​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោក សេង សីលា អភិបាលរង​ខេត្តស្វាយរៀង តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត នៅ​រសៀល​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង អភិបាលរងក្រុង​បាវិត ខេត្តស្វាយរៀង​។​

​តាម​ប្រកា​សលេខ​៦៦៧៧ ប្រក របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២២ តែងតាំង​លោកស្រី ជួន សុ​វណ្ណា​រី ឋានន្តរ​ស​ក្កិ នាយក្រមការ​ថ្នាក់​លេខ​៦ ឲ្យ​កាន់​មុខតំណែង ជា​អភិបាលរងក្រុង​បាវិត ខេត្តស្វាយរៀង​។

​ក្នុងឱកាស​នោះ លោក សេង សីលា បាន​មានប្រសាសន៍ថាៈ មន្ត្រី​គ្រប់រូប ត្រូវ​ចូលរួម សហការ ជួយ​ការងារ រដ្ឋបាល​ក្រុង គណៈ​អភិបាលក្រុង ឲ្យ​បានល្អ ពិសេស​មាន​ការគិតគូ​រ ពី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ និង​ចូលរួម​លើកកម្ពស់ ការផ្តល់​សេវាសាធារណៈ ទាំង​សេវា​តម្រូវការ និង​សេវា​សំណូមពរ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ និង​មាន​ប្រសិទ្ធ ភាព ហើយ​ត្រូវ​ចូលរួម​បង្កើន​ការសហការ ក្នុងចំណោម​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុងការ​ថែរក្សា ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ដែល​កើតមានឡើង ក្នុង​ដែន​សមត្ថកិច្ច​របស់ ខ្លួន តាមរយៈ​ការបន្ត​ជំរុញ​នូវ ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ​មាន​សុវត្ថិភាព​។​

​ចំណែក​ក្រុមប្រឹក្សា​ក្រុង គណៈ​អភិបាលក្រុង ក៏ត្រូវ​យកចិត្តទុកដាក់ ពង្រឹង​ការគ្រប់គ្រង​វត្តមាន និង​ការបំពេញ​ការងារ របស់​មន្ត្រីរាជការ ក្នុង​រចនាសម្ព័ន្ធ​រដ្ឋ​បាល​សាលាក្រុង ព្រមទាំង​ត្រូវ រៀបចំ និង​ដាក់​ឲ្យ​អនុវត្ត នូវ​លក្ខខណ្ឌ​ការងារ ជូន​មន្ត្រីរាជការ​របស់ខ្លួន ស្របតាម​ការណែនាំ របស់ ក្រសួងមហាផ្ទៃ ធ្វើយ៉ាងណា​ឲ្យ​មន្ត្រី​គ្រប់រូប មានការ​ងារ​ធ្វើ​គ្រប់ៗ​គ្នា​។

​អាជ្ញាធរ​រដ្ឋបាល​ក្រុង គ្រប់លំដាប់​ថ្នាក់ ត្រូវ​សហការ​ចូលរួម​ឲ្យ​បាន​សកម្ម​ជាមួយ​មន្ត្រី​ជំនាញ នៃ​ក្រសួង ស្ថាប័ន និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ក្នុងការ​អនុវត្តន៍ នូវ​វិធានការ​ទប់ស្កាត់ ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ នៅ​គ្រប់​មូលដ្ឋាន​អាជីវកម្ម​នៅក្នុង​ក្រុង និង​ត្រូវមាន អនាម័យ​ជាប់​ជាប្រចាំ បើទោះបីជា​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នាពេលនេះ បាន​ធូរស្រាល​ក៏​ពិត មែន ហើយ​ត្រូវ​ជំរុញ​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​ចាក់​វ៉ាក់សាំង​បង្ការ ឲ្យ​បាន​គ្រប់ៗ​គ្នា​។

​បញ្ហា​ចំបង​អភិបាលក្រុង ដែលជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ត្រូវ​ចុះ​ជួប​ផ្ទាល់ ជាមួយ​ប្រជាពលរដ្ឋ ឲ្យ​បាន​ញឹកញាប់ ដើម្បី​ក្តាប់​ឲ្យ​បាន​នូវ​តម្រូវការ និង​បញ្ហា​ប្រឈម​នានា របស់​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន ដើម្បី​មាន​វិធានការ​ដោះស្រាយ ឲ្យ​បាន​សមស្រប ទាន់ពេល វេលា និង​មាន​ប្រសិទ្ធភាព ស្របតាម​អភិក្រម​ទាំង ៣ របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី គឺ​ធ្វើ​ឲ្យ​បាន ធ្វើ​ឲ្យ​លឿន និង​ធ្វើ​ឲ្យ​មាន​តម្លាភាព ហើយ​រដ្ឋបាល​ក្រុង ត្រូវ​បន្ត​ជំរុញ និង​លើក កម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​អាទិភាព​នានា ជាមួយ​ស្រុក​ជាប់​ព្រំដែន នៃ​ប្រទេសជិតខាង ឲ្យ​បានល្អ​ប្រសើរ​ដោយ​ផ្អែក​តាមច្បាប់ ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល ឃុំ សង្កាត់ គឺ​ក្រុមប្រឹក្សាឃុំ សង្កាត់ មាន​អាណត្តិ ៥​ឆ្នាំ ហើយ​ត្រូវ​ផុតកំណត់ នៅពេល ក្រុមប្រឹក្សា​ថ្មី ចូលកាន់​មុខតំណែង ។ ក្នុង​អន្តរកាល​នេះ ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​ផុត អាណត្តិ មាន​ភារកិច្ច​សម្របសម្រួល តែ​ក្នុង កិច្ចការ​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ​៕/V