​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អង្គការ​ណា​សា​កំពុង​ចូលរួម​ជា​ផ្លូវការ​ក្នុងការ​ប្រមាញ់​យាន UFO​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​មិថុនា ទីភ្នាក់ងារ​អវកាស​នេះ​បាន​ប្រកាស​ពី​ការសិក្សា​ថ្មី​មួយ​ដែល​នឹង​ជ្រើសរើស​អ្នកវិទ្យាសាស្ត្រ​ឈាន​មុខ​គេ​ជាច្រើន​រូប​ដើម្បី​ពិនិត្យមើល​បាតុភូត​លើ​អាកាស​ដែល​មិន​ស្គាល់​អត្ត​​សញ្ញាណ ដែល​ជា​ប្រធានបទ​មួយ​ទាក់ទាញ​សាធារណ​ជន​ជា​យូរ​មក​ហើយ ហើយ​ថ្មីៗ​នេះ​ទទួលបាន​ការចាប់អារម្មណ៍​កម្រិត​ខ្ពស់​ពី​សភា​។​

​គម្រោង​នេះ​នឹង​ចាប់ផ្តើម​នៅ​ដើមរដូវ​ស្លឹកឈើ​ជ្រុះ​នេះ​និង​មាន​រយៈពេល​ប្រហែល​ប្រាំបួន​ខែ ដោយ​ផ្តោត​លើ​ការកំណត់​អត្តសញ្ញាណ​ទិន្នន័យ​ដែល​អាច​រក​បាន​របៀប​ប្រមូល​ទិន្នន័យ​បន្ថែម​ទៀត​នា​​ពេលអនាគត និង​របៀប​ដែល​ណា​សា​អាច​វិភាគ​ការ​រក​ឃើញ​ដើម្បី​ព្យាយាម​យល់ដឹង​ខាង​វិទ្យាសាស្ត្រ​។​

​លោក ដា​នី​ញែល អ៊ី​វ៉ាន់ (Daniel Evans) អ្នកវិទ្យាសាស្ត្រ​ណា​សា​ទទួលបន្ទុក​សម្របសម្រួល​ការសិក្សា​នេះ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​តាម​ទូរស័ព្ទ​ថា “​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ​អង្គការ​ណា​​សាបាន​ឆ្លើយតប​ការអំពាវនាវ​ឱ្យ​ដោះស្រាយ​នូវ​អាថ៌កំបាំង​ដ៏​គួរ​ឱ្យ​ងឿងឆ្ងល់​បំផុត​នេះ ដែល​យើង​បានដឹង ហើយ​នេះ​គឺ​មិន​ខុស​គ្នា​នោះ​ទេ​”​។​

​ខណៈ​ណា​សា​កំពុង​ស៊ើបអង្កេត​និង​យាន​ជាច្រើន​កំពុង​រុករក​ប្រព័ន្ធ​ព្រះអាទិត្យ​សម្រាប់ហ្វូ​ស៊ីល​នៃ​អតិសុខុមប្រាណ​បុរាណ ហើយ​តារាវិទូ​របស់ខ្លួន​កំពុង​ស្វែងរក​អ្វី​ដែល​គេ​ហៅថា “​បច្ចេកវិជ្ជា​ធម្មជាតិ​”​នៅ​​លើ​ភព​ដ៏​សែនឆ្ងាយ​សម្រាប់​សញ្ញា​នៃ​អរិយធម៌​ឆ្លាត​វៃ នេះ​គឺជា​លើកដំបូង​ហើយ​ដែល​ទីភ្នាក់ងារ​នេះ​នឹង​ស៊ើបអង្កេត​បាតុភូត​ដែល​មិន​អាច​ពន្យល់បាន​នៅលើ​មេឃ​របស់​ផែនដី​។

​ដោយមាន​ឧបករណ៍​វិទ្យាសាស្ត្រ​ដ៏​ទូលំទូលាយ ណា​សា​ត្រូវបាន​ដាក់​នៅ​ទីតាំង​ល្អ​មិន​ត្រឹម​តែ​ដើម្បី​ពន្យល់​ពី​យាន UFO និង​ធ្វើឱ្យ​ការយល់ដឹង​ផ្នែក​វិទ្យាសាស្ត្រ​កាន់តែ​ស៊ីជម្រៅ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​​ស្វែងរក​វិធី​កាត់បន្ថយ​បាតុភូត​នេះ​ទៀត​ផង ដែល​ជា​ផ្នែក​សំខាន់​នៃ​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការធានា​សុវត្ថិភាព​យន្តហោះ នេះ​យោងតាម​លោក ថូ​ម៉ាស់ ហ្សួ​បូ​ឈិន (Thomas Zurbuchen) ជា​ប្រធាន​អ្នកវិទ្យាសាស្ត្រ​របស់​ណា​សា​។​

​ការប្រកាស​នេះ​បាន​កើតឡើង​ខណៈ​ដែល​វិស័យ​សិក្សា​អំពី​យាន UFO ដែល​ធ្លាប់​ជា​ផ្នែក​ស្រាវជ្រាវ​មិន​សំខាន់ កំពុង​ទទួល​បាន​ការ​ទាក់ទាញ​កាន់តែខ្លាំង​។​

​កាលពី​ខែ​មុន សភា​បាន​ធ្វើ​សវនាការ​ជា​សាធារណៈ​អំពី​យាន UFO ខណៈ​របាយការណ៍​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាម៉េរិក​កាលពី​ឆ្នាំមុន​បាន​រកឃើញ​វត្ថុ​មិន​អាច​ពន្យល់​បាន​ចំនួន ១៤៤​។ របាយការណ៍​មិនបាន​ច្រានចោល​ប្រភព​ដើម​របស់​វា​ពី​ភព​ក្រៅ​នោះ​ទេ​៕

​វីដេអូ​របស់​ក្រសួង​ការពារជាតិ​អាម៉េរិក​បង្ហាញ​វត្ថុ​សង្ស័យ​ស្រដៀង​យាន UFO នៅ​លើ​មេឃ​អាម៉េរិក​កាលពី​ថ្ងៃទី​២៨ មេសា ឆ្នាំ​២០២០