​ប្រែ​សម្រួលៈ​បំណង​(ST)៖ ឥណ្ឌា​បាន​ប្រគល់​ទូក​ល្បាត​ល្បឿន​លឿន​ចំនួន​១២​គ្រឿង​ដល់​វៀតណាម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៩​មិថុនា នៅ​មួយ​ថ្ងៃ​ក្រោយពី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឡូ​ជី​ស្ទិក​ទៅ​វិញ​ទៅ​​មក​មួយ ដែល​នឹង​អនុញ្ញាត​អោយ​កងកម្លាំង​នៃ​ប្រទេស​មួយ​អាច​ប្រើប្រាស់​មូលដ្ឋាន​យោធា​នៃ​ប្រទេស​មួយទៀត ដោយ​ទំនងជា​ចង់​ទប់ទល់​នឹង​អំណាច​ចិន​។​

​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា លោក​រ៉ា​ច​ណាត់ ស៊ី​ង​(Rajnath Singh)​មាន​វត្តមាន​នៅ​កន្លែង​សង់​នាវា​ហុង​ហា នៅ​វៀតណាម​ដើម្បី​ប្រគល់​ទូក​ល្បឿន​លឿន​ដល់​កងជើង​ទឹក​វៀតណាម​

​ប្រទេស​ទាំង​ពីរ​ក៏​បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​ទស្សន​វិស័យ​មួយ ស្តី​ពី​ទំនាក់ទំនង​យោធា​រហូតដល់​ឆ្នាំ​២០៣០​។​

​ការចុះ​កិច្ចព្រមព្រៀង​និង​ការប្រគល់​សម្ភារ​សឹក​នេះ កើតឡើង​ចំពេល​ឥណ្ឌា​បង្កើន​វត្ត​មាន​កងទ័ព​ជើង​ទឹក​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក និង​ពង្រីក​ទំនាក់ទំនង​យោធា​ជាមួយ​អាស៊ីអាគ្នេយ៍​។​

​ទូក​ល្បាត​ទាំងនេះ​ត្រូវបាន​សាង់សង់​ឡើង​ក្រោម​ឥណទាន​យោធា​តំលៃ​១០០​លាន​ដុល្លារ ដែល​រដ្ឋាភិបាល​ឥណ្ឌា​បាន​ផ្តល់​អោយ​វៀតណាម​នៅ​ឆ្នាំ​២០១៤​។​ទូក​ចំនួន​ប្រាំ​គ្រឿង​ផលិត​នៅ​ឥណ្ឌា ខណៈ​ប្រាំពីរ​​គ្រឿង​ទៀត​ផលិត​នៅ​កន្លែង​ផលិត​នាវា​ហុង​ហា​(Hong Ha)​នៅ​វៀតណាម​។​

​នៅ​ពិធី​ប្រគល់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា​លោក រ៉ា​ច​ណាត់ ស៊ី​ង បាន​និយាយថា​« ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា ពិធី​នេះ​នឹង​ជា​អ្នក​ជូនដំណឹង​ទុក​មុន​អំពី​គំរោង​កិច្ចសហការ​យោធា​ច្រើន​ទៀត​​រវាង​ឥណ្ឌា​និង​វៀតណាម​»​។​

​កាលពី​ថ្ងៃ​ពុធ ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឡូ​ជី​ស្ទិក​ទៅវិញទៅម​កមួយ ដែល​នឹង​អនុញ្ញាត​អោយ​ទាហាន​របស់​គេ​អាច​ប្រើ​មូលដ្ឋានទ័ព​នៃ​ប្រទេស​មួយទៀត​ក្នុង​គោល​បំណង​ជួសជុល​​និង​បន្ថែម​គ្រឿង​ផ្គត់ផ្គង់​។​

​ក្នុង​សន្និសីទកាសែត​មួយ​ក្រសួង​ការពារជាតិ​ឥណ្ឌា​បាន​ហៅ​កិច្ចព្រមព្រៀង​នេះ​ថា​ជា​«​ការបោះ​ជំហាន​ធំ​មួយ​ឆ្ពោះទៅ​កាន់​ការធ្វើអោយ​ងាយស្រួល​នីតិវិធី​គាំទ្រ​ឡូ​ជី​ស្ទិក​ដែល​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​​មក​»​។​

​លោក​ស៊ី​ង​និង​សម​ភាគី​វៀតណាម​ឧត្តមសេនីយ៍ ផាន វ៉ាន់ យ៉ាង​(Phan Van Giang)​ក៏​បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​ទស្សន​វិស័យ​រួម​មួយ​ស្តី​ពី​ភាព​ជា​ដៃគូ​យោធា​ឥណ្ឌា​-​វៀតណាម​ឆ្ពោះទៅ​​ឆ្នាំ​២០៣០(Joint Vision Statement On India-Vietnam Defence Partnership Towards 2030) ដែល​ក្រសួង​ការពារជាតិ​ឥណ្ឌា​និយាយថា​នឹង​ជំរុញ​ទំហំ​និង​វិសាលភាព​​នៃ​កិច្ចសហប្រតិបត្តិការ​យោធា​ដែល​មាន​ស្រាប់​។​

​សូមបញ្ជាក់​ថា ឥណ្ឌា​នៅ​ឆ្នាំ​២០១៦​បានប្រគល់​ឥណទាន​ដល់​វៀតណាម​ចំនួន​៥០០​លាន​ដុល្លារ​ផ្សេង​ទៀត​សំរាប់​ជួល​កម្លាំង​ជំនាញ​និង​ផលិត​សព្វាវុធ​រួមគ្នា​ជាមួយ​ឥណ្ឌា​។​

​គេ​ថា​វៀតណាម​ក៏​កំពុង​សម្លឹង​រក​ទិញ​កាំជ្រួច​បណ្តែត​លឿន​ជាង​សម្លេង​ចម្ងាយ​មធ្យម​BrahMos ផលិត​នៅ​ឥណ្ឌា​ផ​ង​ដែរ​។​ឥណ្ឌា​នៅ​ឆ្នាំ​នេះ​បាន​លក់​កាំជ្រួច​ផលិតរួម​ជា​មួយ​រុស្ស៊ី​ប្រភេទ​នេះ​ដល់​ហ្វីលីពីន ។​

​ឥណ្ឌា​និង​វៀតណាម​បាន​និង​កំពុង​ពង្រឹង​ទំនាក់ទំនង​យោធា​របស់​គេ ជំរុញ​ឡើង​ដោយ​ការព្រួយបារម្ភ​រួម​គ្នា​អំពី​ឥទ្ធិ​ព​ល​កើន​ឡើង​របស់​ប្រទេស​ចិន​ក្បែរ​ខាង​។​ឥណ្ឌា​មាន​ជម្លោះ​ព្រំដែន​គោក​ជាមួយ​ចិន​​ដែល​កាលពី​ឆ្នាំ​២០២០​នាំអោយ​មាន​ការ​ប៉ះទង្គិច​គ្នា​ដោយ​កម្លាំងបាយ​មួយ​ដោយ​សម្លាប់​ទាហាន​រាប់សិប​នាក់​នៅភាគីទាំងសងខាង​។​

​វៀតណាម​ក៏​អះអាង​ដែនទឹក​ជាន់​ជាមួយ​ចិន​នៅក្បែរ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​និង​ប្រឆាំង​ជំទាស់​នឹង​សមយុទ្ធ​យោធា​ចិន​នៅក្នុង​តំបន់​ជម្លោះ​៕

​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា លោក​រ៉ា​ច​ណាត់ ស៊ី​ង និង​សម​ភាគី​វៀតណាម ផាន វ៉ាន់ យ៉ាង នៅ​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃ​៨​មិថុនា