ដោយៈ​គង់​ហេង / ត្បូងឃ្មុំៈ ស្ត្រី​ជា​អ្នកធ្វើ​ចម្ការ​ម្នាក់ បាន​លង់ទឹក​ស្លាប់ នៅ​តំបន់ រមណីយដ្ឋាន ហោង ស្ថិតក្នុង​ភូមិ​ឆ្លូង​២ ឃុំ​កំពាន់ ស្រុក​មេមត់ បន្ទាប់ពី​ជនរងគ្រោះ ម្នាក់នេះ បាន​ចុះ​ងួ​ត​ទឹក នៅ​ចំណុច​ទ្វារ​មួយ ដោយបាន​ចុះ​ដើរ​លុយ​ទឹក ប៉ះចំ​កន្លែង ទឹក​ជ្រៅ រួមផ្សំ​មិនចេះ​ហែល បណ្តាលឱ្យ​ផុត​ជើង​ផុតដៃ លិច​បាត់ទៅ​ក្នុង​ទឹក កាលពី​រសៀល ថ្ងៃទី​៩ មិថុនា ម្សិលមិញ នេះ​។​

​សមត្ថកិច្ច​មូលដ្ឋាន បានឱ្យដឹងថាៈ ស្ត្រី​លង់ទឹក អាយុ ៤៦ ឆ្នាំ ឈ្មោះ អេង ស៊ី​ណាត ហៅ​ម្អម ។ ក្រោយពី​ក្រុមគ្រួសារ បាន​រាវ​រកឃើញ ស្រង់​មក​ដាក់​លើគោក គឺ​គាត់​នៅមាន​ដង្ហើម ក៏បាន​សង្គ្រោះ ទៅកាន់​មន្ទីរពេទ្យ ។ តែ​នៅពេល​បាន​ពាក់ កណ្តាលផ្លូវ ស្ត្រី​នោះ ក៏បាន​ផុតដង្ហើម ស្លាប់ ហើយ​ក្រុមគ្រួសារ ក៏បាន​បញ្ជូនទៅ កាន់​លំនៅឋាន​របស់គាត់ នៅ​ភូមិ​ស្រែ​វែង ឃុំ​ទឹក​ជ្រៅ ស្រុក​តំបែរ​។​

​ប្រភពព័ត៌មាន​នោះ បាន​បន្តថាៈ បន្ទាប់មក មន្ត្រី​បច្ចេកទេស ខាង​កោសល្យវិច័យ បាន​ពិនិត្យ កន្លែងកើតហេតុ​លង់ទឹក និង​បាន​ពិនិត្យ​សាកសព​ជនរងគ្រោះ បាន​សន្និដ្ឋានថា ស្ដ្រី​នោះ ពិតជា​បាន​ស្លាប់ ដោយសារ​លង់ទឹក ពិតប្រាកដ​មែន គឺ​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម អ្វី​នោះទេ​៕/V​-PC