​ប្រែ​សម្រួល​៖​បំណង​(Xinhua,ST)៖​អ្នកនាំពាក្យ​ចិន​បាន​និយាយថា អាម៉េរិក​គួរ​កែ​តំរូវ​អំពើ​ខុសឆ្គង​របស់​ខ្លួន​ជាបន្ទាន់​ពាក់ព័ន្ធ​នឹង​ការលក់​អាវុធ​ទៅ​អោយ​កោះ​តៃវ៉ាន់ និង​ឈប់​ការ​លេង​ជាមួយ​ភ្លើង​​ពាក់ព័ន្ធ​នឹង​បញ្ហា​តៃវ៉ាន់​។​

​ម៉ា ស៊ា​វ​ហ្កាង​(Ma Xiaoguang) អ្នកនាំពាក្យ​សំរាប់​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​នៃ​ក្រុមប្រឹក្សា​រដ្ឋចិន បាន​និយាយ​ដូច្នេះ​ក្នុង​ការឆ្លើយតប​ទៅនឹង​ការសំរេចចិត្ត​របស់​អាម៉េរិក​ដើម្បី​លក់​គ្រឿង​បង្គំ​(​គ្រឿង​​បន្លា​ស់​)​នាវាចម្បាំង​តំលៃ​១២០​លាន​ដុល្លារ​ដល់​តៃវ៉ាន់​។​

​លោក​ម៉ា​បាន​និយាយថា ការលក់​សព្វាវុធ​ដល់​តំបន់​តៃវ៉ាន់​របស់​ចិន ជា​ការរំលោភ​ធ្ងន់ធ្ងរ​ដល់​គោលនយោបាយ​ចិន​មួយ និង​សេចក្តីថ្លែងការណ៍​រួម​ចិន​អាម៉េរិក​ចំនួន​បី ។​លោក​បាន​ព្រមាន​ថា ការ​ប៉ុន​​ប៉ង​របស់​គណបក្ស​កាន់អំណាច​នៅតៃវ៉ាន់​ដើម្បី​ប្រើប្រាស់​កម្លាំង​ប្រឆាំងនឹង​ការបង្រួបបង្រួម​ជាមួយ​មហា​ចិនដីគោក​ឡើងវិញ​វា​គ្រាន់តែជាការ​រុញ​ពួក​តៃវ៉ាន់​អោយ​ធ្លាក់​ទៅ​បាតសមុទ្រនៃ​ទុក្ខវេទនា​ប៉ុណ្ណោះ​។​

​អាម៉េរិក​បាន​អនុម័ត​ការលក់​គ្រឿងបន្លាស់​តំលៃ​១២០​លាន​ដុល្លារ​ដើម្បី​អោយ​តៃវ៉ាន់​យក​ទៅ​ជួសជុល​និង​ថែរក្សា​នាវាចម្បាំង​របស់​ខ្លួន​ដែល​ក្រសួង​យោធា​របស់​កោះ​នេះ​និយាយថា​វា​នឹង​ជួយ​ធានា​ការ​​ត្រៀម​ខ្លួន​ប្រយុទ្ធ​ទល់​នឹង​សកម្មភាព​យោធា​ចិន​នៅក្បែរៗ​កោះ​នេះ​។​

​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​យោធា​អាម៉េរិក បាន​និយាយថា​ខ្លួន​បាន​បញ្ជូន​ដំណឹង​ទៅ​សភា​ក្រោ​យ​ក្រសួងការបរទេស​អនុម័ត​សំណើ​ស្នើឡើង​ដោយ​ស្ថាន​តំណាង​តៃវ៉ាន់​នៅ​ក្រុង​វ៉ាស៊ីនតោន​។​ទំនិញ​ដែល​​លក់​រួម​មាន​គ្រឿងបន្លាស់​នាវា ប្រព័ន្ធ​នាវា ជំនួយ​បច្ចេកទេស​និង​ការគាំទ្រ​បច្ចេកទេស​បូក​រួម​ទាំង​ឡូ​ជី​ស្ទិក​។​

​សូមបញ្ជាក់​ថា នាវាចម្បាំង​តៃវ៉ាន់​ភាគច្រើន​ផលិត ឬ​រចនា​ឡើង​ដោយ​អាម៉េរិក​។​កោះ​ប្រជាធិបតេយ្យ​នេះ​បាន​ត្អូញត្អែរ​ជា​យូរ​មក​ហើយ​អំពី​បេសកកម្ម​យោធា​ចិន​នៅ​ក្បែរៗ​ឬ​ក្នុង​ដែន​អាកាស​យោធា​របស់​​ខ្លួន​ដែល​ចិន​ចាត់ទុកថា​នៅក្នុង​ដែន​អធិប​ត្យេ​ភាព​របស់​ខ្លួន​ផង​ដែរ ដោយសារ​តែ​តៃវ៉ាន់​គ្រាន់តែ​ជា​ខេត្ត​បំបែក​ខ្លួន​របស់​ចិន​តែប៉ុណ្ណោះ​៕

​សូមបញ្ជាក់​ថា នាវាចម្បាំង​តៃវ៉ាន់​ភាគច្រើន​ផលិត ឬ​រចនា​ឡើង​ដោយ​អាម៉េរិក​