ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បើក​កិច្ចប្រជុំ ដើម្បី​ពិនិត្យ និង​សម្រេច​លើ​បណ្ដឹង​/​សំណុំរឿង​ចំនួន​ប្រាំបី ដែល​ប្តឹងតវ៉ា និង​ប្តឹង​ជំទាស់​ទៅនឹង​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការរៀបចំ​ការបោះ​ឆ្នោត​រាជធានី​ភ្នំពេញ និង​ខេត្ត​ត្បូងឃ្មុំ ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដោយ​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោក​ប្រាជ្ញា ចន្ទ ប្រធាន គ​.​ជ​.​ប កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២២​។

​គ​.​ជ​.​ប បាន​ឲ្យ​ដឹងថា ក្នុង​សំណុំរឿង​លេខ ១៥០ ១៥១ ១៥២ ១៥៣ ១៥៤ ១៥៧ និង​លេខ ១៥៨ មាន​ដើមបណ្តឹង​ជា​ប្រជាពលរដ្ឋ និង​ជា​បេក្ខជន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ប្តឹង​ជំទាស់ និង​ប្តឹងតវ៉ា​ទៅនឹង​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការរៀបចំ​ការបោះ​ឆ្នោត​រាជធានី​ភ្នំពេញ ដែល​មិនបាន​ផាកពិន័យ​ជា​ប្រាក់ និង​លុបឈ្មោះ​បេក្ខភាព​ឈរឈ្មោះ​របស់​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​កា​កាប​ទី​១ នៅ​សង្កាត់​អូឡាំពិក នៅ​សង្កាត់​វាលវង់ នៅ​សង្កាត់​ក្រាំងធ្នង់ នៅ​សង្កាត់​បាក់​ខែង នៅ​សង្កាត់​បឹង​កេងកង​ទី​៣ និង​នៅ​សង្កាត់​បឹង​កេងកង​ទី​២ ក្នុង​រាជធានី​ភ្នំពេញ ដែល​បានធ្វើ​សកម្មភាព​ឃោសនា​ដោយ​ប្រើ​សារ​នយោបាយ​វាយប្រហារ លាប​ពណ៌ លើ​គូប្រជែង ញុះញង់​ឱ្យមាន​ការរើសអើង និង​ប្រមាថ​ជា​សាធារណៈ​ចំពោះ​មេឃុំ ចៅសង្កាត់ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល កំពុង​ដឹកនាំ គ្រប់គ្រង និង​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន​នាពេល​បច្ចុប្បន្ន​។​

​ក្នុង​សំណុំរឿង​លេខ ១៥៦ ដើមបណ្ដឹង​ឈ្មោះ សុខ ស្រី​នួន ភេទ​ស្រី កើត​ថ្ងៃទី​២ ខែមីនា ឆ្នាំ​១៩៨៧ មាន​ទីលំនៅ ភូមិ​អ្នកតា​ទ្វារ ឃុំ​ព្រះ​ធាតុ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ជា​បេក្ខជន​គណបក្ស​ភ្លើងទៀន បាន​ប្តឹង​ជំទាស់​ទៅនឹង​សេចក្តីសម្រេច ចុះ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២២ របស់​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្ត​ត្បូងឃ្មុំ ដែល​សម្រេច​ផាកពិន័យ​រូប​ខ្លួន ចំនួន ៥.០០០.០០០ (​ប្រាំ​លាន​) រៀល​។

​បន្ទាប់ពី​បាន​ពិនិត្យ​សំណុំរឿង​ទាំងអស់ និង​ពិភាក្សា​លើ​អង្គហេតុ និង​អង្គច្បាប់​រួចមក អង្គប្រជុំ គ​.​ជ​.​ប បានសម្រេច​ឆ្លើយតប​ជា​លិខិត​រដ្ឋបាល​ទៅ​ដើមបណ្តឹង​វិញ​លើ​សំណុំរឿង​លេខ​១៥០ ១៥១ ១៥២ ១៥៣ ១៥៤ ១៥៧ និង​លេខ ១៥៨ ដោយ​ខ្លឹម​សារលិខិត​បានបញ្ជាក់​ថា សេចក្តីសម្រេច​របស់​គ​ណៈ​កម្ម​ការរៀប​ចំការ​បោះឆ្នោត​រាជធានី​ភ្នំពេញ ដែល​បានសម្រេច​ឱ្យ​គណបក្ស​ភ្លើងទៀន​រាជធានី​ភ្នំពេញ បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​សកម្មភាព​ឃោសនាបោះឆ្នោត ដែល​ផ្ទុយ​ពី​ច្បាប់បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​នៃ​ច្បាប់​នេះ បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត និង​ក្រមសីលធម៌​របស់​គណ​បក្សនយោបាយ​មាន​លក្ខណៈ​ធួន​ល្មម​ទៅនឹង​ទង្វើ​ប្រព្រឹត្ត​កំហុស​របស់​គណបក្ស​ភ្លើងទៀន​រាជធានី​ភ្នំពេញ​ហើយ​។​

​ដោយឡែក​ចំពោះ​សំណុំរឿង​លេខ ១៥៦ គ​.​ជ​.​ប បានសម្រេច​បដិសេធ​ពាក្យបណ្តឹង​របស់​ដើមបណ្តឹង​ឈ្មោះ សុខ ស្រី​នួន ដោយ​តម្កល់​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការរៀបចំ​ការបោះ​ឆ្នោត​ខេត្ត​ត្បូងឃ្មុំ ដែល​សម្រេច​ផាកពិន័យ​ឈ្មោះ សុខ ស្រី​នួន ចំនួន ៥.០០០.០០០ (​ប្រាំ​លាន​) រៀល ស្ថិតក្នុង​កម្រិត​អប្ប​បរិ​មា ស្របតាម​មាត្រា ១៨១ នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​ហើយ​។

​សេចក្តីសម្រេច​របស់ គ​.​ជ​.​ប ពាក់ព័ន្ធ​នឹង​ការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ ជា​សេចក្តីសម្រេច​ស្ថាពរ​បិទផ្លូវ​តវ៉ា​៕​