​​ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ ស្ត្រី​ម្នាក់​បាន​ស្រែក​ទ្រ​ហ៊ោ​យំ សុំឱ្យ​អាជ្ញាធរ ជួយ​ធ្វើ​អន្តរាគមន៍ ស្វែងរក​កូនស្រី​របស់​ខ្លួន ដែល​បាន​បាត់​ខ្លួន កាលពី​វេលា​ម៉ោង ១០ ព្រឹក ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្សារ​នាគ​មាស ក្នុង​មូលដ្ឋាន​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ម្ដាយ​របស់​ក្មេងស្រី ដែល​បាន​បាត់​ខ្លួន​នោះ មានឈ្មោះ ឈួន ស្រី អាយុ ៤០ ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​កណ្ដាល ឃុំ​ក្រួស ស្រុក​ស្វាយជ្រំ ខេត្តកណ្ដាល បាន​រៀបរាប់​ឱ្យដឹង ថាៈ កូនស្រី​របស់គាត់ មានឈ្មោះ ចត ស៊ីថា អាយុ ១៨ ឆ្នាំ ។ មុនពេល​បាត់​ខ្លួន ពួកគាត់ ៣ នាក់ ឪពុក ម្ដាយ និង​កូន បានមក​អង្គុយ​លក់​ផ្លែឈើ​ធម្មតា នៅ​ផ្សារ​នាគ​មាស លុះ​មួយសន្ទុះ ក្រោយមក កូនស្រី បាន​ប្រាប់ថា ឈឺពោះ ហើយក៏​ដើរចូល​បន្ទប់ទឹក​។ ប៉ុន្តែ​ដោយ​ការចូល​យូរ ខុសពី​ធម្មតា ម្ដាយ​បាន​សួរ​ទៅ​ប្ដី​របស់គាត់​ថា កូនស្រី​ទៅ​យូរ​ម្ល៉េះ​? ហើយ​ក៏បាន​ទៅតាម ដល់​បន្ទប់ទឹក ស្រាប់តែ​មិនឃើញ​។ ភ្លាមៗ​នោះ ក៏មាន​ការផ្អើលឆោឡោ បាត់​កូនស្រី​។ ពេលនោះ ក៏មាន​អ្នកឃើញ បាន​និយាយ​ប្រាប់ថា កូនស្រី​ពាក់អាវ​ក្រៅ ពណ៌​ផ្ទៃមេឃ លា​យស ដើរទៅ​ទិស​ខាងលិច មួយសន្ទុះ​ធំ​ហើយ ។ ពេលនេះ ឪពុក​របស់​ក្មេងស្រី​នោះ បានរ​ត់រក​គ្រប់​ច្រក​នៃ​ផ្សារ តែ​មិនឃើញ​ឡើយ និង​ទូរស័ព្ទ ក៏​មិន​ចូល​ទៀត​។​

​ពីរ​នាក់​ប្ដី​ប្រពន្ធ ពិបាកចិត្ត និង​រង់ចាំ​កូន​រហូតដល់​វេលា​ម៉ោង ១២ ថ្ងៃត្រង់​នៅតែ​មិនអាច​ទំនាក់ទំនង​បាន ក៏បាន​សម្រេចចិត្ត​មក​ដាក់ពាក្យ​បណ្ដឹង​និង​សំណូមពរ​ដល់​អាជ្ញាធរ ជួយ​ធ្វើ​អន្តរាគមន៍​ស្វែងរក​កូនស្រី​ពួកគាត់​ផង​។ ជា​ចុងក្រោយ ស្ត្រី​ជា​ម្ដាយ​សំណូមពរ​ដល់ កូនស្រី ឱ្យ​វិល​ត្រឡប់មកផ្ទះ​វិញ បើ​បានឃើញ​ព័ត៌មាន​នេះ​៕/V​