ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖ ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ដែល​បាន​ផ្តល់នូវ​ភាពជឿជាក់​លើ​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស​តាមរយៈ​ការផ្តល់ជូន​នូវ​សន្លឹក​ឆ្នា​ត​គាំទ្រ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​លើសលប់​ក្នុង​ការបោះ​ឆ្នា​ត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណ​តិ្ត​ទី​៥ ដែល​បាន​ប្រព្រឹត្តទៅ​នាពេល​ថ្មីៗ​នេះ ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។

​លោក​ថ្លែងបន្តថា នេះ គឺជា​សក្ខីភាព​បញ្ជាក់​យ៉ាងច្បាស់​ថា ពលរដ្ឋ​ជា​ម្ចាស់​ស្រុក​បាន​មើលឃើញ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់លំដាប់​ថ្នាក់ ក្នុងការ​បម្រើ​ដោយ​ពុំ​គិតពី​ការនឿយហត់ ព្រមទាំង​បូជា​លះបង់​ដោយ​ប្រ​ទ្បូ​ក​ក្នុង​គ្រោះថ្នាក់ និង​ការលំបាក​គ្រប់សព្វ​បែបយ៉ាង ជាពិសេស​ក្នុងដំណាក់កាល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ និង​ស្ថិរភាព​សេដ្ឋកិច្ច​-​សង្គម ធានាបាន​នូវ​ភាព​សុ​ខុ​ដុមរ​មនា​ជូន​សង្គមជាតិ និង​ប្រជាជន​។ បន្ត​ទៅមុខទៀត គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​ប្តេជ្ញាចិត្ត​ខិតខំ​ប​ម្រី​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ដើម្បី​រួមគ្នា​ថែរក្សា កសាង អភិវឌ្ឍន​កម្ពុជា​ឱ្យ​កាន់តែ​រុងរឿង និង​ស្ថិតស្ថេរ​យូ​អង្វែង​តរៀង​ទៅ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។​

​ការថ្លែងអំណរគុណ​នេះ ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ឡ​ប្រព្រឹត្ត​កម្ម​សំណល់​វេជ្ជសាស្ត្រ​ចំនួន ប្រាំ​ខេត្ត របស់​ក្រុមហ៊ុន ប៊ុន លាង​លី គ្លូ​ប៊​ល ឯ​.​ក ស្ថិតក្នុង​ភូមិ​ចំការ​គួ​យ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២​។

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា តែង​បាន​ចាត់ ទុក​វិស័យ​ឯកជន គឺជា​ក្រុម​ប្រតិបត្តិ​ករ​ជាក់ស្ដែង​នៃ​ការអភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេសជាតិ​។ វិស័យ​ឯកជន គឺជា​ប្រភព​ដ៏​ធំធេង​មួយ​នៃ​ការវិនិយោគ ក្នុងការ​ជម្រុញ​វឌ្ឍនភាព​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​រីកចម្រើន និង​មាន​ភាព​ច្នៃប្រឌិត ប្រកបដោយ​ចីរភាព ហើយក៏​ជា​ដៃគូ​សំខាន់​មួយ ដែល​មិនអាច​ខ្វះ​បាន​នៅក្នុង​ការលើកកម្ពស់​សុ​ខ​ភាព​សាធារណៈ និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​។ មួយវិញទៀត សុខភាព គឺជា​ទ្រព្យធន​ដ៏​មានតម្លៃ​មិនអាច​ខ្វះ​បាន​នៅក្នុង​ដំណើរការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចកម្ពុជា ជាពិសេស​ការ​ទ្រទ្រង់​នូវ​ស្ថិរភាព​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​, ការកាត់បន្ថយ​ភាពក្រីក្រ និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។ ផ្តើមចេញពី​គោល​គំនិត​ទាំងនេះ រាជរដ្ឋាភិបាល​តែង​បាន​ខិតខំ​បង្កើន​ធនធាន និង​កិច្ចសហប្រតិបត្តិការ​កៀរគរ​ជំនួយ​ជាតិ និង​ដៃគូ​អភិវឌ្ឍ​អន្តរជាតិ ជាពិសេស​ការបើក​ទូលាយ​ឱ្យមាន​ការចូលរួម​ពី​វិស័យ​ឯកជន ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​មូលដ្ឋាន​នៃ​ប្រព័ន្ធ​សុខាភិបាល រួមមាន​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​, ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​, ការបំពាក់​ឧបករណ៍​បរិក្ខារ ហើយ​ជាក់ស្តែង គឺ​ការគ្រប់គ្រង​សំណល់​វេជ្ជសាស្ត្រ​នេះ​ជាដើម ដែល​ម្រើ​ឱ្យដល់​ការផ្តល់សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព​នៅ​ទូទាំងប្រទេស​។​

​ជាមួយគ្នានេះ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​ក៏បាន​ចូលរួម​អបអរសាទរ​ចំពោះ​ការសម្ពោធ​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ឡ​ប្រព្រឹត្ត​កម្ម​សំណល់​វេជ្ជសាស្ត្រ​របស់​ក្រុមហ៊ុន ប៊ុន លាង​លី គ្លូ​ប៊​ល នាឱកាស​នេះ ដើម្បី​ធ្វើការ​ការប្រមូល គ្រប់គ្រង និង​ប្រព្រឹត្ត​កម្ម​សំណល់​វេជ្ជសាស្ត្រ ដោយនៅ​ក្នុងដំណាក់កាល​ទី​១ នេះ ក្រុមហ៊ុន​បាន​សាងសង់ ដំឡើង និង​បាន​ឈានដល់​ការបើក​ដំណើរការ​ទីតាំង​ឡ​ប្រព្រឹត្ត​កម្ម​សំណល់​វេជ្ជសាស្ត្រ រហូតដល់​ប្រាំ​កន្លែង រួមមាន ខេត្តកណ្តាល កំពត ត្បូងឃ្មុំ បន្ទាយមានជ័យ និង​ខេត្តស្ទឹងត្រែង ។​ទីតាំង​ទាំង​ប្រាំ​នេះ ក៏មាន​លទ្ធភាព​ផ្តល់​សេវាកម្ម​គ្រប់​ដ​ណ្តា​ប់ប​ណ្តា​ខេត្ត​ជាច្រើន​នៅ​ជុំវិញ​ផងដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្នុង​ផែនការ​បន្ទាប់ ក្រុមហ៊ុន​ក៏មាន​គម្រោង​ពង្រីក​អាជីវកម្ម ដោយ​នឹង​សាងសង់​ទីតាំង និង​ដំឡើង​ឡ​ប្រព្រឹត្ត​កម្ម​សំណល់​វេជ្ជសាស្ត្រ​បន្ថែមទៀត​ឱ្យបាន​គ្រប់ ២៤ ខេត្ត​នៅ​ទូទាំងប្រទេស​ទៀតផង​។​

លោក​ថ្លែងថា ទាំងនេះ ពិតជា​បាន​ស្តែង​ឱ្យឃើញ​អំពី​តួនាទី​ដ៏​សំខាន់​របស់​វិស័យ​ឯកជន នៅក្នុង​ការចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​លើ​ការគ្រប់គ្រង​សំណល់​វេជ្ជសាស្ត្រ​ឱ្យ​កាន់​តែមាន​គុណភាព និង​ប្រសិទ្ធភាព ដើម្បី​ការពារ​សុខភាព​មនុស្ស សត្វ រុក្ខជាតិ និង​បរិស្ថាន​នៅ​កម្ពុជា ពីព្រោះថា​កាកសំណល់​វេជ្ជសាស្ត្រ​អាច​បង្ក​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដោយ​នាំឱ្យមាន​ការបំពុល ការចម្លង​រោគ និង​ការ​រាតត្បាត​នៃ​ជំងឺ​ទៅក្នុង​បរិស្ថាន​រស់នៅ ប្រសិនបើ​ការគ្រប់គ្រង ទុកដាក់ និង​បោះចោល​សំណល់​វេជ្ជសាស្ត្រ ត្រូវបាន​ធ្វើឡើង​មិនបាន​ត្រឹមត្រូវ សម​ស្របតាម​បទដ្ឋាន​ស្តង់ដារ​បច្ចេកទេស​៕​សរន​-PC