ដោយ​៖​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា (EFC) បានធ្វើ​ការប្រជុំ​ជាមួយ​សមាជិក​ប្រតិបត្តិ​សហព័ន្ធ កាលពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២២ ដើម្បី​ត្រួត​ពិនិត្យមើល​សកម្មភាព​ការងារ និង​វឌ្ឍនភាព​ការងារ​ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា​ដែល​ការប្រជុំ​នោះ​ដឹកនាំ​ដោយ​លោក ជា ច័ន្ទ​បរិបូរណ៍​ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា (EFC)​។​

​លោក លន់ សា​មឺ​ឌី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា គូសបញ្ជាក់ថា កិច្ចប្រជុំ​នេះ​ផ្តោត​សំខាន់​ទៅលើ​លទ្ធផល និង​ការចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដែល​បាន​ធ្វើឡើង កាលពី​ខែឧសភា ឆ្នាំ​២០២២ ដោយ​កីឡាករ​អេឡិចត្រូនិក​កម្ពុជា​មានការ​រីកចម្រើន​ផ្នែក​បច្ចេកទេស​ប៉ុន្តែ​ពុំ​ទទួលជោគជ័យ​ជា​មេដាយ​នោះឡើយ​។​

​ជាមួយគ្នា​នោះ​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​ក៏បាន​ត្រួតពិនិត្យ​លើ​ការត្រៀម​លក្ខណៈសម្បត្តិ​ឲ្យ​បាន​គ្រប់គ្រាន់ នៃ​ដំណើរ​ការត្រៀម​ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។ ក្នុងនោះ សហព័ន្ធ​បាន​ពិនិត្យមើល​លើ​ចំណុចខ្លាំង ចំណុចខ្សោយ​ពិភាក្សា​លើ​វិញ្ញាសា​ដែល​ត្រៀម​ស៊ី​ហ្គេម​២០២៣​រួមទាំង​សិក្សា​បន្ថែម​ទៅលើ​ធនធាន​កីឡាករ​អេឡិចត្រូនិក​កម្ពុជា​ថា​តើ​គួ​ក​គាត់​អាចមាន​លទ្ធភាព​លើ​វិញ្ញាសា​ណាខ្លះ​ដើម្បី​ឲ្យ​ទទួលបាន​លទ្ធផល​ល្អ នា​ស៊ី​ហ្គេម ២០២៣​។​

​លោក​អគ្គលេខាធិការ​ស​ហ​ព័ន្ធ​រូបនេះ​និង​មន្ត្រី​ប​ច្ចេ​ទេស​ក៏បាន​ជម្រាបជូន​ដល់​ប្រធាន​សហព័ន្ធ និង​លោក​អនុប្រធាន​សហព័ន្ធ ក្នុងការ​រៀបចំសេចក្តី​ព្រាង​សៀវភៅ​បច្ចេកទេស (Technical Handbook) សម្រាប់​ដាក់​ឆ្លង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ី​អា​
​គ្នេ​យ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ដើម្បី​ត្រៀម​ស៊ី​ហ្គេម ឆ្នាំ​២០២៣​ទៀត ផង​៕​