​ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ សមត្ថកិច្ច​នគរបាល​ជំនាញ ស្រុក​សំឡូត បាន​កំពុង​ព​ន្លឿ​ន ការស្រាវជ្រាវ ករណី​រឿង​មន្ត្រី​យោធា​ម្នាក់ បាញ់​មន្ត្រី​យោធា​ម្នាក់ទៀត ឱ្យ​របួសធ្ងន់ ដោយសារ​ទំនាស់​ពាក្យសំដី រឿង​ព្រំដី​ចម្ការ ។​

​លោក​វរសេនីយ៍ឯក ម៉ែន រី​ម អធិការនគរបាល ស្រុក​សំឡូត បានបញ្ជាក់​ប្រាប់ នៅ​ថ្ងៃទី​៩ ខែមិថុនា​នេះ​ថាៈ ករណី​ផ្ទុះអាវុធ​នេះ បានកើត​ឡើង នៅ​ល្ងាច​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២២ ត្រង់ចំណុច​ភ្នំ​ព្រ័ត្រ ក្នុងភូមិ​ចម្លង​រមាំង​លើ ឃុំ​អូរ​សំរិល ស្រុក​សំឡូត ខេត្តបាត់ដំបង​។ ពេលនេះ លោក​កំពុង​ដឹកនាំ​កម្លាំង​ជំនាញ ចុះ​ស្រាវជ្រាវ នៅ​កន្លែងកើតហេតុ តំបន់​ព្រៃ និង​ចម្ការ រួមទាំង​កន្លែង​ក្បែរ​គ្នា ព្រោះ​លក្ខណៈ​ភូមិសាស្ត្រ​ស្មុគស្មាញ ជាប់​ព្រំដែន​ស្រុក ផ្សេង​មួយទៀត​។​

​បើតាម​ប្រភពពី​ប្រជាពលរដ្ឋ នៅ​ទីតាំង​កើតហេតុ បាន​ឲ្យ​ដឹងថាៈ ជនដៃដល់​ត្រូវបាន​គេ​ស្គាល់ ថា ជា​មន្ត្រី​យោធា​មួយ​នាក់ ឈ្មោះ គឹម សុខា ហៅ​០៧ ជា​នាយរង​ការិយាល័យ​ទី​២ របស់ កងពលតូច​លេខ​៥២ ។ ចំណែក​ជនរងគ្រោះ ក៏​ជាម​ន្ត្រី​យោធា​មួយ​នាក់​ដែរ ប៉ុន្តែ​គេ​មិនទាន់ បាន​ស្គាល់ឈ្មោះ និង​ឋានៈ​របស់​ជនរងគ្រោះ​នោះ នៅឡើយ​។​

​ប្រភព បាន​បន្តថាៈ ករណី​ផ្ទុះអាវុធ មួយ​ប្រាវ​នេះ ផ្តើមឡើង​ដោយសារ​ទំនាស់​ពាក្យសម្តី ក្នុង​រឿង​ដីធ្លី​មួយកន្លែង ឋិត​ក្នុងភូមិ​ចម្លង​រមាំង​លើ ឃុំ​អូរ​សំរិល ស្រុក​សំឡូត នា​ថ្ងៃទី​៨ មិថុនា​។ នៅ​ថ្ងៃកើតហេតុ ក្រោយ​ឈ្លោះប្រកែក​គ្នា និង​ប្រតាយប្រតប់​ជាមួយគ្នា រឿង​ព្រំដី​ចម្ការ មួយ សន្ទុះ ជនដៃដល់​ឈ្មោះ គឹម សុខា ហៅ​០៧ បាន​ទាញ​កាំភ្លើងខ្លី បាញ់​តម្រង់​លើ​ជនរងគ្រោះ ដែលជា​មន្ត្រី​យោធា​ដែរ ចំនួន ២ គ្រាប់ បណ្តាល​ឲ្យ​របួស​ជើង​និង​ធ្លាយ​ពោះ តែម្ដង​៕/V​