ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ: ថ្នាក់ដឹកនាំកាកបាទ ក្រហមកម្ពុជាខេត្ត បានអញ្ជើញសំណេះសំណាល និងប្រគល់ផ្ទះ ១ខ្នង ជូនគ្រួសារស្ត្រីមេម៉ាយក្រីក្រ ស្ថិតនៅភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៩ មិថុនា ឆ្នាំ២០២២។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រី ជ័យ ណារី ព្រមទាំង  លោកស្រី លោក លោកស្រី បានចូលរួម ។

លោក សាន ឃិត នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត មានរបាយការណ៍ឲ្យដឹងថា នេះជាផ្ទះមនុស្សធម៌ទី០៨ហើយដែលសាខាបានសាងសង់ជូនគ្រួសារក្រីក្រ ចាស់ជារាគ្មានទីពឹង      ផ្ទះមនុស្សធម៌ទី០៨ សាងសង់ជូនលោកស្រី  វឿន  សារឿង អាយុ៥០ឆ្នាំ ជាស្រ្តីម៉េមាយក្រីក្រ មានបន្ទុកគ្រួសារចំនួន០៦នាក់ ស្រី០៥នាក់ រស់នៅភូមិ អូរស្ងួត ឃុំអូរប្រាសាទ  ស្រុកមង្គលបូរី  

ផ្ទះមានបណ្តោយ០៧ម៉ែត្រ ទទឹង ០៤ម៉ែត្រដំបូលស័ង្កសី ជញ្ជាំងស័ង្កសី បាតចាក់សាបសង់ផ្ទាល់ដី(ផ្ទះតៀម)ដោយឡែកនៅក្នុងផ្ទះទី០៨នេះសាខាបានសាងសង់បង្គន់អនាម័យជូនមួយខ្នងផងដែរដោយសាខាសង់ផ្នែកបាតក្រោមហើយម្ចាស់ផ្ទះចូលរួមសង់រោងបង្គន់អនាម័យ។    

ការសាងសង់ផ្ទះនេះជាមូលនិធិសាខាផ្ទាល់     ហើយក្នុងពេលជាមួយគ្នានេះដែរសាខាបាននាំមកនូវគ្រឿងឧបភោគបរិភោគមួយចំនួនជូនម្ចាស់ផ្ទះរួមមាន អង្ករ, មី០ ត្រីខ ទឹកត្រី ធុងទឹកជ័រ តង់ប្លាស្ទីក  កន្ទេលជ័ ឆ្នាំង ចាន ស្លាបព្រា០ មុង ភួយ សារុង ក្រមា , អាវយឺត ជែលលាងសម្អាតដៃ។

សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ឱកាសនោះ   ក្នុងនាមសាខាកាកបាទក្រហមកម្ពុជា លោក អ៊ុំ រាត្រី មានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ។

ទីណាមានទុកលំបាកទីនោះមាន កាកបាទក្រហមកម្ពុជាចុះជួយ ដោយមិនមានការរើសអើងនោះឡើយ គ្រប់ទីកន្លែង គ្រប់ពេលវេលា ក្នុងសកម្មភាពមនុស្សធម៌៕/PC