​ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ កុមារី​ទើប​តែ​អាយុ​១៣​ខែ បាន​លង់ទឹក​ធុង ស្លាប់​ក្នុង​បន្ទប់ទឹក នៅពេល​ម្តាយ​របស់​កុមារី​នោះ ដេកលក់​មួយភាំង ។ ហេតុការណ៍​នេះ បង្ក​ការ​ភ្ញាក់​ផ្អើល កាលពី​វេលា​ម៉ោង ១២​និង​៣០​នាទី រសៀល ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​បន្ទប់ ជួល មួយកន្លែង ក្នុងភូមិ​ព្រៃទា​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​កុមារី​រងគ្រោះ ឈ្មោះ ពុធ សង្វា អាយុ​១៣​ខែ ម្តាយ​ឈ្មោះ ដា ប៊ែ​ក​ឃី អាយុ ២២ ឆ្នាំ ឪពុក​ឈ្មោះ ឡោ សំណាង អាយុ ១៩ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មានស្រុក​កំ​ណើត​នៅ​ភូមិ​រកាអា ឃុំ​រកាអា ស្រុក​កងមាស ខេត្តកំពង់ចាម​។​

​តាម​ប្រភពព័ត៌មាន ​បានឱ្យដឹងថាៈ នៅមុន​ពេល​កើត​ហេតុ ម្តាយ និង​កូន បាន​នៅក្នុង​បន្ទប់ ជួល តែ​ពីរ​នាក់ ហើយ​ម្តាយ បាន​បោក​ខោអាវ​ហាល ​​ហើ​យក៏បាន​ដេកលក់​មួយភាំង ដោយ​កូនស្រី​រងគ្រោះ នៅ​លេង​ទឹក ក្នុង​បន្ទប់ទឹក តែម្នាក់ឯង ។ បន្ទាប់មក កូនប្រុស​ម្នាក់ទៀត អាយុ ៣ ឆ្នាំ មកពី​កន្លែង​យាយ​លក់ដូរ​វិញ ក៏​ឃើញ​ប្អូន​ដាំ​ក្បាល ចូលក្នុង​ធុង​ទឹក បាត់ទៅ​ហើយ ទើប​ដាស់​ម្តាយ ឱ្យ​​មើ​ល​។​

​ប្រភព​ដដែល បាន​បន្តថាៈ ភ្លាមនោះ ម្តាយ​បាន​យក​កូនស្រី ទៅ​មន្ទីរពេទ្យ តែ​ជា​អកុសល កុមារី​រងគ្រោះ បាន​ស្លាប់​បាត់ទៅ​ហើយ​។ ក្រោយ​កើត​ហេតុ ទើ​ប​ម្តាយ​រាយការណ៍ ទៅ​សមត្ថកិច្ច ឱ្យ​ចុះមក​ពិនិត្យ ជាក់ស្តែង រួច​ប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕/V​