ដោយ​៖​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖​លោក នាយ​ឧ​ត្ត​ម​សេនីយ៍​គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សហព័ន្ធ កីឡាវាយកូនឃ្លីលើតុ​កម្ពុជា និង​លោក​បណ្ឌិត ដួង ហេង អនុប្រធាន​សហព័ន្ធ​កីឡា វាយ​កូនឃ្លី​លើ​តុ​កម្ពុជា នា​ល្ងាច​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២២ បាន​ជួប​សំណេះសំណាល ជាមួយ​គណៈប្រតិភូ គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម និង​កីឡាករ​-​កីឡាការិនី កីឡាវាយកូនឃ្លីលើតុ មុន​ចេញដំណើរ​បោះជំរុំ​ហ្វឹកហាត់ ព្រមទាំង​ចូលរួម​ការ ប្រកួត​នៅ​ប្រទេស​ថៃ នៅ​សាល​ហ្វឹកហាត់​របស់​សហព័ន្ធ នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ។​

​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​មានប្រសាសន៍ថា សូម​ឲ្យ​កីឡាករ​-​កីឡាការិនី​កីឡា វាយ​កូនឃ្លី​លើ​តុ ត្រូវតែ​គោ​ពរ​វិន័យ និង​ស្តាប់​គ្រូបង្វឹក​របស់ខ្លួន ទាំង​ការហ្វឹកហាត់ និង​ការប្រកួត​ដោយសារ​នៅ​ទីនោះ​យើង​មិន​ស្គាល់​ទីតាំង​ច្បាស់​ឡើយ​ដូច្នេះ​ព្យាយាម​ហ្វឹកហាត់ ឲ្យ​ល្អប្រសើរ​ដើម្បី​ពង្រឹង សមត្ថភាព​កាន់តែ​ប្រសើរឡើង ។​

លោក ស៊ុន សុទ្ធា​រិ​ទ្ធ​អគ្គលេខាធិការ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា បាន​និយាយថា សហព័ន្ធ​បញ្ជូន​គណៈប្រតិភូ គ្រូបង្វឹក ចៅ​ក្រុម និង​កីឡាករ​-​កីឡាការិនី វ័យក្មេង​ចំនួន​១៥​នាក់ ចូល​រួមការ​ជំរុំ​ហ្វឹកហាត់ អាយុ​ក្រោម​១៥​ឆ្នាំ និង អាយុ​ក្រោម​១៩​ឆ្នាំ អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២២ និង​ការប្រកួត​កីឡាវាយកូនឃ្លីលើតុ ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍ លើក​ទី​២៦ ឆ្នាំ​២០២២ “the 26th South East Asian Junior & Cadet Table Tennis Championships” នៅ​ប្រទេស​ថៃ នឹង​ប្រព្រឹត្តិ​ចាប់ពី​ថ្ងៃទី​១៤​ដល់​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ​២០២២ ។​

​លោក​បាន​បន្តថា​ចំពោះ​ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​១២ ឆ្នាំ​២០២២ “the 12th South East Asian Table Tennis Championships 2022” ក្នុងនោះ​មាន​គណៈប្រតិភូ​គ្រូបង្វឹក​ចៅក្រម​និង​កីឡាករ​កីឡាការិនី​វ័យក្មេង​ចំនួន​៥​នាក់​នឹង​ប្រព្រឹត្តិ​ចាប់ពី​ថ្ងៃទី​២២​ដល់​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០២២​។​ចំពោះ​រូបលោក​ទៅ​ចូលរួម​មហា​សន្តិ​បាត សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ អាស៊ីអាគ្នេយ៍​ទៀតផង ។​

​លោក​អគ្គលេខាធិការ បាន​បន្ថែមថា ការ​ទៅ​ចូលរួម​ចូលរួម​ការ ជំរុំ​ហ្វឹកហាត់ និង​ការប្រកួត​អាច​សង្ឃឹមថា​ទទួលបាន​លទ្ធផល​ល្អ​ទាំង​អាយុ​ក្រោម​១៥​ឆ្នាំ​និង​អាយុ​ក្រោម​១៩​ឆ្នាំ ដោយសារ​ការប្រកួត​សិស្ស​បឋម លោក​សំឡឹង​ឃើញ​កីឡាករ​វ័យក្មេង មាន​សមត្ថ​ភាពល្អ គួរ​ទទួលយកបាន​ព្រោះ​ពួកគេ​មាន​ឆន្ទៈ​ល្អ​ហើយ​គោលបំណង​សហព័ន្ធ​ឲ្យ​ចង់​កីឡាករ​វ័យ​​ក្មេង ចូលរួម​ការប្រកួត​ឲ្យ​បាន​ច្រើន​ដែលជា​បទ​សោធន៍​ដ៏​ធំ​សម្រាប់​ពួកគេ ។​

​ជាមួយគ្នានេះដែរ​លោក​គៀត ច័ន្ទ​ថា​រិ​ទ្ធ​បាន​ឧបត្ថម្ភ​កីឡាករ​វ័យក្មេង​ក្នុង​ម្នាក់​១០០​ដុល្លារ គ្រូបង្វឹក ប្រតិភូ និង​ចៅក្រម និង​ក្រុម​កីឡាករ​យុវជន ក្នុង ម្នាក់​២០០​ដុល្លារ ។ លោក​បណ្ឌិត ដួង ហេង អនុប្រធាន​សហព័ន្ធ​កីឡា វាយ​កូនឃ្លី​លើ​តុ​កម្ពុជា​បាន​ឧបត្ថម្ភ គ្រូបង្វឹក ប្រតិភូ និង​ចៅក្រម និង​ក្រុម​កីឡាករ ទាំង​២៥​នាក់ ក្នុង​ម្នាក់​៥០​ដុល្លារ​៕​