​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កាលពី​ថ្ងៃ​សុក្រ​ទី​១០​មិថុនា នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វ៊ុយ​មី​អូ គី​ស៊ី​ដា​បានប្រកាស​ផែនការ​ដើម្បី​ជំរុញ​តួនាទី​ការទូត​និង​សន្តិសុខ​របស់​ប្រទេស​លោក​​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​បំណង​ជួយ​ដោះស្រាយ​នូវ​អ្វី​ដែល​លោក​ពណ៌នា​ថា​ជា​ការគំរាមកំហែង​កាន់តែ​ខ្លាំង​ឡើង​នៅក្នុង​តំបន់​ចំពេល​មាន​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុ​យក្រែន​។​

​លោក​គី​ស៊ី​ដា​បាន​និយាយថា ជប៉ុន​នឹង​ពិចារណា​លើ​ការទទួល​បាន​សមត្ថភាព​វាយប្រហារ​ទុកជាមុន ដើម្បី​ឆ្លើយតប​ទៅ​នឹង​ភាព​គឃ្លើន​កាន់តែ​ខ្លាំង​ឡើង​របស់​ចិន កូរ៉េខាងជើង និង​ឥឡូវនេះ​រុស្ស៊ី​ដែល​​ជា​ផែនការ​ដ៏​ចម្រូងចម្រាស​មួយ ដែល​អ្នក​រិះគន់​និយាយថា​នឹង​បំពាន​រដ្ឋធម្មនុញ្ញ​សន្តិ​និយម​របស់​ជប៉ុន​។​

​លោក​គី​ស៊ី​ដា​បាន​និយាយ​នៅក្នុង​សុន្ទរកថា​សំខាន់​មួយ​នៅឯ​កិច្ចសន្ទនា​សាង​ហ្គ្រី​ឡា (Shangri-La)​ក្នុងប្រទេស​សិង្ហ​បុរី ដែល​ជា​វេទិកា​សន្តិសុខ​អាស៊ី យ៉ាង​ដូច្នេះ​ថា “​ថ្ងៃនេះ​អ៊ុយ​ក្រែន​ថ្ងៃស្អែ​កអាច​​ជា​អាស៊ី​បូ​ព៌ា​”​។​

​លោក​គី​ស៊ី​ដា​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​ដៃគូ​ក្នុង​តំបន់ ហើយ​បាន​និយាយថា លោក​នឹង​ដាក់​ចេញ​នូវ​”​ផែនការ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​សេរី​និង​បើកចំហ​សម្រាប់​សន្តិ​​ភាព​” នៅត្រឹមនិ​ទាឃ​រដូវ​ឆ្នាំក្រោយ ដែល​ក្នុងនោះ​ជប៉ុន​នឹង​ផ្តល់​ជំនួយ​អភិវឌ្ឍន៍ នាវា​ល្បាត សមត្ថភាព​អនុវត្ត​ច្បាប់​ដែនសមុទ្រ និង​ជំនួយ​ផ្សេង​ទៀត​ដល់​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​និង​ប៉ាស៊ីហ្វិក ដើម្បី​ជួយ​ពួក​គេ​ការពារ​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​

​ជប៉ុន​បាន​និង​កំពុង​លើកកម្ពស់​ក្របខ័ណ្ឌ​សន្តិសុខ​និង​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក “​ដែល​សេរី​និង​បើកចំហ​” ក្នុងចំណោម​ប្រទេស​ប្រជាធិបតេយ្យ​ដែល​មានគំនិត​ដូច​គ្នា​ដើម្បី​ប្រឆាំង​នឹង​ការ​កើន​​ឡើង​ឥទ្ធិពល​របស់​ចិន​។​

​លោក​បាន​និយាយថា ជប៉ុន​នឹង​ផ្តល់​ការគាំទ្រ​បែប​នេះ​ដល់​ប្រទេស​យ៉ាងហោច​ណាស់​ចំនួន​២០ បណ្តុះបណ្តាល​បុគ្គលិក​សន្តិសុខ​ដែនសមុទ្រ​យ៉ាងហោចណាស់ ៨០០ នាក់​និង​ផ្តល់​ជំនួយ​ប្រហែល​​ពីរ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​បី​ឆ្នាំ​ខាង​មុខ​៕

​លោក​គី​ស៊ី​ដា​ថ្លែង​សុន្ទរកថា​នៅឯ​កិច្ចសន្ទនា​សាង​ហ្គ្រី​ឡា (Shangri-La)​ក្នុងប្រទេស​សិង្ហ​បុរី​កាលពី​ថ្ងៃ​សុក្រ