​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ពលរដ្ឋ​អង់គ្លេស​ពីរ​នាក់​និង​ម៉ារ៉ុក​ម្នាក់​ត្រូវបានកាត់ទោស​ប្រហារ​ជីវិត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​មិថុនា សម្រាប់​ការប្រយុទ្ធ​ឱ្យ​ខាង​អ៊ុយ​ក្រែន​ក្នុង​ការដាក់ទណ្ឌកម្ម​​មួយ​ដែល​ធ្វើឡើង​ដោយ​ក្រុម​ឧទ្ទាម​គាំទ្រ​ទីក្រុង​មូ​ស្គូ​។​

​ដំណើរការ​ប្រឆាំងនឹង​យុទ្ធជន ដែល​ចាប់បាន​ទាំង​បី​នាក់​នេះ ត្រូវបាន​អ៊ុយ​ក្រែ​ន​និង​លោកខាងលិច​បរិហា​រថា​ជា​រឿង​អាម៉ាស់​និង​ការបំពាន​ច្បាប់​សង្គ្រាម​។​

​ទន្ទឹមនឹងនោះ​ដែរ ខណៈ​កងកម្លាំង​របស់​វិមាន​ក្រឹម​ឡាំង​កំពុង​បន្ត​ធ្វើ​សង្គ្រាម​វាយកម្ទេច​នៅ​ភាគ​ខាងកើត ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​ហាក់​ប្រដូច​សកម្មភាព​របស់​គាត់​ទៅ​នឹង​មហា​​ព្រះ​ចៅ​អធិរាជ​ភី​ត​ធឺ ដឹ ហ្គ្រេ​ត (Peter the Great) ក្នុង​សតវត្ស​ទី ១៨ ហើយ​បាន​និយាយថា ប្រទេស​នេះ​ត្រូវតែ “​ដណ្តើម​យក​មក​វិញ​” នូវ​ទឹកដី​ប្រវត្តិសាស្ត្រ​របស់​រុស្ស៊ី​។

​តុលាការ​មួយ​នៅក្នុង​សាធារណរដ្ឋ​ប្រជាមានិត​ដូណិត​ស៍ ដែល​ប្រកាស​ដោយ​ខ្លួនឯង​ក្នុង​ប្រទេស​អ៊ុយ​ក្រែន​បាន​រកឃើញថា អ្នក​ប្រយុទ្ធ​ទាំង​បី​នាក់​មាន​ពិរុទ្ធ​ពី​បទ​ស្វែងរក​ការផ្តួលរំលំ​អំណាច​ដោយ​ហិង្សា ដែល​ជា​បទល្មើស​មួយ​អាច​ផ្តន្ទាទោស​ប្រហារជីវិត​បាន​នៅក្នុង​សាធារណរដ្ឋ​ភាគ​ខាងកើត​ដែល​គ្មាន​ការទទួលស្គាល់​ជា​អន្តរជាតិ​នេះ​។ បុរស​ទាំង​នោះ​ក៏​ត្រូវបាន​កាត់ទោស​ផងដែរ​ពី​បទ​ធ្វើ​សកម្មភាព​ស៊ីឈ្នួល​និង​អំពើ​ភេរវកម្ម​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​របស់​រុស្ស៊ី អរ​អាយ​អេ ណូវ៉ូ​ស្ទី​(RIA Novosti) បាន​រាយការណ៍​ថា ជនជាប់ចោទ​ដែល​ត្រូវបាន​កំណត់​អត្តសញ្ញាណ​ឈ្មោះថា អៃដិន អាស្លី​ន (Aiden Aslin) សួន ភី​ន​ណឺ (Shaun Pinner) និង ប្រា​ហ៊ីម សាឌួន (Brahim Saadoun) នឹង​ប្រឈមមុខ​នឹង​ក្រុម​បាញ់កាំភ្លើង​ប្រហារជីវិត​។ ពួកគេ​មាន​ពេល​មួយ​ខែ​ដើម្បី​ប្តឹងតវ៉ា​។​

​ក្រុម​ផ្តាច់ខ្លួន​ខាងលើ​បានប្រកែក​ថា អ្នក​ទាំង​បី​ជា “​ទាហាន​ស៊ីឈ្នួល​” ដូច្នេះ​មិន​មាន​សិទ្ធិ​ទទួលបាន​ការការពារ​ធម្មតា​ដូច​ឈ្លើយសឹក​នោះទេ​។ ​ពួកគេ​គឺជា​យុទ្ធជន​បរទេស​ដំបូង​គេ​ដែល​ត្រូវបាន​កាត់ទោស​ដោយ​ពួក​ឧទ្ទាម​គាំទ្រ​ដោយ​រុស្ស៊ី​នៅ​អ៊ុ​យក្រែន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ុយ​ក្រែនលោក អូ​ឡេ នី​កូឡេន​កូ (Oleh Nikolenko)​បាន​ថ្កោលទោស​ដំណើរការ​នីតិវិធី​នេះ​ថា​មិន​ត្រឹមត្រូវ​តាមច្បាប់ ដោយ​និយាយថា​”​ការបង្ហាញ​បែបនេះ​គឺ​កំពុង​​ដាក់​ផលប្រយោជន៍​នៃ​ការឃោសនា​លើ​ច្បាប់​និង​សីលធម៌​”​។ លោក​បាន​និយាយថា ពលរដ្ឋ​បរទេស​ទាំងអស់ ដែល​កំពុង​ប្រយុទ្ធ​ជា​ផ្នែក​មួយ​នៃ​កងកម្លាំង​ប្រដាប់អាវុធ​អ៊ុ​យក្រែន គួរតែ​ត្រូវបាន​ចាត់ទុកជា​បុគ្គលិក​យោធា​អ៊ុយ​ក្រែ​ន​និង​ត្រូវបាន​ការពា​រដូច​គ្នា​។​

​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស លោកស្រី លូ​ស ត្រាស់ (Luz Truss)​បានប្រកាសថា ការកាត់ទោស​នេះ​គឺជា “​ការកាត់ក្តី​គួរឱ្យ​អាម៉ាស់ ដែល​គ្មាន​ភាពស្របច្បាប់​ទាំងស្រុង​”​។ ​ចំណែក​អ្នកនាំពាក្យ​របស់​នាយក​រដ្ឋមន្ត្រី បូរី​ស ច​ន​សុន លោក ជេ​មី ដេវីស (Jamie Davies) បាន​និយាយថា នៅក្រោម​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឈ្លើយសឹក​មាន​សិទ្ធិ​ទទួលបាន​អភ័យឯកសិទ្ធិ​ក្នុង​​នាម​ជា​អ្នក​ប្រយុទ្ធ​៕

ពលរដ្ឋ​អង់គ្លេស អៃដិន អាស្លី​ន (​ឆ្វេង​) និង សួន ភី​ន​ណឺ (​ស្តាំ​) និង​ពលរដ្ឋ​ម៉ារ៉ុក ប្រា​ហ៊ីម សាឌួន អង្គុយ​ក្នុង​ទ្រុង​នៅ​តុលាការ​តំបន់​ដូណិត​ស៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩ មិថុនា ឆ្នាំ​២០២២