ដោយៈ ប​.​ជ៍យ / បន្ទាយ​មាន​ជ័​យៈ វ៉ាក់សាំង ភី​វ៉ា​យ​ហ្សឺ​រ ( Pfizer ) របស់​អាមេរិក ត្រូវបាន​ប្រើ ក្នុង​យុទ្ធនា​ការចាក់​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​៥ ដែលជា​ដូ​ស​ជំរុញ នៅ​ខេត្តបន្ទាយមានជ័យ ពីថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២២ តទៅ ពោលគឺ យុទ្ធនា​ការចាក់ សម្រាប់​គោលដៅ​ជម្រើស នៅតាម​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក ចំនួន ៧៦ កន្លែង ។​

​ក្នុង​ពិធី​បើក​យុទ្ធនាការ​ផ្លូវការ ចាក់​វ៉ាក់សាំង Pfizer បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​៥ ឬ​ដូ​ស​ជំរុញ​នេះ ដែល​ធ្វើ​នៅ​ថ្ងៃទី​១០ ខែមិថុនា នេះ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថាៈ ក្រុមគ្រូពេទ្យ​ខេត្ត បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង Pfizer បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​៥ ដូ​ស​ជំរុញ ជូន​ដល់​ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ​ជួរមុខ មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាជន ដែលមាន​អាយុ ចាប់ពី​អាយុ ១៨ ឆ្នាំ​ឡើង​ពិសេស ៦០ ឆ្នាំ មាន​អាទិភាព និង​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​៤ រួចរាល់ ហើយ​មាន​គម្លាត យ៉ាងតិច ៣ ខែ​ឡើង ហើយក៏​តាម​គោលការណ៍​ស្ម័គ្រចិត្ត ។​

​ការចាក់​វ៉ាក់សាំង Pfizer បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​៥ ដូ​ស​ជំរុញ​នេះ នឹងត្រូវ​ចាក់ តាម​ពេលវេលា និង​ទីកន្លែង ដែល​បានកំណត់ គឺ​ពេលព្រឹក ចាប់ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១១:៣០ ថ្ងៃត្រង់ និង​ពេល​រសៀល ចាប់ពី​ម៉ោង ១៤:០០ ដល់​ម៉ោង ១៦:០០ នៅតាម​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក ចំនួន ៧៦ កន្លែង​ទូទាំង ក្រុង ស្រុក ទាំង​៩ ក្នុង​ទី​រួម​ខេត្តបន្ទាយមានជ័យ​។​

​ក្នុងនោះ លោក អ៊ុំ រាត្រី បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​ដែល​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ សម្រេចបាន ក្នុង​ផែនការ ចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ ក្នុង​ខេត្តបន្ទាយមានជ័យ ស្របតាម គោលនយោបាយ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុងការ​ដឹកនាំ រៀបចំ​ផែនការ និង​ដាក់ចេញ​នូវ​អភិក្រម ផ្កា​រីក​ក្នុង​ការចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ រហូត​សម្រេចបាន លទ្ធផល​ល្អឥតខ្ចោះ​នៃ​ផែនការ​៕/V​