​ដោយ​៖ ផេង ពង្ស​រ៉ាស៊ី​/ភ្នំពេញ៖​នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២២ ផេង ពង្ស​រ៉ាស៊ី នាយក​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ចូលរួម​ជា​វាគ្មិន​នៅក្នុង​កម្មវិធី​ជួបជុំ​អាណាព្យាបាល​សិស្ស​ចំនួន​ប្រមាណ​៥០​នាក់ ក្នុង​កម្មវិធី​ប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគម​សួនច្បារ​កែប (Kep Gardens Association) ដើម្បី​ផ្តល់​ចំណេះដឹង​បន្ថែម​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​វិធីសាស្ត្រ​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​។

កម្មវិធី​នេះ រៀបចំឡើង​ដោយ​ប្រធាន​សមាគម​សួនច្បារ​កែប គឺ​លោកស្រី ចា​នី​ន ជុ​ដ (Janine Judd)​។ វត្តមាន​របស់​អាណាព្យាបាល​សិស្ស​ភាគច្រើន គឺជា​អ្នក​ដែល​កើត​ក្រោយ​របប​ខ្មែរក្រហម​។

​អ្នកស្រី ចា​នី​ន បាន​ប្រាប់​ឲ្យ​ដឹងថា មូលហេតុ​ដែល​នាំ​ឲ្យ​គាត់​អញ្ជើញ​វាគ្មិន​ដោយសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានផ្ដល់​ព័ត៌មាន​ថា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម គឺ​ផ្តើមចេញពី​ការជជែក​គ្នា​និង​មិន​ជឿថា អដ្ឋិធាតុ​ដែល​ដាក់​តម្កល់​នៅក្នុង​ចេ​តី​យ៍​មួយកន្លែង ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ពីរគីឡូម៉ែត្រ​ពី​ទីតាំង​សមាគម គឺ​មិនមែនជា​អដ្ឋិធាតុ​របស់​អ្នកស្លាប់​ក្នុង​របប​ខ្មែរក្រហម​ឡើយ​។ អ្នកស្រី ចា​នី​ន បាន​បន្ថែមថា មាតាបិតា​ក្មេងៗ​ទាំងនោះ ហាក់ដូចជា​ស្ទើរ​ស្ទា​ក់ថា របប​ខ្មែរក្រហម​គឺ​ពិតជា​បាន​កើតមានឡើង​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​១៩៧៩​។​

​នាពេល​បច្ចុប្បន្ននេះ ចេ​តី​យ៍​ដែល​ទើបនឹង​លាប​ពណ៌​ថ្មី​មួយ ស្ថិតនៅក្នុង​បរិវេណ​វត្ត​កំពង់ត្រឡាច ភូមិ​កំពង់ត្រឡាច ឃុំ​កែប ក្រុងកែប មាន​តម្កល់​អដ្ឋិធាតុ​ជា​ពីរ​ជួរ​នៅ​ខាងក្នុង​។ ជួរ​ខាងស្តាំ​ដៃ គឺមាន​តម្កល់​អដ្ឋិធាតុ​ជាល​លា​ដ៏ ក្បាល​សាកសព និង​ជួរ​ខាងឆ្វេង​ដៃ មាន​តម្កល់​អដ្ឋិធាតុ​ជា​ឆ្អឹងស្មង​ដៃ​និង​ស្មងជើង​មនុស្ស​។ តាម​របាយការណ៍​រប​ស់​គម្រោង «​ផែនទី​រណ្តៅ​សាកសព​ជំនាន់​ខ្មែរក្រហម​» របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បង្ហាញថា​ចេ​តី​យ៍​នេះ​មាន​តម្កល់​អដ្ឋិធាតុ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​ចំនួន​៧៥០​នាក់​។

សាកសព​ទាំងនោះ ត្រូវបាន​កប់​នៅក្នុង​រណ្តៅ​ធំៗ​ចំនួន​១៣​រណ្ដៅ គឺ​នៅក្នុង​បរិវេណ​វត្ត​កំពង់ត្រឡាច​ចំនួន​២​រណ្តៅ និង​នៅ​ទីតាំង​សម្លាប់​ព្រៃ​ត្រពាំង​ស្តោរ ចំនួន​១១​រណ្តៅ​។ សាក្សី​ឈ្មោះ ណាត កែវ គឺជា​អតីត​អនុប្រធាន​ឃុំ​កែប​កាល​ឆ្នាំ​១៩៩៥ បាន​ប្រាប់​ឲ្យ​ដឹងថា ឆ្អឹងលលាដ៍ក្បាល​ចំនួន​៥០០ និង​ឆ្អឹងស្មង​ដៃជើង​ជាច្រើន​ទៀត ត្រូវ​បានគាស់​ចេញពី​រណ្តៅ​ចំនួន​១១​នៅក្នុង​ព្រៃ​ត្រពាំង​ស្តោរ រួច​ជញ្ជូន​មក​ដាក់​តម្កល់​នៅក្នុង​មន្ទីរ​បូជនីយដ្ឋាន​វត្ត​កំពង់ត្រឡាច កាលពី​ឆ្នាំ​១៩៧៩ រួមជាមួយ​ឆ្អឹង​លលា​ដ៏​ក្បាល​ចំនួន​២៥០​ទៀត​ដែល​ប្រជាជន​បានគាស់​ចេញពី​រណ្តៅ​នៅក្នុង​បរិវេណ​វត្ត​កំពង់ត្រឡាច​។​

​អ្នកស្រី ចា​នី​ន ទោះបីជា​គាត់​ធ្លាប់​បានមក​ធ្វើ​ទស្សនៈកិច្ច​នៅ​មន្ទីរ​សន្តិសុខ​ស​-២១ ទីតាំង​វាលពិឃាត​បឹង​ជើងឯក និង​អាន​ឯកសារ​ជាច្រើន​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ក៏ដោយ ក៏​គាត់​មិនអាច​ធ្វើការ​បកស្រាយ​បាន ឬ​និយាយ​បញ្ចុះបញ្ចូល​ឲ្យ​អ្នកភូមិ ឬ​អាណាព្យាបាល​សិស្ស​ឲ្យ​ជឿជាក់​បាន​ថា កន្លែង​តម្កល់​អដ្ឋិធាតុ​នេះ ពិតជា​បាន​តម្កល់​អដ្ឋិធាតុ​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​ពិតប្រាកដ​បានដែរ​។ អ្នកស្រី ចា​នី​ន បានមក​ដល់​ប្រទេស​កម្ពុជា​ដំបូង​នៅ​ឆ្នាំ​២០០៦ ហើយ​ចាប់ផ្តើម​បើក​សមាគម​សួនច្បារ​កែប​នៅ​ឆ្នាំ​២០០៧ ក្នុង​គោលបំណង​ផ្តល់​ការអប់រំ​ភាសា​អង់គ្លេស និង​ជំនាញ​ផ្សេងៗ​ដល់​កុមារ​កម្ពុជា​ដែល​រស់នៅ​ភូមិ​កំពង់ត្រឡាច សង្កាត់​កែប សម្រាប់​ការអភិវឌ្ឍ​គ្រួសារ និង​ភូមិ​ឃុំ​របស់ខ្លួន​។ មកដល់ពេលនេះ មាន​កុមារ​តូចៗ​ចំនួន​ប្រមាណ​៣០០​នាក់ បានទទួល​ការបង្រៀន និង​ហ្វឹកហ្វឺន​ក្លាយទៅជា​កុមារ​គម្រូ​ដែល​អាច​ធានាបាន​ថា អ្នក​ទាំងនោះ​មាន​ជំនាញ និង​ចំណេះដឹង​ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត និង​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​។​

​សម្រាប់​រយៈពេល​មួយ​ម៉ោង​កន្លះ​នៅពេល​ព្រឹក និង​មួយ​ម៉ោង​កន្លះ​ទៀត​នៅពេល​រសៀល ផេង ពង្ស​រ៉ាស៊ី បានបង្ហាញ​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សំខាន់ៗ​ដែល​បានកើត​មាននៅ​ក្នុង​រប​ប​ខ្មែរក្រហម ព្រមទាំង​បានបង្ហាញ​នូវ​រូបថត​ជាច្រើន​សន្លឹក និង​ខ្សែ​វីដេអូ​ឯកសារ​ចំនួន​ពីរ​គឺ កុមារ​កម្ពុជា និង​តំបន់​រំដោះ​ឆ្នាំ​១៩៧៣​។

អ្នកចូលរួម​ជា​ដែល​អាណាព្យាបាល​សិស្ស បាន​សម្លឹងមើល​រូបថត​ដែល​បានបង្ហាញ​នៅលើ​ផ្ទាំងសំពត់ស និង​បាន​ស្តាប់​ការបង្ហាញ​យ៉ាង​យកចិត្តទុកដាក់ និង​បាន​សួរ​សំណួរ​មួយចំនួន​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ការទប់ស្កាត់​របប​ខ្មែរក្រហម និង​តួនាទី​របស់​ប្រជាជន​ម្នាក់ៗ​ក្នុងការ​ចូលរួម​ទប់ស្កាត់​របប​ប្រល័យពូជសាសន៍​។
​អ៊ំស្រី​មិន​ស្គាល់ឈ្មោះ​ម្នាក់​ដែល​ធ្លាប់​ឆ្លងកាត់​របប​ខ្មែរក្រហម បាន​ចូលរួម​ចែករំលែក​បទពិសោធន៍​របស់គាត់​ឆ្លងកាត់​របប​ខ្មែរក្រហម ប្រាប់​ទៅ​អ្នកចូលរួម​ឯទៀត​ថា គាត់​បាន​បាត់បង់​ឪពុកម្តាយ និង​បងប្អូន​ប្រុស​ស្រី​បង្កើត​ចំនួន​៤​នាក់​ក្នុង​របប​ខ្មែរក្រហម​។ គាត់​គឺជា​អ្នករស់នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង​។ នៅ​ឆ្នាំ​១៩៧៨ គាត់​និង​ក្រុមគ្រួសារ ត្រូវ​ខ្មែរក្រហម​ជម្លៀស​ចេញពី​ស្រុកកំណើត​ឆ្ពោះទៅកាន់​ខេត្តកំពង់ចាម និង​ឆ្ពោះ​មក​ខេត្តពោធិ៍សាត់​។ ឪពុក​គាត់ ត្រូវ​កម្មាភិបាល​ខ្មែរក្រហម​ចាប់ចង​ស្លាបសេក រួច​ដឹក​តាមរ​ទះ​គោ​យក​ចេញទៅ​បាត់ ក្នុងពេល​ធ្វើដំណើរ​ចាក​ចេញពី​ខេត្តកំពង់ចាម​។ ម្តាយ និង​បងៗ​បីនាក់​ទៀត​របស់គាត់ ក៏ត្រូវ​ខ្មែរក្រហម​ចាប់​ជា​បន្តបន្ទាប់​ដែរ ហើយ​ពួកគាត់​ក៏បាន​បាត់​ខ្លួន​រហូតមកដល់​សព្វថ្ងៃ​។ បច្ចុប្បន្ន​គាត់​រស់នៅ​ខេត្ត​កែប និង​មិនដែល​បាន​វិលត្រឡប់​ទៅកាន់​ស្រុកកំណើត​របស់ខ្លួន​ម្តងណា​ឡើយ​។ គាត់​បានស្នើ​សុំ​មើល​វីដេអូ​ឯកសារ​មួយចំនួន​ដូចជា ព្រឹត្តិការណ៍​ទម្លាក់​គ្រាប់បែក ព្រឹត្តិការណ៍​ថ្ងៃ​វិលត្រឡប់​មកកាន់​ស្រុកកំណើត​វិញ​នៅ​ឆ្នាំ​១៩៧៩ និង​ព្រឹត្តិការណ៍​រែក​ដី​ប្រណាំង​គ្នា​ក្នុង​របប​ខ្មែរក្រហម​។

​ចំណែក​អាណាព្យាបាល​សិស្ស​ម្នាក់ទៀត​ដែលមាន​អាយុ​ជាង​៣០​ឆ្នាំ បាន​និយាយ​ទាំង​ទឹកមុខ​ស្រពាប់​ស្រពោន និង​ខ្សឹកខ្សួល ពី​ការបាត់បង់​ជីដូន​ជីតា និង​សាច់ញាតិ​របស់​ម្តាយ​ក្នុង​របប​ខ្មែរក្រហម ដោយសារតែ​អ្នក​ទាំងនោះ​ជាប់​ពាក់ព័ន្ធ​នឹង​និន្នាការ​នយោបាយ​ក្នុង​របប លន់ នល់​។ គាត់​និយាយ​ដូច្នេះ​ថា «​ខ្ញុំ​សួរ​ម្តាយ​ខ្ញុំ​ថា ហេតុអ្វី​បានជា​ខ្ញុំ​មិនដែល​ឃើញ​មុខ​ឪពុកម្តាយ​និង​បងប្អូន​របស់​ម៉ែ​? ម្តាយ​ខ្ញុំ​ប្រាប់ថា គាត់​រួច​ជីវិត​ពីរ​បប​ខ្មែរក្រហម​តែម្នាក់ឯង​ទេ​។ ចំណែក​ជីដូន​ជីតា និង​អ៊ំៗ​ពូៗ​មីងៗ​របស់ខ្ញុំ ត្រូវ​ខ្មែរក្រហម​សម្លាប់​អស់ហើយ​។ ខ្ញុំ​ឆ្ងល់ ក៏​សួរ​គាត់​បន្តថា ហេតុអ្វី​ក៏​ពួកគាត់​ត្រូវគេ​សម្លាប់​យ៉ាងនេះ​? ម្តាយ​ខ្ញុំ​ប្រាប់ថា ដោយសារ​ជីតា​ខ្ញុំ​ពាក់​ស័ក្តិ​៣​ជំនាន់ លន់ នល់ ហើយ​បងប្អូន​ឯទៀត​មិន​ជាប់​ពាក់ព័ន្ធ​ទេ ប៉ុន្តែ​ពួក​ខ្មែរក្រហម​គេ​មក​ចាប់​យកទៅ​ទាំងអស់​។ ខ្ញុំ​សួរ​គាត់​ទៀតថា ហេតុអ្វី​បានជា​ម៉ែ​នៅរស់​តែឯង​? គាត់​ប្រាប់​ខ្ញុំ​ថា ពេលដែល​ខ្មែរក្រហម​មក​ចាប់​ពួកយើង​ចេញពីផ្ទះ​ទៅ ម៉ែ​មិន​នៅក្នុង​ផ្ទះ​ទេ ហើយ​អ្នកភូមិ​ក៏បាន​ឃាត់​ម៉ែ​មិន​ឲ្យ​ទៅផ្ទះ​វិញ​ដែរ​។ ម៉ែ​នៅ​ពួន​នឹង​ផ្ទះ​អ្នកភូមិ​រហូតដល់​ពួក​ខ្មែរក្រហម​ចាប់​ពុក​ម៉ែ និង​បងប្អូន​ទៅ​អស់​។​»

​អាណាព្យាបាល​សិស្ស​វ័យ​ប្រហែល​៥០​ឆ្នាំ​ម្នាក់ទៀត បាន​ងើបឈរ​ពី​កៅអី​ខាងក្រោយ​បង្អស់ រួច​សួរ​ពី​ទំនាក់ទំនង​គ្នា​រវាង​ការសិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​ការទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​ថា «​តើ​ការសិក្សា​ពី​ប្រវត្តិសាស្ត្រ​នេះ និង​ការទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍ មាន​ទំនាក់ទំនង​គ្នា​យ៉ាងដូចម្តេច​?» សំណួរ​នេះ បានធ្វើ​ឲ្យ​អ្នកចូលរួម​ជា​អាណាព្យាបាល​សិស្ស​ទាំងអស់ បាន​ស្វែងយល់​កាន់តែច្បាស់​ថា ការចងចាំ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម គឺជា​ដំណាក់កាល​ដំបូង​នៃ​យន្តការ​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍ មុន​ពេលដែល​វិធីសាស្ត្រ​នានា​ស្តីពី​ការទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​ត្រូវបាន​ដាក់ចេញ​ឲ្យ​អនុវត្តន៍ ព្រោះថា​ក្មេងៗ​ឬ​សិស្សានុសិស្ស​ទាំងឡាយ​រំ​ឮ​ក​ពី​ការចងចាំ​របស់ខ្លួន នៅពេលដែល​អំពើ​មួយ​ដែល​ប្រុង​នឹង​កើតឡើង ហើយ​ដែល​អំពើ​នោះ​អាច​នឹង​ឈានដល់​ការប្រព្រឹត្តិ​អំពើហិង្សា ឬ​អំពើ​ប្រល័យពូជសាសន៍​នាពេល​អនាគត​។ ដូច្នេះ ក្មេងៗ​ឬ​សិស្សានុសិស្ស​អាច​នឹង​ជ្រើស​រើសយក​វិធីសាស្ត្រ​ក៏មាន​សារសំខាន់​មួយចំនួន​ដើម្បី​បង្ការ​ការកើតមាន​អំពើហិង្សា​មក​អនុវត្តន៍ និង​បង្រៀន​អ្នកដទៃ​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើហិង្សា​តទៅទៀត​។

​ចុងបញ្ចប់​នៃ​ការធ្វើ​បទ​បង្ហាញ​របស់​វាគ្មិន ផេង ពង្ស​រ៉ាស៊ី បាន​សួរ​សំណួរ​ចំនួន​បី​គឺ​៖ ទី​១) តើ​អាណាព្យាបាល​របស់​សិស្ស​ទាំង​អស់ ជឿជាក់ថា​រូបថត និង​វីដេអូ​ដែល​បាន​ចាក់​បង្ហាញ គឺជា​ឯកសារ​ពិតប្រាកដ ឬ​ឯកសារ​ប្រឌិត​? ទី​២) តើ​អ្នក​ទាំងអស់គ្នា​ដែលមាន​វត្តមាន​នៅទីនេះ ជឿថា​មាន​របប​ខ្មែរក្រហម​កើតឡើង​មែន ឬ​មិនមែន​? និង​ទី​៣) តើ​អ្នក​ទាំងអស់គ្នា​ចង់​ឲ្យ​របប​ខ្មែរក្រហម​វិលត្រឡប់​មកវិញ​ដែរឬទេ​? សម្រាប់​សំណួរ​ទី​១ និង​ទី​២ អ្នកចូលរួម​ទាំងអស់​បាន​បន្លឺសម្លេង​ព្រម​គ្នា​ថា «​ជឿ​»​។ សម្រាប់​សំណួរ​ទី​៣ អ្នកចូលរួម​ទាំងអស់​បាន​ឆ្លើយថា «​មិន​ចង់​ឲ្យ (​របប​នេះ​) វិលត្រឡប់​មកវិញ​ទេ​»​៕សរន