ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ បាល់ទះ​កម្ពុជា​ទើបតែ​ដណ្ដើមបាន​មេដាយសំរិទ្ធ​លើកដំបូង​នា​ស៊ី​ហ្គេម​លើក​ទី​៣១​នៅ​វៀតណាម​បន្ទាប់ពី​រង់ចាំ​រយៈ​៣៩​ឆ្នាំ​មក​នោះ ហើយ​ពេលនេះ​​កីឡាបាល់ទះ​បានដាក់​គោលដៅ​ប្រជែង​យក​មេដាយមាស​ឆ្នាំ​២០២៣ ពេលដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ។​

​កម្ពុជា​បានធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​បន្ទាប់ពី​បាន​យកឈ្នះ​ក្រុម​បាល់ទះ​ថៃ​ដែលជា​ជើង​ខ្លាំង​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ទម្លាក់​ហ្វីលីពីន កាល​លេង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​។ លទ្ធផល​នេះ​បានធ្វើ​ឲ្យ​កម្ពុជា​កាន់​តែមាន​ទំនុកចិត្ត​ក្នុងការ​ប្រកួតប្រជែង​នា​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំក្រោយ លើ​ទឹកដី​កម្ពុជា ។​

​លោក​អាំង សេរី​ពិសិដ្ឋ​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បានបង្ហាញ​ការ​​តាំងចិត្ត​ខ្ពស់​ថា សហព័ន្ធ​បានកំណត់​គោលដៅ​ប្រជែង​យក​មេដាយមាស សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​លោក​បន្ដថា​លោក​ពិតជា​ចង់ឃើញ​ទង់ជាតិ​កម្ពុជា ត្រូវបាន​គេ​ឈរ​គោរព នៅពេលដែល​បង្ហូត​ក្នុងការ​ប្រគល់​មេដាយ​នា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ហើយ​បើ​ចង់​ឲ្យ​ទង់ជាតិ​យើង​ត្រូវបាន​គេ​បង្ហូត​គោរព យើង​ត្រូវតែ​យក​មេដាយមាស​ឲ្យ​បាន​។ យើង​ដឹង​ហើយ​ថា វា​ជា​រឿង​ដែល​មិន​ងាយស្រួល​។ ប៉ុន្តែ​បើ​យើង​ដាក់​គោលដៅ​ហើយ​បង្កើន​ការប្រឹងប្រែង​អ្វីៗ​ក៏​អាច​កើតឡើង​បានដែរ​។

​ពេលនេះ​សហព័ន្ធ​កំពុង​បង្កើន​សមត្ថភាព​កីឡាករ​ដើម្បី​ពង្រឹង​បន្ថែម ពិសេស​ទៀត​នោះ ការជ្រើសរើស​កីឡាករ​ដែលមាន​សមត្ថ​ភាព​មក​ចូលរួម​ហ្វឹកហាត់​ក្នុង​ជំរំ​បន្ថែមទៀត​សម្រាប់​ការត្រៀមខ្លួន​ឲ្យ​បាន​កាន់តែ​ល្អ សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ដើម្បី​សម្រេច​គោលដៅ​របស់​កម្ពុជា​៕​