ដោយៈ​បាយ័ន​/​សៀមរាប៖ នៅពេលដែល​ការជួសជុល​ជិត​រួចរាល់​ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានធ្វើ​កិច្ច​មង្គល​ដោយ​បញ្ចុះ​វត្ថុ​មួយចំនួន​ទៅក្នុង​កន្លែង​ដើម​វិញ​នៅលើ​កំពូល​របស់​ខ្លោងទ្វារ​តា​កាវ​នៃ​ក្រុង​អង្គរធំ តាមបែប​ប្រពៃណី​នៃ​ជំនឿ​នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២២​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​ផ្សព្វផ្សាយ​នៅ​យប់​ថ្ងៃទី​៩ ខែ​មី​ថុ​នា​នេះ​​វត្ថុ​ដែល​គេ​យកទៅ​បញ្ចុះ​នៅ​កន្លែង​ដើម​វិញ​នោះ គឺ​គ្រាប់​ថ្ម​ខ្វាត​ចំនួន​បួនគ្រាប់ ជា​ប្រភេទ​ថ្ម​ត្បូង​ដ៏​មានតម្លៃ​ដែល​សម័យថ្មី​គេ​អាច​ហៅថា ជា​ប្រភេទ​ថ្ម​គ្រី​ស្តា​ល់​។​

កញ្ញា ម៉េង សុវណ្ណ​លី​លីន ស្ថាបត្យករ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្កា​របាននិយាយថា ថ្ម​ខ្វាត​ទាំង​បួនគ្រាប់​នោះ គឺ​ក្រុមការងារ​ជួសជុល​បាន​ប្រទះឃើញ​កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០២១ ក្នុងពេលដែល​ក្រុមការងារ​បាន​រុះរើ​ថ្ម​ចេញពី​កំពូល​មុខព្រហ្ម​នៃ​ខ្លោងទ្វារ ដើម្បី​រៀបចំ​សារ​ឡើងវិញ​ជាថ្មី​នោះ​។​

កញ្ញា សុវណ្ណ​លី​លីន បានឱ្យដឹង​ទៀតថា វត្ថុ​ដែល​ប្រទះឃើញ​នៅលើ​កំពូល​ខ្លោងទ្វារ​នោះ ត្រូវគេ​ជឿថា បុព្វបុរស​ខ្មែរ​ដែលជា​អ្នក​សាង​អង្គរ​បានចាត់ទុក​ជាវ​ត្ថុ​មង្គល ដែល​អាចធ្វើឱ្យ​សំណង់​ទាំងនោះ​មាន​ឬ​ទ្ធិ​អំណាច​ផង​។ ដូច្នេះ ក្រុមការងារ​ជួសជុល​ខ្លោងទ្វារ​តា​កាវ ក៏បាន​ធ្វើ​ពិធី​បញ្ចុះ​វត្ថុ​ទាំងនេះ នៅតាម​កន្លែង​ដើម​វិញ​ទៅតាម​ប្រពៃណី ដោយមាន​ព្រះសង្ឃ​នៃ​ព្រះពុទ្ធសាសនា​ជា​អធិបតី ស្វាធ្យាយ​ជយ​ន្តោ ប្រោះព្រំ​ផង ។នេះគឺក្នុង​ផ្នត់គំនិត​មួយ​ដែល​ជឿថា វត្ថុ​មង្គល​ទាំងនេះ​នឹង​នៅតែមាន​ឬ​ទ្ធី ហើយនឹង​ជួយ​ការពារ ថែរក្សា​ខ្លោងទ្វា​តា​កាវ​នោះ ឱ្យនៅតែ​គង់វង្ស​បានយូរ​អង្វែង​តទៅ​មុខ​ទៀតផង​៕​សរន