​ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ បុរស​ម្នាក់ ខឹង​ប្រពន្ធ បាន​ដុត​ម៉ូតូ​ចោល បណ្ដាលឱ្យ​រាល​ឆាប ដល់ផ្ទះ ឆេះ​អស់​ចំនួន ៣ ខ្នង កាលពី​វេលា​ម៉ោង ១០ យប់ ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​ក្រុមទី​១៦ ស្ថិតក្នុង​ភូមិ​ប៉ោយ​យង់ ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច បានឱ្យដឹងថាៈ ករណី​អគ្គិភ័យ​នេះ បាន​បង្ក​ឱ្យ​ផ្ទះ ដែល​រង​ការប៉ះពាល់ មានៈ ទី​១ ផ្ទះ​ទំហំ ៨ ម៉ែត្រ គុណ​នឹង ៦ ម៉ែត្រ ធ្វើ​ពី​ឈើ ប្រក់​ស័ង្កសី ជញ្ជាំង​ថ្ម​លាយ​ក្តារ ខូចខាត អស់ទាំង​ស្រុង​។ ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ ឈ្មោះ ហេង ហៀ​ប ភេទ​ស្រី អាយុ ៤០ ឆ្នាំ ខូចខាត​សរុប​ជា​ថវិកា អស់​ប្រហែល មួយរយ​លាន​រៀល​។ ខ្នង​ផ្ទះ​ទី​២ មាន​ទំហំ ៤​ម៉ែត្រ គុណ​នឹង ៥ ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ ខូចខាត​អស់ទាំង​ស្រុង រួមទាំង​ឆេះ រថយន្ត ធុន​តូច​១ គ្រឿង​- ម៉ូតូ​១​គ្រឿង និង​សម្ភារ​:​ជាច្រើន​ទៀត​។ ជនរងគ្រោះ ជា​ម្ចាស់ផ្ទះ ឈ្មោះ ហេង ហុន ភេទ​ស្រី អាយុ ៤៥ ឆ្នាំ សរុប​ការខូចខាត អស់​ទឹកប្រាក់​ប្រហែល មួយរយ​ម្ភៃ​លាន​រៀល និង​ផ្ទះ​ទី​៣ ទំហំ ៨ ម៉ែត្រ គុណ​នឹង ៦ ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ជញ្ជាំង​ថ្ម​លាយ​ក្តារ ខូចខាត​ឆេះ​អស់ ២០% ។ ជនរងគ្រោះ ជា​ម្ចាស់ផ្ទះ ឈ្មោះ ហេង ហាក់ ភេទ​ស្រី អាយុ ៤៨ ឆ្នាំ ខូចខាត​សរុប​ជា​ទឹកប្រាក់ ប្រហែល បួន​លាន​រៀល ។​

​នគរបាល​មូលដ្ឋាន បាន​បន្ថែមថាៈ ផលប៉ះពាល់​រួម ក្រៅពី​ខូចខាត​អស់​ខ្នង​ផ្ទះ​និង​ទ្រព្យសម្បត្តិ ជាច្រើន មិនបាន​រងគ្រោះ ដល់​មនុស្ស​ឡើយ​។​

​ប្រភព​ដដែល បាន​អះអាង​ដែរ​ថាៈ មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមានឡើង​អគ្គិភ័យ ខាងលើ គឺ​ផ្តើមឡើង​ដោយសារ​ម្ចាស់ផ្ទះ​ទី​២ ឈ្មោះ រី​ម អ៊ី​ម ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ ត្រូវជា​ប្តី​របស់ ឈ្មោះ ហេង ហុន បាន​ស្រវឹងស្រា រួច​ឈ្លោះប្រកែក​គ្នា រហូត​ឈានដល់​ដុត​ម៉ូតូ​របស់ខ្លួន ឯង​ចោល ហើយក៏​បណ្តាលឱ្យ​ឆេះ​រាលដាល ដំបូង​ទៅដល់​ផ្ទះ​ខ្លួនឯង និង​បន្ត​ឆេះ​រាល ទៅដល់​ផ្ទះ​បងប្អូន​បង្កើត ចំនួន ២ ខ្នង​ទៀត ខូចខាត​ទាំងស្រុង និង​ស្ទើរតែ​ទាំងស្រុង​។​

​ភ្លាមៗ សមត្ថកិច្ច​មូលដ្ឋាន បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​សាលាស្រុក ១​គ្រឿង និង​រថយន្ត​ច្នៃ​ដឹក​ទឹក ចំនួន ២ គ្រឿង​ទៀត ដើម្បី​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ទើប​គ្រប់គ្រង ស្ថានការណ៍​បាន​៕/V​