​ដោយៈ សម្បត្តិ / ភ្នំពេញ​: សមត្ថកិច្ច​នគរបាល ខណ្ឌ​ច្បារអំពៅ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ ដើម្បី​មាន​វិធានការ លើ​ករណី​ជនបរទេស អន្តោប្រវេសន៍ ខុសច្បាប់ ១​ករណី ត្រូវបាន​រកឃើញ​កាន់កាប់​ប្រើប្រាស់ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ មិន​ប្រក្រតី ខុសច្បាប់ នៅ​ខណ្ឌ​ច្បារអំពៅ ។​

​កិច្ចប្រជុំ​នេះ ធ្វើឡើង​បន្ទាប់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ បានដាក់​បទបញ្ជា ឱ្យមាន​ការស្រាវជ្រាវ ចាត់វិធានការ ចំពោះ​មន្ត្រីនគរបាល​មូលដ្ឋាន​មួយចំនួន​តូច ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុសច្បាប់ ឃុបឃិត​រត់ការ​ធ្វើឯកសា​រ​មិន​ប្រក្រតី ជូន​ដល់​ជនបរទេស​អន្តោប្រវេសន៍ ខុសច្បាប់ បាន​កាន់ កាប់​ប្រើប្រាស់ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជា​ថ្នូរ​នឹង​ការ​ទ​ទូល​បាន​ផលប្រយោជន៍ ខុសច្បាប់ នៅ​គ្រា​ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​អនុវត្ត​យ៉ាង​តឹងរ៉ឹង​ជាទីបំផុត លើ​ការងារ​គ្រប់គ្រង​ជនបរទេស មក​រស់នៅ​ប្រទេស​កម្ពុជា ដោយ​ខុសច្បាប់​។​

​កិច្ចប្រជុំ បានធ្វើ​ឡើង នា​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២២ នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ច្បារអំពៅ ក្រោម​វត្តមាន​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត វិសិដ្ឋ ស្នងការរង​ទទួល​ផែន ការងារ​អន្តោប្រវេសន៍ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លូ រ៉ា​បូ ស្នងការរង​ទទួល​ជំនួយ​ដឹកនាំ ការិយាល័យ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​មានការ​ចូលរួម​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សរ សំណាង ស្នងការរង​ទទួល​ជំនួយ​ដឹកនាំ ការិយាល័យ​គ្រប់​ជនបរទេស លោកនាយ​កា​រិ​យា ល័យ​ជំនាញ ចំណុះ​ផែន​ការងារ​ទាំងពីរ លោក​អធិការនគរបាល ខណ្ឌ​ច្បារអំពៅ និង​មន្ត្រីនគរបាល​ជំនាញ​ពាក់ព័ន្ធ មួយចំនួនទៀត បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ​។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក​ឧ​ត្ត​មន​សេនីយ៍​ស្នងការរង លោកនាយ​ការិយាល័យ​ជំនាញ លោក​អធិការនគរបាល ខណ្ឌ​ច្បារអំពៅ និង​មន្ត្រីនគរបាល​ជំនាញ​បាន​លើកយក​បញ្ហា ខាងលើ មក​ពិភាក្សា ដើម្បី​រក​វិធានការ​ដោះស្រាយ និង​ករណី​ពាក់ព័ន្ធ​មួយចំនួនទៀត នៃ​ការប្រើប្រាស់​ឯកសារ បញ្ជាក់​ពលរដ្ឋ​ខ្មែរ មិន​ប្រក្រតី​ខុសច្បាប់ ដែល​ជនបរទេស​អន្តោ ប្រវេសន៍ ខុសច្បាប់ ទទួលបាន ហើយ​យកទៅ​ធ្វើ​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ ក្នុងនោះ ក៏​ឱ្យមាន​ការស្រាវជ្រាវ រក​ប្រភព​បញ្ហា​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ធ្វើ​របាយការណ៍ រាយការណ៍​ជូន​ដល់​ថ្នាក់លើ ក្នុងការ​ពិនិត្យ​សម្រេច ចំពោះ​ករណី​ជនបរទេស អន្តោប្រវេសន៍ ខុសច្បាប់ បាន​កាន់​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ នៅ​ខណ្ឌ​ច្បារអំពៅ​។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការរង​ទទួល​ផែនការ​ងារ ទាំងពីរ​ខាងលើ ក៏បាន​លើកឡើងថាៈ អនុវត្តតាម​ស្មារតី​អង្គប្រជុំ នៅ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ កាលពី​កន្លងទៅ​ថ្មីៗ​នេះ គឺ​លោក​អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ បាន​អនុញ្ញាតឱ្យ​ក្រុមការងារ​ផែន ការងារ​អត្តសញ្ញាណ​កម្ម និង​ក្រុមការងារ ផែនការ​ងារ​អន្តោប្រវេសន៍ សហការគ្នា ចុះ​ស្រាវជ្រាវ​ភាពមិនប្រក្រតី ទៅលើ​ជនបរទេស អន្តោប្រវេសន៍ ខុសច្បាប់ កាន់កាប់​ប្រើប្រាស់ សញ្ញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ នៅតាម​បណ្តា ខណ្ឌ​មួយចំនួន ដែល​បាន​រកឃើញថា មាន​មន្ត្រី​មូលដ្ឋាន​ខិលខូច​មួយចំនួន​តូច បាន​ឃុបឃិត លួចលាក់ ធ្វើឯកសារ​មិន​ប្រក្រតី​ខុសច្បាប់ ជូន​ដល់​ជនបរទេស ខណៈនោះ​លោក​ឧ​ត្ត​ម សេនីយ៍ ឯក ស ថេត ក៏​ធ្លាប់បាន​ព្រមាន និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​មន្ត្រីនគរបាល មូលដ្ឋាន ឬ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដែល​ហ៊ាន​ធ្វើឯកសារ​ខ្មែរ មិន​ប្រក្រតី​ខុសច្បាប់ ផ្តល់ជូន ជនបរទេស អន្តោប្រវេសន៍​ខុសច្បាប់ កាន់កាប់​ប្រើប្រាស់ ពីព្រោះ​បញ្ហា​នេះ បានធ្វើឱ្យ​ប៉ះពាល់ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ប្រទេសជាតិ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការរង ក៏បាន​លើកឡើង​ណែនាំ ដល់​មន្ត្រីនគរបាល​ជំនាញ ខណ្ឌ​ច្បារអំពៅ និង​មន្ត្រីនគរបាល​ជំនាញ​ពាក់ព័ន្ធ ត្រូវមាន​ការប្រុងប្រយ័ត្ន​បំផុត លើ​ការងារ ជំនាញ​របស់ខ្លួន កុំឱ្យ​កើតមាន​ដូច​បញ្ហា​ខាងលើ តទៅទៀត ធ្វើ​ដូច្នេះ​ដើម្បី​ចូលរួម​ពង្រឹង ការងារ​គ្រប់គ្រង​ជនបរទេស មក​រស់នៅ ធ្វើ​ការងារ​ខុសច្បាប់ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ក្នុង​ការការពារ ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម ឱ្យ​កាន់តែ​ល្អប្រសើរ​៕/V​