ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បានអនុញ្ញាត​ឱ្យ​លោកស្រី ប៉ា​ទ្រី​សា អុង​ភីង ( Patricia Ongpin) នាយិកា​ថ្មី​របស់​អង្គការសហប្រជាជាតិ​ស្តីពី​មេរោគ​អេដស៍ និង​ជំងឺអេដស៍ (UNAIDS) ប្រចាំ​កម្ពុជា ប្រទេស​ឡាវ និង​ប្រទេស​ម៉ាឡេស៊ី ចូលមក​ដើម្បី​សម្តែង​ការគួរសម និង​ផ្លាស់ប្តូរ​បទពិសោធន៍រ​បស់​អង្គការ UNAIDS ក្នុងឱកាស​ដែល​លោកស្រី ចូលមក​កាន់តំណែង​ថ្មី​នៅ​កម្ពុជា​។

​លោកស្រី បាន​ថ្លែង​នូវ​ការគាំទ្រ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា និង​កោតសរសើរ​អំពី​ការរីកចម្រើន​ដែល​ប្រទេស​កម្ពុជា​សម្រេចបាន​ក្នុងពេល​ប​ច្ចុ​ប​ន្ប​លើ​គ្រប់​វិស័យ ដោយឡែក​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ប្រទេស​កម្ពុជា​ឈានមុខ​គេ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

​លោកស្រី​បាន​សន្យាថា នឹង​ពង្រឹង​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ដើម្បី​សម្រេចបាន​គោលដៅ ៩៥-៩៥-៩៥ នៅ​ឆ្នាំ​២០២៥ ខាងមុខ​៕​