​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២២ ម្សិលមិញ​នេះ លោក ពៅ វណ្ណា ប្រធានការិយា​ល័យ​អប់រំ​កាយ និង​កីឡា នៃ​មន្ទីរអប់រំ​កាយ និង​កីឡា​ខេត្តកណ្តាល បាន​បើក​កិច្ចប្រជុំ​បទបញ្ជា និង​ចាប់​ពូ​ល ៣ ប្រភេទ ដើម្បី​រៀបចំ​ការប្រកួត​កីឡា​មហាជន ជ្រើសរើស​ជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២១-២០២២ រយៈពេល ៧ ថ្ងៃ ដែល​ចាប់ពី​ថ្ងៃទី​១០ នេះ ដល់​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ ២០២០ ។​

​លោក ពៅ វណ្ណា ប្រធានការិយាល័យ​អប់រំ​កាយ និង​កីឡា បាន​និយាយថាៈ ការប្រកួត​កីឡា មហាជន​ជ្រើសរើស​ជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ​២០២១-២០២២ តម្រូវ​ឲ្យ​ក្រុម​ចូលរួម ទាំងអស់ ត្រូវ​គោ​ពរ​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គការ​សុខភាព​ពិភពលោក ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់ គឺ​គ្រប់​កីឡាករ​-​កីឡាការិនី ត្រូវ​វាស់​កម្តៅ លាងដៃ​ទឹក​អាល់កុល ។​

​ការប្រកួត​កីឡា​មហាជន ជ្រើសរើស​ជើងឯក​ខេត្តកណ្តាល ក៏​ជាការ​ប្រកួត​មួយ ដើម្បី​ជ្រើសរើស កីឡាករ កីឡាការិនី នៃ​ប្រភេទ​កីឡា​ទាំង ៣ នេះ សម្រាប់​ត្រៀម​ការប្រកួត កីឡា ទូទាំងប្រទេស ឆ្នាំ​២០២២ នាពេល​ខាងមុខនេះ ។​

​ព្រឹត្តិការណ៍​នេះ រួមមាន កីឡា​ចំនួន ៣ ប្រភេទ គឺ​បាល់ទាត់ បាល់ទះ និង​បាល់បោះ ។ ការប្រកួត​នេះ បាល់ទាត់ មាន ២០ ក្រុម គឺ​បុរស​មាន ១២ ក្រុម និង​នារី​មាន ៨​ក្រុម បែងចែក​ចេញ ៦ ពូ​ល ក្នុង​មួយ​ពូ​ល មាន ៣ ក្រុម ដោយ​ប្រើ​រូបមន្ត​ប្រកួត​ជម្រុះ តាម​ពូ​ល ។ ចំណែក​បាល់ទះ មាន ១៤ ក្រុម គឺ​បុរស​មាន ៨ ក្រុម និង​នារី មាន ៦ ក្រុម នៅ​ទីលាន​វិទ្យាល័យ ហ៊ុន សែន សេរីភាព និង​បាល់បោះ មាន ៨ ក្រុម បុរស និង​នារី ប្រកួត​នៅ​ទីលាន​វិទ្យាល័យ ហ៊ុន សែន តាខ្មៅ ៕/V​