​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទិន្នន័យ​បានបង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​មិថុនា​ថា ការនាំចេញ​របស់​ចិន​បាន​ស្ទុះ​ងើប​ឡើងវិញ​យ៉ាង​ខ្លាំង​នៅក្នុង​ខែ​ឧសភា​ដោយ​រោងចក្រ​ចាប់ផ្តើម​ដំណើរ​​ការ​ឡើងវិញ​និង​ខ្សែសង្វាក់​ផ្គត់ផ្គង់​លែង​ជាប់គាំង ខណៈ​ទីក្រុង​សៀង​ហៃ​បាន​ងើបឡើង​បន្តិច​ម្តងៗ​ពី​ការបិទ​ខ្ទប់​ទប់ស្កាត់​កូវី​ដ​ដ៏​រ៉ាំរ៉ៃ​។​

​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​នេះ​បានចាប់ផ្តើម​ស្ថិតនៅក្រោម​ការបិទ​ខ្ទប់​នៅ​ចុង​ខែ​មីនា ហើយ​ភាគច្រើន​នៃ​អ្នកស្រុក ២៥ លាន​នាក់​របស់​ខ្លួន​ត្រូវបាន​បង្ខាំង​នៅក្នុង​ផ្ទះ​របស់​ពួកគេ​អស់​រយៈពេល​ប្រហែល​ពីរ​ខែ ខណៈ​ចិន​នៅតែ​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​កូវី​ដ​សូន្យ​របស់ខ្លួន​។​

​ការ​រឹតបន្តឹង​បំលាស់​ទី​ដ៏​តឹងរ៉ឹង​នៅក្នុង​ទីក្រុង​ជាច្រើន ដែល​ក្រុង​ខ្លះ​មាន​ករណី​ឆ្លង​តែ​បី​បួន បាន​រក្សា​អ្នកប្រើប្រាស់​នៅតែ​ក្នុងផ្ទះ​និង​បំផ្លាញ​សេដ្ឋកិច្ច អូស​ទម្លាក់​ការ​លក់រាយ ទិន្នផល​រោងចក្រ​និង​កំ​​ណើ​ន​ការនាំ​ចេញ​ឱ្យ​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ប្រហែល​ពីរ​ឆ្នាំ​។​

​ប៉ុន្តែ​នៅពេលដែល​ការ​ទប់ស្កាត់​បាន​ចាប់ផ្តើម​ធូរស្រាល ការនាំ​ចេញ​ទៅ​ក្រៅប្រទេស​ពី​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាងគេ​ទី​ពីរ​របស់​ពិភពលោក​បាន​រើប​ឡើង​វិញ​រហូតដល់ ១៦,៩​ភាគរយ​ធៀប​ឆ្នាំមុន​​គិត​ត្រឹម​ខែ​ឧសភា ដោយ​កើនឡើង​ពី ៣,៩ ភាគរយ​នៅក្នុង​ខែ​មេសា នេះ​បើ​យោង​តាម​ទិន្នន័យ​គយ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​លោកស្រី អៀ​រី​ស ប៉ាង (Iris Pang)​ប្រធាន​សេដ្ឋវិទូ​របស់​ក្រុមហ៊ុន ING ប្រចាំ​ប្រទេស​ចិន​បាន​និយាយថា​”​ការ​ស្ទុះ​ងើប​ឡើងវិញ​នៃ​ការនាំ​ចេញ​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​…​ខ្ញុំ​ជឿថា​ភាគច្រើន​គឺ​ដោយ​​សារ​តែ​កំពង់ផែ​សៀង​ហៃ​”​។​

​លោកស្រី​បាន​បន្ថែមថា កំពង់ផែ​កុងតឺន័រ​ដ៏​មមាញឹក​បំផុត​របស់​ពិភពលោក​បាន​ដំណើរការ​ក្នុង​កម្រិត ៩០ ភាគរយ​នៅ​ចុងខែ​ឧសភា ជា​ហេតុ​ជំរុញ​ការនាំចេញ​៕

​ការនាំចេញ​របស់​ចិន​ចាប់ផ្តើម​ងើប​ឡើងវិញ ខណៈ​កំពង់ផែ​ក្រុង​សៀង​ហៃ​ដំណើរការ​ជិត​ពេញ​សមត្ថភាព​ឡើងវិញ​