ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបើកវគ្គសិក្ខាសាលាស្តីពី ឧត្តមានុវត្តន៍ នៃការអនុវត្ត​គម្រោងអភិវឌ្ឍន៍ វិស័យអប់រំ មធ្យមសិក្សាទុតិយភូមិ ក្នុងគោលបំណង ដើម្បីការអនុវត្តគម្រោងអភិវឌ្ឍន៍​វិស័យអប់រំមធ្យមសិក្សាទុតិយភូមិ (USESDP) និងបង្ហាញពីយុទ្ធសាស្រ្ត នៃការអភិវឌ្ឍ មធ្យមសិក្សាទុតិយភូមិ និងជំហានបន្ទាប់។

ក្រសួងអប់រំ បានឱ្យដឹង តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនថា: ពិធីនេះ មានការចូលរួមពីំសំណាក់ លោកបណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, សមាជិកាក្រុមការងារគម្រោង USESDP អង្គភាពគ្រប់គ្រងគម្រោង នាយកដ្ឋាន/អង្គភាពអនុវត្ត អ្នកពិគ្រោះការ គម្រោងអប់រំនានា ដៃគូអភិវឌ្ឍ ADB, WB, JICA, UNESCO, UNICEF, KOICA ជាដើម។

ក្នុងពិធីនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​សមិទ្ធផលដែលសម្រេចបាន និងគាំទ្រការរៀបចំសិក្ខាសាលា ផ្សព្វផ្សាយអំពី ឧត្តមានុវត្តន៍នេះឡើង ក្នុងគោល​ដៅចែករំលែកបទពិសោធន៍ ពីការអនុវត្តនៅកម្រិតគម្រោង និងឈានទៅការពង្រឹងសមត្ថភាពបុគ្គល និង​សមត្ថភាពប្រព័ន្ធ ស្របតាមកម្មវិធីកំណែ ទម្រង់ដំណាក់កាលទី៣ ដែលក្រសួងទើបបានដាក់ ចេញ នៅក្នុងសន្និបាតអប់រំ ឆ្នាំ២០២២ ថ្មីៗនេះ។

គួរបញ្ជាក់ថា វគ្គសិក្ខានេះ រៀបចំឡើងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្នុងគោលបំណង ដើម្បីចែករំលែកដល់អ្នកពាក់ព័ន្ធអប់រំ អង្គភាពក្នុងក្រសួង អប់រំ យុវជន និងកីឡា ដៃគូអភិវឌ្ឍ និងអ្នកទទួលផល នូវឧត្តមានុវត្តន៍ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិ (USESDP) និងបង្ហាញពីយុទ្ធ​សាស្រ្ត នៃការអភិវឌ្ឍ មធ្យមសិក្សាទុតិយភូមិ និងជំហានបន្ទាប់៕/V