​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​ស៊ី ជីន​ភីង​បាន​និយាយថា ចិន​ត្រូវ​តែ​ប្រកាន់ខ្ជាប់ “​ឥត​ងាករេ​” ចំពោះ​យុទ្ធសាស្ត្រ​កូវី​ដ​សូន្យ​របស់ខ្លួន ខណៈ​ជាង​ពាក់កណ្តាល​នៃ​អ្នកស្រុក ២៥ លាន​នាក់​នៃ​ទីក្រុង​សៀង​ហៃ​ដែល​នឿយហត់​នឹង​ការបិទ​ខ្ទប់ ត្រៀម​ខ្លួន​នៅ​ថ្ងៃ​សុក្រ​នេះ​សម្រាប់​ការ​ធ្វើតេស្តិ៍​នៅ​ចុង​សប្តាហ៍​។​

​ចិន​គឺ​ជា​សេដ្ឋកិច្ច​ដ៏​សំខាន់​ចុងក្រោយ​ដែល​នៅតែ​បន្ត​គោលនយោបាយ​លុបបំបាត់​ការ​ផ្ទុះឡើង​នៃ​មេរោគ​ទាំងស្រុង អនុវត្ត​ការបិទ​ខ្ទប់​តឹងរ៉ឹង ការ​ធ្វើតេស្តិ៍​ទ្រង់ទ្រាយ​ធំ និង​ការធ្វើ​ចត្តា​ឡី​ស័​កជាចាំបាច់​។​​ប៉ុន្តែ​យុទ្ធសាស្ត្រ​នេះ​បាន​ស្ថិតនៅ​ក្រោម​ការពិនិត្យ​ពិច័យ​យ៉ាងខ្លាំង​បន្ទាប់ពី​មេរោគ​អូ​មី​ក្រុង​ដែល​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​បាន​បង្កឱ្យមាន​ការ​រឹតបន្តឹង​យ៉ាង​ទូលំទូលាយ​នៅក្នុង​ទីក្រុង​ធំៗ​ដូចជា​ទី​​ក្រុង​សៀង​ហៃ​និង​ប៉េកាំង ដែល​រារាំង​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​របស់​ពិភពលោក​។​

​មេដឹកនាំ​ចិន​បាន​ព្យាយាម​រក្សា​តុល្យភាព​រវាង​ការ​កម្ចាត់​មេរោគ​និង​ការកាត់បន្ថយ​ការខូចខាត​នៃ​ការបិទ​ខ្ទប់ ដោយ​លោក​ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​អំពាវនាវ​ឱ្យ​”​សម្របសម្រួល​ការការពា​រ​និង​គ្រប់​​គ្រង​កូវី​ដ​១៩ ប្រកបដោយ​ប្រសិទ្ធភាព​ជាមួយ​នឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​” ។​

​ប៉ុន្តែ​លោក​បាន​និយាយថា “​វិធីសាស្ត្រ​កូវី​ដ​សូន្យ​ប្រកប​ដោយ​ថាមវន្ត​របស់​ចិន​ត្រូវ​តែ​ប្រកាន់ខ្ជាប់​ដោយ​ឥត​ងាករេ​” នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ស៊ីនហួ​។​

​ក្រុម​អ្នកជំនាញ​ព្យាករណ៍​ថា ចិន​នឹង​ពិបាក​សម្រេចបាន​នូវ​គោលដៅ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ក្នុង​រង្វង់ ៥,៥ ភាគរយ​នៅ​ឆ្នាំនេះ ខណៈ​ការបិទ​ខ្ទប់​បង្ខំ​ឱ្យ​បិទ​អាជីវកម្ម​និង​រំខាន​ដល់​ខ្សែសង្វាក់​ផ្គត់ផ្គង់​។​

​ធនាគារ​ពិភពលោក​បាន​កាត់បន្ថយ​ការព្យាករណ៍​កំណើនសេដ្ឋកិច្ច​ឆ្នាំ ២០២២ របស់​ខ្លួន​សម្រាប់​ប្រទេស​ចិន​មក​នៅត្រឹម ៤,៣ ភាគរយ ដោយ​ព្រមាន​នៅ​សប្តាហ៍​នេះ​ថា​ការរំខាន​របស់កូ​វីដ​អាច​ធ្វើឱ្យ​ការស្តារ​ឡើង​វិញ​កាន់តែ​យឺតយ៉ាវ​៕

​ជាង​ពាក់កណ្តាល​នៃ​អ្នកស្រុក ២៥ លាន​នាក់​នៃ​ទីក្រុង​សៀង​ហៃ​ត្រៀម​ខ្លួន​ធ្វើតេស្តិ៍​នៅ​ចុង​សប្តាហ៍​នេះ​