​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក សេប ប្លាធឺ (Sepp Blatter) និង​លោក មី​សែ​ល ប្លាទី​នី (Michel Platini) បាន​អះអាង​ជា​ថ្មី​អំពី​ភាព​គ្មាន​ទោស​កំហុស​របស់​ពួកគេ​ខណៈ​​អតីត​មេដឹកនាំ​បាល់ទាត់​ទាំង​ពីរ​ត្រូវបាន​សាកសួរ​នៅ​ថ្ងៃ​ទី​ពីរ​នៃ​ការកាត់ក្តី​ព្រហ្មទណ្ឌ​របស់​ពួកគេ ក្រោម​ការចោទប្រកាន់​ពី​បទ​កៃ​បន្លំ​នៅ FIFA​។​

​លោក​ប្លាធឺ​គ្រោង​ផ្តល់​សក្ខីកម្ម​នៅ​ថ្ងៃ​បើកឆាក​ថ្ងៃ​ពុធ ប៉ុន្តែ​អតីត​ប្រធាន FIFA រូបនេះ​បាន​និយាយថា គាត់​ឈឺ​ដើមទ្រូង ហើយ​បាន​ស្នើសុំ​ឆ្លើយតប​នៅ​ព្រឹក​បន្ទាប់​។​

​លោក​ប្លាធឺ​អាយុ ៨៦ ឆ្នាំ​បាន​និយាយ​នៅ​ដើម​សវនាការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​មិថុនា​នៅ​ឯ​តុលាការ​ព្រហ្មទណ្ឌ​សហព័ន្ធ​នៃ​ប្រទេ​សស្វី​ស​នៅទី​ក្រុងបែលលីន​ហ្សូ​ណា (Bellinzona) ថា​”​ខ្ញុំ​មាន​អារម្មណ៍​​ប្រសើរ​ជាង​មុន សូម​អរគុណ​”​។​

​រជ្ជកាល ១៧ ឆ្នាំ​របស់​លោក​ប្លាធឺ​ជា​ប្រធាន FIFA បាន​បញ្ចប់​ក្នុង​ខែមិថុនា ឆ្នាំ ២០១៥ នៅពេល​ដែល​គាត់​បាន​លាលែង​ពី​តំណែង ចំ​ពេល​មាន​រឿងអាស្រូវ​ពុករលួយ​។ ប៉ុន្មាន​ខែ​ក្រោយ​មក​រដ្ឋអាជ្ញា​សហ​​ព័ន្ធ​ក្នុងប្រទេ​សស្វី​ស​បាន​បង្ហាញ​ពី​ការស៊ើបអង្កេត​របស់​ពួក​គេ​លើ​ការបង់ប្រាក់​ចំនួន ២ លាន​ដុល្លារ​ពី FIFA ដល់​លោកប្លា​ទីនី​កាលពី​បួន​ឆ្នាំ​មុន​នោះ​។​

​រឿងអាស្រូវ​នេះ​ក៏​បាន​បញ្ចប់​យុទ្ធនាការ​របស់​លោកប្លា​ទីនី​ដើម្បី​ស្នង​តំណែង​ពី​អតីត​អ្នក​ណែនាំ​របស់​គាត់ និង​ត្រូវបាន​ដកចេញ​ពី​តំណែង​ប្រធាន UEFA ផងដែរ​។​

​អ្នក​ទាំង​ពីរ​តែងតែ​បដិសេធ​មិន​បាន​ធ្វើ​ខុស ហើយ​ថែមទាំង​បាន​ចោទសួរ​ជា​យូរ​មក​ថា តើ​ការបង់ប្រាក់​ដែល​មាន​ជម្លោះ​នេះ​បែកធ្លាយ​ដោយ​របៀប​ណា ដោយ​អះអាង​ដោយ​គ្មាន​ភស្តុតាង​ថា ពួក​រដ្ឋ​អាជ្ញា​បាន​ជួប​ជាមួយ​អ្នក​ទម្លាយ​ព័ត៌មាន​នៅ​កៅអី​សួនច្បារ​មួយ​។​

​ការអះអាង​នេះ​ត្រូវ​បាន​ទាត់ចោល​ទាំងស្រុង​ដោយ​សាក្សី​ចុង​ក្រោយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ គឺ អតីត​រដ្ឋអាជ្ញា​សហព័ន្ធ​លោក អូ​លី​វី​យេ ថ័​រម៉ា​ន់ (Olivier Thormann) ខណៈ​រូបលោក​ផ្តល់​សក្ខីកម្ម ដែល​គេ​ទន្ទឹង​រង់ចាំ​ជា​យូរ​៕

លោក​ប្លាធឺ​ត្រូវ​បាន​ចោមរោម​ដោយ​អ្នកកាសែត​ខណៈ​គាត់​ចាកចេញ​ពី​តុលាការ​ព្រហ្មទណ្ឌ​សហព័ន្ធ​នៃ​ប្រទេ​សស្វី​ស​នៅទី​ក្រុងបែលលីន​ហ្សូ​ណា​កាលពី​ថ្ងៃ​ព្រហស្បតិ៍