ដោយៈ ប.ជ័យ / ឧត្តរមានជ័យៈ ប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានស្នើឲ្យអាជ្ញាធរ ក្រុង ខេត្ត និងមន្ត្រីជំនាញ នៃមន្ទីរសាធារណការខេត្ត ជួយជួសជុលកែលម្អ ផ្លូវលំក្រាលកៅស៊ូ ដែលរងការខូចខាត ជាច្រើនកន្លែង និងជាច្រើនខ្សែ ដើម្បីងាយស្រួល ក្នុងការធ្វើដំណើរ ដឹកជញ្ជូន និងរស់នៅ ។
ពលរដ្ឋរស់នៅភូមិដូនកែន បានឲ្យដឹង កាលពីថ្ងៃទី៩ ខែមិថុនាថាៈ អស់ពេលជាច្រើនឆ្នាំ មកហើយ ទាំងពលរដ្ឋ រស់នៅភូមិដូនកែន និងភូមិផ្សេងៗទៀត តែងតែស្នើសុំយ៉ាងទទូច ទៅអាជ្ញាធរ និងមន្ទីរជំនាញ ដើម្បីជួយជួសជុលផ្លូវ ដែលខូចខាត ប៉ុន្តែពុំទទួលបានចម្លើយ។
ការស្នើនេះ បានធ្វើឡើង នៅអំឡុងនៃ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីពេលថ្មីៗ កន្លងទៅនេះ ហើយក៏បានការសន្យាផងដែរ។ ហេតុនេះ ពេលនេះ ពួកខ្លួនសូមឱ្យជួយអន្តរាគមន៍ជួសជុល។
មន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តឧត្តរមានជ័យ បានឲ្យដឹងថាៈ ការជួសជុលកំណាត់ផ្លូវលំ ក្រាលកៅស៊ូ ដែលប្រើថវិកា គុណប្រយោជន៍ ក្នុងមូលដ្ឋាន ដែលរងការខូចខាត កម្រិតសំបុកមាន់ និងជង្ហុក ក្នុងក្រុងសំរោងនេះ ជាបន្ទុកភារកិច្ចជួសជុល របស់អាជ្ញាធរខេត្ត ក្រុង រីឯខាងមន្ទីរ គឺធ្វើការជួសជុល តែលើផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗ នោះទេ។
ករណីនេះ លោក ឌី រ៉ាដូ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរបស់សាលាខេត្តឧត្តរមានជ័យ បានឱ្យដឹង កាលពីថ្ងៃទី៩ ខែមិថុនាថាៈ ចាំរដ្ឋបាលខេត្ត ពិនិត្យមើលសិន ចំពោះបញ្ហានេះ៕/V