​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩ និង​ទី​១០ មិថុនា នេះ បាន​ដំណើរការ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​៥ ជូន​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បុគ្គលិក នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅតាម​មណ្ឌល​សុខភាព​នានា និង​នៅតាម​ខណ្ឌ មន្ទីរពេទ្យបង្អែក​យ៉ាងច្រើន​កុះករ ទៅតាម​សេចក្តីជូនដំណឹង របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​ជា​ស្តែង នៅ​ព្រឹក​ថ្ងៃទី​១០ មិថុនា​នេះ នៅ​មណ្ឌល​សុខភាព​ច្បារអំពៅ មណ្ឌល​សុខភាព​ដង្កោ និង​មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ គេ​បានឃើញ​មន្ត្រីរាជការ និង​បុគ្គលិក​នៃ​រដ្ឋបាល រាជធានី​ភ្នំពេញ បាន​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង យ៉ាងច្រើន​កុះករ​។​

​បើ​យោងតាម​សេចក្តីជូនដំណឹង របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា អនុគណៈកម្មការ ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង រាជធានី​ភ្នំពេញ បាន​ដំណើរការ ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​៥ ជូន​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បុគ្គលិក នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង ១៤ រដ្ឋបាល​សង្កាត់​ទាំង ១០៥ មន្ទីរ​-​អង្គភាព ជំនាញ ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រមទាំង​បុគ្គលិក​សុខាភិបាល​ជួរមុខ វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ ដែលមាន​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង ចាប់ពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២២ និង​ក្រុមមនុស្ស​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ដែលមាន​អាយុ​ចាប់ពី ១២ ឆ្នាំ​ឡើង ចាប់ពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខនេះ​។​

​ក្នុង​សេចក្តីជូនដំណឹង​នេះ បានបញ្ជាក់​ទៀតថាៈ ក្នុង​គោលបំណង​ធានា​ការពារ​អាយុជីវិត​រប​ស់ ប្រជាពលរដ្ឋ ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ ប្រកបដោយ​ភាព ឈ្លាសវៃ និង​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ​នូវ យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​៥ បន្ថែមទៀត ដើម្បី​បង្កើន​ភាពស៊ាំ នៅក្នុង​សហគមន៍ ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជាពិសេស ដើម្បី​បន្ត​រក្សា​នូវ​និរន្ត​ភាព នៃ​ដំណើរការ​ជា​ប្រក្រតីភាព នូវ​ការរស់នៅ រួមទាំង​សកម្មភាព​សេដ្ឋកិច្ច និង​សង្គមជាតិ ក៏ដូចជា ការពារ​អាយុជីវិត របស់​ប្រជាជន​។​

​ក្នុងន័យនេះ ដោយ​ទទួលបាន​ការប្រគល់​ភារកិច្ច ពី​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង កូ​វីដ​-១៩ ក្នុង ក្របខណ្ឌ​ទូទាំងប្រទេស (​គ​.​វ​.​ក​-១៩) និង​អនុវត្តតាម​អនុសាសន៍​ដឹកនាំ ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្ដេច​តេ​ជោ នាយក​រដ្ឋ​មន្តី អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ នឹង​ដំណើរការ ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​៥ ជូន​ដល់​លោក​-​លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បុគ្គលិក នៃ​រដ្ឋបាល រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ រដ្ឋបាល​សង្កាត់​ទាំង​១០៥ មន្ទីរ​-​អង្គភាព​ជំនាញ ជុំវិញ​រដ្ឋបាល រាជធានី​ភ្នំពេញ ព្រមទាំង​បុគ្គលិក​សុខាភិបាល​ជួរមុខ វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ ដែលមាន​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង ចាប់ពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២២ និង​ក្រុមមនុស្ស​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ដែលមាន​អាយុ​ចាប់ពី ១២ ឆ្នាំ​ឡើង ចាប់ពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២ ហើយ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដួស​ទី​៤ និង​មាន​គម្លាត​ចាប់ពី ៣​ខែ​ឡើង បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​៤ នៅ​ទីតាំង​ទាំង​៤១ ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ​៕/V​