ ក្នុង​ការចាក់​វ៉ាក់សាំង ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ គ្រួសារ​កងទ័ព និង​អតីតយុទ្ធជន នៅក្នុង​ខេត្តកំពង់ធំ ព្រមទាំង​ប្រជាពលរដ្ឋ នៅ​ខេត្តសៀមរាប ក្នុង​រយៈពេល​កន្លងមក សរុប​ជាច្រើន​ម៉ឺន​នាក់​មកហើយ នៅពេលនេះ តាម​ផែនការ ត្រូវ​ចាក់​វ៉ាក់សាំង ជូន​កងទ័ព​គ្រួសារ កងទ័ព និង​អតីត​យុ​ទ្ឋ​ជន ប្រមាណ​ជាង ៤.០០០ នាក់ ។

​ក្រុមគ្រូពេទ្យ ក៏បាន​សំណូមពរ​ដល់​កងទ័ព គ្រួសារ​កងទ័ព និង​បងប្អូន​អតីតយុទ្ធជន​ទាំងអស់ ត្រូវ​អញ្ជើញ​មកចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​៥ ដែលជា​ដូ​ស​ជំរុញ ចាប់ពីពេលនេះ តទៅ ឲ្យ​បាន​គ្រប់ៗ​គ្នា នឹងត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល ៕/V​