ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ភ្លៀង​បាន​ធ្លាក់​មួយ​មេ​យ៉ាង​ធំ នៅ​ល្ងាច​ថ្ងៃទី​១០ មិថុនា ២០២២ នេះ បណ្ដាលឱ្យ​ផ្លូវ​មួយចំនួន នៅក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក ក៏ដូចជា​ក្នុង​រាជធានី ភ្នំពេញ បាន​ទទួលរង​ការលិចលង់​យ៉ាងខ្លាំង ។​

​ដើម្បី​ដោះស្រាយ បញ្ហា​លិចលង់​នេះ អនុវត្តតាម​ការណែនាំ ជាប្រចាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្រោយពេល​ភ្លៀង លោក ជា ពិសី អភិបាលខណ្ឌ ទួលគោក បាន​ដឹកនាំ​កម្លាំង​ប្រជា​ការពារ​ខណ្ឌ ចុះ​កាយ​សំរាម រំដោះ​ទឹកជំនន់​ទឹក ភ្លៀង​នេះ ទាំងយប់ ពិសេស​ធ្វើ​សកម្មភាព នៅ​ផ្លូវ​លេខ​២៣០ និង​ផ្លូវ​២៤៥ ក្នុង​សង្កាត់​បឹង​សាឡាង និង​សង្កាត់​ទឹកល្អក់​ទី​៣ រហូត​ទឹក​ស្រក់​អស់ពី​ផ្លូវ និង​ផ្ទះ​ប្រជាពលរដ្ឋ ។

​បន្ត​មក ក្រុមការងារ​នេះ ក៏បាន​បោសសំអាត​សំរាម ដែល​ទឹក​ហូរ​មក​រាយប៉ាយ នៅមុខ​ផ្ទះ របស់​ប្រជាពលរដ្ឋ ឱ្យបាន​ស្អាត​ឡើងវិញ ជូន​ពួកគាត់​ថែមទៀត​។ នៅ​យប់​ថ្ងៃ​ដដែល ជំនន់​ទឹកភ្លៀង ក៏បាន​ស្រក​អស់​លឿន​ទៅវិញ​ដែរ​។​

​មន្ត្រី​ជំនាញ បានឱ្យដឹងថាៈ មូលហេតុ​ដែល​បណ្ដា​ឱ្យ​ជំនន់​ទឹកភ្លៀង ស្រក​លឿន បែបនេះ ដោយសារ​ប្រព័ន្ធ​លូ​ទាំង តូច​និង​ធំ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ស្ថាបនា ឡើង កន្លងមក គឺ​បានល្អ​ប្រសើរ ហើយ លូ ក៏​មិន​ស្ទះ​ដែរ ហើយ​អ្វីដែល​ស្ទះ​នោះ គឺ​ស្ទះ​សំរាម និង​កាក សំណល់ ដែល ហូរ​មក​ជាប់មាត់​លូ ឬ​អណ្ដូង​លូ ។ តែ​ក្រោយពី​អាជ្ញាធរ និង​ប្រជាពលរដ្ឋ សហការគ្នា កាយ​ចេញ​អស់ ទឹក​ហូរ​លឿន ស្រក​អស់​លឿន លែង​លិច​ទៀតហើយ ក្នុង​យប់​ដដែល​នោះ​។​

​ក្នុងករណីនេះ អាជ្ញាធរ​ខណ្ឌទួលគោក ក៏បាន​អំពាវនាវ​ម្តង​ហើយ ម្តងទៀត ឱ្យ​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​សហការ ជាមួយ​អាជ្ញាធរ ដោយ​ត្រូវ​ទុកដាក់​សំរាម ឱ្យបាន​ល្អ កុំឱ្យ​នៅពេល​មាន​ភ្លៀង ធ្លាក់​ម្តងៗ ទឹក​ហូរ នាំយក​សំរាម​ទាំងនោះ ទៅ​ស្ទះ នៅ​មាត់​លូ​ទៀត​៕/V​-PC