ដោយៈ​បា​យ័​ន/​សៀមរាប​៖​សមត្ថកិច្ច​ខេត្តសៀមរាប​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ទៅ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃទី​៩​ខែមិថុនា ក្នុង​សំណុំរឿង​រក្សាទុក ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

​សមត្ថកិច្ច​ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​និយាយថា កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ក្រុង​សៀមរាប និង​ស្រុក​បន្ទាយស្រី បាន​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​។​ក្នុងនោះ ករណី​ទី ១ នៅ​ថ្ងៃទី ៧ ខែ មិថុនា កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ចូលរួម​សហការ​ពី​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយស្រី និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រះ​ដាក់ ចុះបង្ក្រាប​បទ រក្សាទុក ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​វាលស្រែ​ស្ថិតនៅ​ភូមិ​អូរទទឹង ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី​ដោយ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឈុត ស៊ីន ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៥​មុខរបរ កម្មករសំណង់ មាន​ទីលំនៅ ភូមិ​អូរទទឹង​ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី (​ពីបទ​រក្សាទុក ជួញដូរ និង​ប្រើប្រាស់​) ។​ជននេះ​មាន​សារធាតុ​ញៀន​នៅក្នុង​ខ្លួន​។ វត្ថុតាង​ដកហូត​បានរួម​មាន​៖ ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​ប្រាំបី​កញ្ចប់ ស្មើនឹង​ទម្ងន់​៦,៥០​ក្រាម​(​ទម្ងន់​សុទ្ធ​) ទូរស័ព្ទដៃ​ចំនួន​មួយគ្រឿង ឧបករណ៍ប្រើប្រាស់ និង​សម្ភារ​:​វេច​ខ្ចប់​គ្រឿងញៀន​ខុសច្បាប់​មួយចំនួន​។​

​ករណី​ទី​២.​នៅ​ថ្ងៃទី​៧​ខែមិថុនា​ដដែល​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ចុះបង្ក្រាប​បទ រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​លើ​កាណូត​ស្ថិតនៅ​ភូមិ​ទី​០៦ សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឆិ​ក ប៊ុន​ហាក់ ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៦ មុខរបរ គ្មាន មាន​ទីលំនៅ ភូមិ​ពោធិ៍​បន្ទាយ​ជ័យ សង្កាត់​សៀមរាប ក្រុង​សៀមរាប​ពីបទ​រក្សាទុក និង​ប្រើប្រាស់ (​មាន​សារធាតុ​ញៀន​នៅក្នុង​ខ្លួន​) ។ វត្ថុតាង​ដកហូត​បាន​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​មួយកញ្ចប់ ស្មើនឹង​ទម្ងន់​៣,៦៦​ក្រាម​(​ទម្ងន់​សុទ្ធ​) និង​ទូរស័ព្ទដៃ​មួយគ្រឿង ៕​សរន