​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ម្តាយ​ឃោរឃៅ​ម្នាក់​នៅក្នុង​ប្រទេស​ឥណ្ឌា​បាន​ចង​កូនស្រី​អាយុ​៥​ឆ្នាំ​របស់​ខ្លួន ហើយ​ទុក​នាង​នៅលើ​ដំបូល​ផ្ទះ​ឱ្យ​ខ្លោច​ក្រោម​កម្តៅថ្ងៃ​ស្ទើរ​ឆេះ​នៅក្នុង​ទីក្រុង​ដេល្លី សម្រាប់​ជា​ការដាក់ទណ្ឌកម្ម​ចំពោះ​ការ​មិន​ធ្វើ​លំ​ហាត់​កិច្ចការ​ផ្ទះ​របស់​នាង​។​

​វីដេអូ​ដ៏​គួរ​ឱ្យ​រំខាន​អារម្មណ៍​មួយ​នេះ​បាន​បង្ហាញ​ក្មេង​ស្រី​រូប​នេះ​ធាក់​ចុះឡើង​និង​ស្រែកយំ ខណៈ​នាង​ព្យាយាម​រំដោះខ្លួន ក្នុងពេល​ដែល​ព្រះអាទិត្យ​ដ៏​ក្តៅគគុក ៤៣ អង្សា​សេ​នៃ​រដ្ឋធានី​ដេល្លី​របស់​ឥណ្ឌា បាន​វាយប្រហារ​មកលើ​នាង​។​

​អ្នកជិតខាង​ម្នាក់​បាន​ថត​វីដេអូ​នៅ​ភាគ​ឦសាន​នៃ​ទីក្រុង​ដេល្លី​ក្នុង​សង្កាត់​ខា​ជើ​រី​ខាស់ (Khajury Khas)​កាលពី​ថ្ងៃទី ២ ខែមិថុនា វេលា​ម៉ោង​ប្រហែល ២ រសៀល​។​ហើយ​បន្ទាប់​ពី​វីដេអូ​ឃ្លីប​នោះ​​បាន​ល្បី​នៅលើ​បណ្តាញ​សង្គម ប៉ូលិស​ក្រុង​ដេលី​បាន​បើក​ការស៊ើបអង្កេត​ដើម្បី​កំណត់​អត្តសញ្ញាណ​កុមារ​ដែល​ពាក់ព័ន្ធ​នេះ​។​

​ក្នុង​សប្តាហ៍​នេះ ពួកគេ​បាន​បញ្ជាក់ថា ពួកគេ​បាន “​ចាប់ផ្តើម​សកម្មភាព​សមស្រប​” ប្រឆាំង​នឹង​ម្តាយ​ដែល​ត្រូវបាន​កំណត់​អត្តសញ្ញាណ​មានឈ្មោះ​ត្រកូល​ថា សាប​ណា (Sapna) ។​

​តាម​ដឹង​ម្តាយ​រូប​នេះ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ពី​បទ​ប្រព្រឹត្ត​ឃោរឃៅ​លើ​កុមារ​ក្រោម​មាត្រា ៧៥ នៃ​ច្បាប់​យុត្តិធម៌​អនីតិជន​។ ការស៊ើបអង្កេត​កំពុង​បន្ត​៕

ទិដ្ឋភាព​ក្មេងស្រី​អាយុ​៥​ឆ្នាំ​កំពុង​ប្រកាច់​ដោយសារ​ទ្រាំ​នឹង​កម្តៅ​៤៣​អង្សា​សេ​នៅលើ​ដំបូល​ផ្ទះ​ក្នុង​ក្រុង​ដេល្លី