ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ សំណុំរឿងមេបក្សខ្មែរក្រោក ប្លន់អ្នកលក់ឡេ យ៉ាងកក្រើក ត្រូវបានក្រុមប្រឹក្សាតុលាការ លើកយកមកបន្តសវនាការ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២២ នេះ នៅចំពោះមុខក្រុមជនជាប់ចោទទាំងអស់ ។ ការជម្រះក្ដីនេះ តុលាការ នឹងបន្តបើកសវនាការ នៅថ្ងៃទី១៥ មិថុនា ខាងមុខ ជាបន្តទៀត។

សវនាការនេះ ដឹកនាំដោយលោកស្រី ចៅក្រម ឈុន ដាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ធាម ច័ន្ទពិសិដ្ឋ និងលោក កេត សុជាតិ ជាចៅក្រមប្រឹក្សា និងតំណាងអយ្យការ លោក សេង ហៀង ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ។

តុលាការ បានចោទមេបក្សខ្មែរក្រោក ដែលជាមេចោរប្លន់ អ្នកលក់ឡេតាមអនឡាញ គឺឧកញ៉ា អ៊ាន សៀវម៉ី ចំនួន៣ បទល្មើសគឺៈ ១.បទលួចមានស្ថានទម្ងន់ទោស ២.បទកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត និង៣. បទក្លែងឯកសារសាធារណៈ (តែក្នុងនោះ ក៏មានជនសង្ស័យ ខ្លះ ត្រូវបានចោទប្រកាន់ ពីបទ សមគំនិតក្នុងអំពើលួច ដោមានស្ថានទម្ងន់ទោស ) បទចោទ ប្រកាន់នេះគឺ តាមមាត្រា២៩ មាត្រា៣៥៣ មាត្រា៣៥៧ មាត្រា៤៩០ និងមាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ។

នារសៀលថ្ងៃទី៩ ខែមិថុនា តុលាការ បានសាកសួរលើជនត្រូវចោទ ឈ្មោះ សុវណ្ណ រ៉ានុត ។
ជននេះ បានសារភាពថា ថ្ងៃកើតហេតុ ខ្លួនជាអ្នកកាន់កាំភ្លើងខ្លី និងឧបករណ៍ផ្ដាច់ វ៉ាយហ្វាយ អ៊ិនធើណិត និងសេវាទូរស័ព្ទ ។បន្ទាប់មក ពួកខ្លួន បានអានដីកាឱ្យអ្នកផ្ទះស្ដាប់ ហើយគំរាម ឱ្យពួកគេចូលក្នុងផ្ទះ រួចឆក់បុរសម្នាក់ ជាប្ដី អ៊ាន សៀវម៉ី ឱ្យដួលលើឥដ្ឋ និងចាប់ចង ជនរងគ្រោះ ចំនួន៥នាក់ ហើយឈ្មោះ នេត ហៃមុនី និង អោ រ៉ាម៉ន និង វីលៀម បានគំរាមឱ្យ ជនរងគ្រោះ អ៊ាន សៀវម៉ី បើកទូដែក ប្រមូលគ្រឿងអលង្ការ នៅជាន់ខាងលើ តែខ្លួនមិនដឹងថា បានអ្វីខ្លះទេ ។

ចំណែកជនជាប់ចោទ ឈ្មោះ កេត ម៉ាច ហៅតឿ ជាប្រធាននាយកដ្ឋានហិរញវត្ថុ គណបក្សខ្មែរក្រោក បានឆ្លើយសារភាពថាៈ ខ្លួនមិនបានដឹងរឿងមេបក្ស រៀបចំផែនការប្លន់ នោះទេ តែនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នោះ ឈ្មោះ បូរម៉ី ជាអ្នកទិញរថយន្តឡិចស៊ីសពីមេ បានសុំឱ្យខ្លួនជូនទៅផ្ទះ នេត ហៃមុនី ដើម្បីយករថយន្ត លុះបើកឡានចេញ បានប្រហែល ២ គីឡូម៉ែត្រ ស្រាប់តែមានប៉ូលិស ដេញបាញ់ពីក្រោយ ពួកខ្លួនក៏ឈប់ឡាន ហើយរត់ចែកផ្លូវ គ្នាទៅ។

ដោយឡែក ឈ្មោះ អោ រ៉ាម៉ន បានសារភាពថាៈ នៅថ្ងៃកើតហេតុ ខ្លួនបានចូលរួមប្លន់ ដោយបានភ្ជង់កាំភ្លើង អ៊ាន សៀវម៉ី ឱ្យឡើងទៅជាន់ខាងលើ បើកទូដែកយកគ្រឿងអលង្ការ ទាំងអស់ ។ ចំណែកលុយ មេមិនឱ្យយកទេ ។ ពេលយកបានហើយ ពួកខ្លួនបានបើកឡាន ទៅផ្ទះ នេត ហៃមុនី នៅព្រែកកំពិស ហើយបានហៅទូរស័ព្ទ ទៅមេស្រី ឱ្យបើកឡានរ៉ង់រ៉ូវែ​ ពណ៌ខ្មៅ មកទទួលពួកគេ ទៅផ្ទះវិញ លុះដល់ថ្ងៃទី២០ ខែធ្នូ ក៏ត្រូវចាប់ខ្លួនតែម្ដង ។

សវនាការនេះ បានផ្អាកនៅវេលាម៉ោង ៥ល្ងាច ហើយនឹងបន្តនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។

សូមរំលឹកថា ក្នុងសំណុំរឿងប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី មានជនជាប់ចោទចំនួន ៨ នាក់ ក្នុងនោះ មានៈ ១. ឈ្មោះ សុខ សុវណ្ណវឌ្ឍនា សាប៊ុង ហៅ សុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង ភេទប្រុស អាយុ៤៤ ឆ្នាំ មុខរបរ ប្រធានគណបក្សខ្មែរក្រោក និងជាមេខ្លោងចោរប្លន់ ផ្ទះអ្នកលក់ឡេ តាមអនឡាញ ឧកញ៉ា អ៊ាន សៀវម៉ី មានស្រុកកំណើត នៅខេត្តព្រះត្រពាំង កម្ពុជាក្រោម និងមានអាស័យដ្ឋាន ស្នាក់នៅ បុរីប៉េង ហួត ផ្ទះលេខ៨ ផ្លូវលេខ៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ២.ឈ្មោះ អោ រ៉ាម៉ន ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ អ្នកបើករថយន្ត មានទីលំនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ៣.ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុស អាយុ ២៦ ឆ្នាំ ស្នាក់នៅបុរី ប៉េង ហួត ផ្ទះលេខ៨ ផ្លូវលេខ៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ៤.ឈ្មោះ សុវណ្ណ ស្រីសុរិយោព័ណ ភេទស្រី អាយុ ២៤ ឆ្នាំ (ត្រូវជាប្រពន្ធ វីល្លាម គ័ង) មុខរបរ លក់ដូរ ស្នាក់នៅបុរី ប៉េង ហួត ផ្ទះលេខ៨ ផ្លូវលេខ៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ៥.ឈ្មោះ ជួន សុភ័ក្រ្តា ៦.ឈ្មោះ នេត ហៃមុនី ៧.ឈ្មោះ ខុន ចាន់បូរម៉ី
និង៨.ឈ្មោះ កេត ម៉ាច ហៅតឿ ៕/V-PC