ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​នៅលើ​ភាគខាងត្បូង​របស់​រាជ​ធានី​ភ្នំពេញ​នា​ល្ងាច​ថ្ងៃទី​១០​ខែមិថុនា​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម តែ​ស្ថានភាព​ភ្លៀង​ជាទូទៅ​នៅក្នុង​ព្រះ រាជាណាចក្រ​កម្ពុជា​នៅ​អំឡុងពេល​ប្រហែល​៣​ថ្ងៃ​ខាងមុខ​ជាទូទៅ គឺ​ចុះខ្សោយ​។​

​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១០​ខែមិថុនា​ឆ្នាំ​២០២២​ថា ស្ថានភាព​ភ្លៀង ធ្លាក់​ក្នុង​រយៈពេល​ពីរ​បី​ខាងមុខនេះ​ចុះខ្សោយ​បន្តិច គឺ​មិនបាន​រាយប៉ាយ​ស្មើ​ទេ​ដោយសារ​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​រុញ​ចុះមក​ខ្សោយ​ងាក​ទៅរក​ភាគ​ខាងកើត​ខណៈពេល​របប​ខ្យល់មូសុង​និ​រិ​តី​រុញ​ឡើង​នៅ​ភាគ​ខាងលិច​ប្រទេស​។​

​ទោះជា​យ៉ាងណា​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​និយាយថា នៅ​រាជធានី​ភ្នំពេញ​នា​ល្ងាច​ថ្ងៃទី​១០​ខែមិថុនា អាច​នឹងមាន​ភ្លៀង​ធ្លាក់​ថែម​មកទៀត​នៅលើ​ភាគ​ខាង ត្បូង​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ជា​ភ្លៀង​ដែលមាន​កកើតឡើង​នៅក្នុង​តំបន់​បន្ទាប់ពី​ក្នុង​បរិយាកាស​មាន​សភាព​ក្តៅ​និង​ហប់​ខ្លាំង​រួចមក​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​៧ ខែមិថុនា បាន​ជូនដំណឹង​ស្តីពី​ការ​ព្យាករ​ធាតុអាកាស​សម្រាប់​ពីថ្ងៃ​ទី​៨​ដល់​ថ្ងៃទី​១៤​ខែមិថុនា​ឆ្នាំ​២០២២​ព្រះរាជាណាចក្រ​កម្ពុ​ជាទ​ទួល​រង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​អូសបន្លាយ​នៅលើ​ភាគ​ខាងជើង​ប្រទេស​ឡាវ​និង​ប្រទេស​វៀតណាម​ជាមួយ​ខ្យល់មូសុង​និរតី​បក់​ក្នុង​ល្បឿន មធ្យម​ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់​។​


នៅក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា​ស្ថានភាព​អាកាសធាតុ​បែប​ខាងលើ​នឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​មា ន ពី​២៤​ទៅ​២៦​អ​អ្សា​សេ​និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣៤​ទៅ​៣៦​អង្សា​សេ​។ រាជធានី​និង​បណ្តា​ខេត្ត​នានា​នឹង​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ ក្នុងនោះ​ក៏​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​ដោយ​អន្លើ នៅ​ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​នៅ​វាលទំនាប​ភាគ​កណ្តាល​និង​ភាគ​ពាយ័ព្យ​។​

​សម្រាប់​បណ្តា​ខេត្ត​នៅជាប់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ភាគ​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា​សេ និង សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៣​ទៅ​៣៥​អង្សា​សេ​។​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​សម្រាប់​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤​ទៅ​២៦​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៣​ទៅ​៣៥​អង្សា​សេ​។​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​៕​