​ប្រែ​សម្រួលៈ​បំណង​(ST)៖ រុស្ស៊ី​និង​ចិន​កាលពី​ថ្ងៃ​សុក្រ​បាន​បាន​បញ្ចេញ​ស្ពាន​ផ្លូវ​លើកដំបូង​រវាង​ប្រទេស​ទាំង​ពីរ នៅពេល​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​សម្លឹង​មក​កាន់​អាស៊ី​ចំ​ពេល​ខ្លួន​ប្រឈម​មុខ​ជាមួយ​លោក​​ខាងលិច​រឿង​សង្គ្រាម​អ៊ុ​យក្រែន​។​

​ស្ពាន​ប្រវែង​មួយ​គីឡូម៉ែត្រ​នេះ​លាតសន្ធឹង​លើ​ទន្លេ​អា​មៀរ​(Amur)​ដែល​ភ្ជាប់​ទីក្រុង​ប្លា​ហ្គោ​វេសសេន​(Blagoveshchensk)​នៅ​ភាគ​ខាងកើត​របស់​រុស្ស៊ូ​ជាមួយ​ទីក្រុង​ហ៊ី​ហ៊ី​(Heihe)​នៅ​ចិន​ភាគ​​ខាងជើង​។​

​សំណង់​ស្ពាន​នេះ​ត្រូវបាន​បញ្ចប់​តាំង​ពី​ពីរ​ឆ្នាំមុន តែ​ការសម្ពោធ​ដាក់អោយ​ប្រើប្រាស់​ត្រូវ​បាន​ពន្យារពេល​ដោយ​សារ​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​។​

​ក្នុង​ពិធី​សម្ពោធ​នៅ​ទីក្រុង​ប្លា​ហ្គោ​វេសសេន​កាលពី​ថ្ងៃ​សុក្រ ស្ពាន​នេះ​បាន​បើក​អោយធ្វើ​ចរាចរណ៍​សំរាប់យាន​ដឹក​ទំនិញ​ដោយ​រថយន្ត​ទី​មួយ​ត្រូវបាន​ស្វាគមន៍​ដោយ​ការបាញ់​កាំជ្រួច​ផ្កា​អបអរ​។​ជាមួយនឹងផ្លូវ​ធ្វើច​រា​​ចរណ៍​ពីរ ស្ពាន​នេះ​មាន​តំលៃ​សាងសង់​អស់​១៩​ពាន់​លាន​រូបល៍​(៣៣០​លាន​ដុល្លារ​)​។​

​ធ្លាប់​ជា​គូសត្រូវ​សង្គ្រាមត្រជាក់ រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ និង​ប៉េកាំង នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​បាន​បង្កើន​កិច្ចសហការ​នយោបាយ​និង​ការទូត ជំរុញ​ដោយ​ចេតនា​ចង់​បង្កើត​តុល្យភាព​ទល់នឹង​ឧត្តមភាព​​សកល​របស់​អាម៉េរិក​។​

​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​ព្រំដែន​ប្រវែង​ប្រមាណ​៤.២៥០​គីឡូម៉ែត្រ​ជាមួយគ្នា បាន​រីកចំរើន​ចាប់តាំងពី​ប្រទេស​ទាំង​ពីរ​បង្កើត​ប្រក្រតីភាព​ទំនាក់ទំនង​ឡើងវិញ​កាលពី​ចុង​ទសវត្សរ៍​១៩៨០៕

​ស្ពាន​ផ្លូវ​លើ​ទន្លេ​ហេ​ឡុង​ជាំ​ង​ដែល​ត​ភ្ជាប់​ទីក្រុង​ប្លា​ហ្គោ​វេសសេន​របស់​រុស្ស៊ី​និង​ក្រុង​ហ៊ី​ហ៊ី​របស់​ចិន​