​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២ នៅ​ទីបញ្ជាការ​ស៊ីម៉ាក់​ភ្នំពេញ មាន​រៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​សិក្ខាកាម​ជា​នាយទាហាន​ផ្នែក​សកម្មភាព​មីន នៃ​ក្រសួងការពារជាតិ​កូ​ឡុំ​ប៊ី ដែល​ទើបតែ​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​ស្តីពី​ការគ្រប់គ្រង​គុណភាព និង​បទដ្ឋាន​ប្រតិបត្តិការ ក្រោម​អធិបតីភាព នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​មីន គ្រាប់​មិនទាន់​ផ្ទុះ និង​ការងារ​វិស្វក​ង​យោធពល​ខេមរភូមិន្ទ​។

​លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន JICA ប្រចាំ​កម្ពុជា ដែល​បាន​គាំទ្រ​ការហ្វឹកហ្វឺន​នេះ ជាពិសេស​ក៏បាន​កោតសរសើរ​ចំពោះ​អង្គភាព​ស៊ីម៉ាក់​ដែល​បានផ្តល់​ការហ្វឹកហ្វឺន​ជំនាញ និង​ចែករំលែក​ចំណេះដឹង​បទពិសោធន៍​លើ​វិស័យ​មីន​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​កូ​ឡុំ​ប៊ី រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​កិ​តិ្ត​ស័ព្ទ​ជាតិ និង​ស្មើមុខស្មើមាត់​លើ​ឆាត​អន្តរជាតិ ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសព្វ ប្រកបដោយ​ក​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ។​

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​បន្ថែមថា ប្រទេស​ទាំង​២​ធ្លាប់​ជួប​វិបត្តិ​សង្គ្រាម​ដូចគ្នា ប៉ុន្តែ​អ្វី​ដែរ​ខុសប្លែកគ្នា​នោះ​គឺ​នៅ​កម្ពុជា​ទោះបី​ជាមាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​មានការ​រៀបចំ​ការបោះឆ្នោត​ដោយ​អ៊ុត​តាក់​ក៏ដោយ ក៏​កម្ពុជា​មិនទាន់​ទទួលបាន​សន្តិភាព​ពេញលេញ​នៅឡើយ​ទេ​រហូតដល់​ចុងឆ្នាំ​១៩៩៨ ទើប​កម្ពុជា​ទទួលបាន​នៅ​សុខសន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ ក្រោម​នយោបាយ​បង្រួបបង្រួម​ជាតិ និង​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​៕​