​ដោយៈ ចាន់តូ / ភ្នំពេញ​៖ ឃ្លាំង​ស្តុក​គ្រឿងសំណង់ មួយកន្លែង ត្រូវបាន​អគ្គិភ័យ ឆាបឆេះ អស់​ស្ទើរ​ទាំងស្រុង នៅវេលា​ម៉ោង ៥ ល្ងាច ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុចឃ្លាំង ស្តុក​គ្រឿងសំណង់ ខាងលិច​ប្រឡាយ​ទឹកស្អុយ​បន្តិច តាម​បណ្ដោយ​ផ្លូវ​លេខ ៤៤៦ មូលដ្ឋាន​សង្កាត់​ទួល​ទំ​ពុង​ទី​១ ខណ្ឌចំការមន ។​

​តាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថាៈ នៅ​មុនពេល​កើតហេតុ ឃើញ​មាន​អណ្ដាតភ្លើង និង​ផ្សែងខ្មៅ ខ្មួលខ្មាញ់ ចេញពី​ខាងក្នុង​ឃ្លាំង ឃើញ​កម្មករ រត់​ចេញពី​ខាងក្នុង ស្រែក​ឆោឡោ ឱ្យជួយ​។ ភ្លាមៗ​នោះ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ់បាន​ចុះ​ដល់ទី​តាំង​កើតហេតុ និង​ទាក់ទង ទៅ​កម្លាំង​នគរបាល​ជំនាញ ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ ជាច្រើន​គ្រឿង មក​ទីតាំង​កើតហេតុ ដើម្បី​ជួយ​អន្តរាគមន៍ បាញ់​ពន្លត់​។​

​លោក​វរ​:​សេនីយ៍​ឯក ព្រហ្ម យ៉​ន នាយការិយាល័យ នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថាៈ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ លំបាក​ក្នុង​ការជួយ​អន្តរាគមន៍ ឲ្យ​ទាន់ពេលវេលា ដោយ​ផ្លូវ​តូចចង្អៀត ហើយ​អណ្ដាតភ្លើង ឆាបឆេះ​លឿន បណ្ដាល​ឲ្យ​ដំបូល​ឃ្លាំង បាក់ស្រុត ជំនាញ​លំបាក ក្នុងការ​ចូលទៅ បាញ់​ពន្លត់​។ តែ​យ៉ាងណា ករណី​អគ្គិភ័យ​នេះ មិន​បណ្ដាល​ឲ្យ​ឆេះ​ដាល​រាល​ដល់ផ្ទះ បងប្អូន​ប្រជាពលរដ្ឋ ជិតខាង​នោះឡើយ​។​

​ក្នុង​ប្រតិបត្តិការ​នេះ សង្កេតឃើញថា មាន​រថយន្ត​ព​ន្ក​ត់​អគ្គិភ័យ ជាច្រើន​អង្គភាព មកដល់ ទីតាំង​កើតហេតុ រួមមាន រថយន្ត​ទីក្រុង​អូ​ឡាំ​ព្យា រថយន្ត​ក្រសួងមហាផ្ទៃ រថយន្ត​កង​រាជ​អាវុធ ហត្ថ​រាជធានី​ភ្នំពេញ រថយន្ត​ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ និង​ប្រើប្រាស់​ទឹក អស់​រថយន្ត​ជាច្រើន​គ្រឿង ទើប​បាញ់​ព​ន្ល​យ់​ជា​ស្ថាពរ​។​

​លោកនាយ​ការិយាល័យ នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំ​េ​ព​ញ បានបញ្ជាក់​ថាៈ ក្នុងករណី​គ្រោះ​អគ្គិភ័យ​នេះ កម្លាំង​ជំនាញ មិនទាន់​អាច សន្និដ្ឋានបានថា មាន​មនុស្ស​រងរបួស ស្លាប់ ឬ​អត់​នោះទេ និង​ទំហំ​នៃ​ការខូចខាត ក៏​មិនទាន់ អាចសន្និដ្ឋាន​បានដែរ ហើយ​មូលដ្ឋាន នៃ​ការឆាបឆេះ សន្និដ្ឋាន​ជំហាន​ដំបូង អាច​បណ្ដាល មកពី​ឆ្លង​ចរន្តអគ្គិសនី​៕/V​