ដោយៈ​ស​រិ​ទ្ធ / ភ្នំពេញ​៖ ក្រុម​ក្មេង​ទំនើង​ចំនួន ៩​នាក់ ដែល​កាប់បំផ្លាញ​ទ្រព្យសម្បត្តិ របស់​អ្នកដទៃ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​៧​មករា ត្រូវបាន​សមត្ថកិច្ច​ចម្រុះ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បង្ក្រាប និង​ឃាត់ខ្លួន​បាន​។ នេះ​បើ​យោងតាម ប្រភពព័ត៌មាន ពី​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បានឱ្យដឹង នៅ​យប់​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២២​។​

​ប្រភព​ដដែល បាន​បន្តថា ដោយ​អនុវត្តតាម​បទបញ្ជា​របស់លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ និង​ដោយមាន​ការដឹកនាំ​បញ្ជា​ផ្ទាល់ របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុង លី ស្នងការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ សហការ ជាមួយ​កម្លាំង នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌ​៧​មករា ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌដង្កោ បាន​ស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន ក្រុម​ក្មេង​ទាំងនេះ​តែម្តង​។​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នុំពេញ ចាត់ការ​បន្ត តាម​នីតិវិធី​ច្បាប់​៕/V