ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នៅ​ថ្ងៃទី​៩ មិថុនា ម្សិលមិញ​នេះ គណៈអចិន្ត្រៃយ៍​រៀបចំ ស៊ី​ហ្គេម ឆ្នាំ​២០២ (CAMSOC) បានធ្វើ​កិច្ចប្រជុំ​ជាមួយ គណៈកម្មការ​ជំនាញរ​បស់​ខ្លួន ដោយមាន​ការចូលរួម ពី​សំណាក់​លោក ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC ដើម្បី​តាមដាន​ត្រួតពិនិត្យ លើ​វឌ្ឍនភាព​ការងារ ត្រៀម​រៀបចំ ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​ថ្លែងប្រាប់​បណ្ដាញសារព័ត៌មាន​ ​ក្រោយពី​ការប្រជុំ​ថាៈ ឆ្នាំ​២០២២ នេះ ជា​ឆ្នាំ​ដំណើរការ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​នេះ ជា​ពេលវេលា​ដ៏​សំខាន់ សម្រាប់​តាមដាន​វាយតម្លៃ លើ​គ្រប់​ផែនការ​សកម្មភាព​។​

​លោក​បាន​បន្តថាៈ លោក ថោង ខុន បាន​ពិនិត្យមើល​លើ​វឌ្ឍនភាព ការងារ​ត្រៀម​លើ​​គណៈកម្មការ​ទាំង ១៤ របស់ខ្លួន ដោយ​រួមទាំង គណៈកម្មការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា នូវ​អ្វីដែល​បានធ្វើ រួចហើយៗ ជាពិសេស​បញ្ហា​ប្រឈម​នានា ដើម្បី​បន្ត​ដោះស្រាយ ឲ្យ​បាន​ប្រសើរ​។​

​នា​ចុងឆ្នាំ​២០២២ នេះ គម្រោង​ផែនការ​គ្រប់​ទម្រង់​ទាំងអស់ ត្រូវតែ​ធ្វើ​ឲ្យ​រួចរាល់​ទាំងស្រុង គឺ​រាល់​ការរៀបចំ​ការផ្គត់ផ្គង់ និង​ការងារ​ពាក់ព័ន្ធ រួមទាំង​សេវា​ផ្សេងៗ​ទៀត ក៏ត្រូវ​តែ​ធ្វើ​ឲ្យ រួចរាល់​ដូចគ្នា​។ ហេតុនេះ ចាប់ពី​ឆ្នាំ​២០២៣ តទៅ គឺ​ត្រៀមលក្ខណៈ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​៣២ តែម្ដង​។ ជារួម​បញ្ហា​ប្រឈម​ជាងគេ គឺ​ការរង់ចាំ​លទ្ធភាព នៃ​ការផ្គត់ផ្គង់​គម្រោង ថវិកា​ប្រចាំឆ្នាំ​២០២២ ដើម្បី​ប្រគល់ជូន​គណៈកម្មការ​ជំនាញ​នីមួយៗ ។​

​លោក វ៉ាត ចំរើន បាន​បន្ដទៀតថាៈ ការចំណាយ គឺ​ផ្ដោតលើ​គោលការណ៍​ចំនួន​២ ដែល​សំខាន់​​គឺ​ការ​សន្សំសំចៃ និង​ការផ្គត់ផ្គង់​របស់​ក្រុមហ៊ុន ដែលមាន​លទ្ធភាព ហើយ​ត្រូវ​ចាប់ផ្ដើម​ដំណើរ​ការ​ក្នុង​ការរៀបចំ​ជាមុន ហើយនឹង​ទូទាត់​តាម​ក្រោយ ដែល​នេះ​ជា​វិធានការ​មួយ​ដ៏​ល្អ ដើម្បី​​ព​ន្លឿ​ន​ផែនការ ឲ្យ​ទាន់ពេលវេលា ពោលគឺ មិន​ទុកចោល ឬ​មិន​ត្រូវធ្វើ​ឲ្យ​ក្លាយ ជា​ឧបសគ្គ​នោះទេ​។​

​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ លោក​បណ្ឌិត ថោង ខុន រួមជាមួយ​អង្គប្រជុំ​ទាំង​មូល បានទទួល នូវ​ភាពកក់ក្ដៅ ដោយសារតែ​គណៈកម្មកា​រ​ជំនាញ​នីមួយៗ បានបង្ហាញ​នូវ​ផែនការ​ច្បាស់លាស់ ហើយ​ដំណើរការ​វឌ្ឍនភាព នៃ​គណៈកម្មការ​ជំនាញ​ទាំងអស់ មាន​លក្ខណៈ​វិជ្ជមាន​ល្អ ​ក្នុង​ដំណើរ​ត្រៀម​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ។ ក្ដីកង្វល់​នានា ត្រូវបាន​ដោះស្រាយ បាន​មួយចំនួនធំ ជា​បន្ដបន្ទាប់ ក្នុងនោះ​មាន​ទាំង​ក្ដីកង្វល់ នៃ​គម្រោង​ផែនការ​ហូបចុក ស្នាក់នៅ និង​ការសាងសង់ ភូមិ​កីឡា​ជាដើម​។ ហេតុនេះ ចាប់ពីពេលនេះ រហូតដល់​ដំណាច់ឆ្នាំ​២០២២ នឹង​ចាប់ផ្ដើម​អនុវត្ត​ផែនការ ទាំងអស់ ឲ្យ​បាន​រួចរាល់ ៕/V​