ដោយ​៖​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​​លើក​ទី​១០ នឹងធ្វើ​នៅ​ថ្ងៃទី​១៩ មិថុនា​។ នេះ​បើតាម​ការអះអាង​របស់​លោក​វ៉ា​ត់ ចំរើន​អគ្គលេខា​​ធិ​ការ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃទី​១០​មិថុនា​។​

​ទិវា​រត់ប្រណាំង​នេះ​នឹងធ្វើ​នៅមុខ​ព្រះបរមរាជវាំង​ដូច​សព្វដង​ដែរ ។ គោលបំណង​ទី​១​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​គឺ​ដើម្បី​ចូលរួម​អបអរសាទរ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​សម្ដេចម៉ែ សម្ដេចព្រះ​មហាក្សត្រី​នរោត្តម​មុនីនាថ​សីហនុ​ព្រះវររាជ​មាតា​ជាតិខ្មែរ និង​គោលដៅ​បន្ទាប់​គឺ​​ដើម្បី​ស្វែងរក​ថវិកា​ពី​ការចុះឈ្មោះ​របស់​អត្ត​ព​លិ​ក និង​ដៃគូ​ឧបត្ថម្ភ​បរិច្ចាគ​ទៅ​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​កិច្ចការ​សង្គម​។ ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ដោយ​មិន​សំដៅ​ទៅលើ​ការស្វែងរក​កម្រៃ ឬ​ប្រាក់ចំណេញ​នោះឡើយ​។​

តាមរយៈ​ការរត់​ប្រណាំង​នេះ​ដើម្បី​គាំទ្រ​ដល់​ការចូលរួម​របស់​មហា​ជន​ដើម្បី​សុខភាព សាមគ្គីភាព មិត្តភាព ពីព្រោះ​ស្មារតី​កីឡា គឺជា​ការបំពេញបន្ថែម​នូវ​គុណ​តម្លៃ​ជីវិត​។ ជាមួយគ្នា​នេះ​ព្រឹត្តិការណ៍​នេះ​ក៏​ជាការ​ផ្សព្វផ្សាយ​នៃ​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២​ទៀតផង​។ កត្តា​នេះហើយ​ទើប​រាជរដ្ឋាភិបាល និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានដាក់​គោលដៅ​លើក​កំពស់​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ​ប្រចាំជីវិត​។​

​ចំពោះ​លោក​សែម ផល្លា​ដែលជា​អ្នកចាត់ការ​ទូទៅ​ទិវា​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​​តុង​នៅ​កម្ពុជា​បាន​បញ្ជាក់ថា ទិវា​នេះ​មាន​រត់ប្រណាំង​២១​គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ និង​៣​គីឡូ​​ម៉ែត្រ​ជា​លក្ខណៈ​គ្រួសារ ។​សម្រាប់​វិញ្ញាសា​រត់​២១​គីឡូម៉ែត្រ​នឹង​ចាប់ផ្ដើម​ចេញដំណើរ​នៅវេលា​ម៉ោង​៥​កន្លះ​ព្រឹក​ថ្ងៃទី​១៩ មិថុនា​។ ឆ្នាំនេះ​មាន​អ្នក​ចុះឈ្មោះ​ចូលរួម​ចំនួន​ជាង​៤.០០០​នាក់ គឺមាន​ការធ្លាក់​ចុះបើ​ប្រៀបធៀប​នឹង​ការរត់​លើក​ទី​៩​។

​សូមបញ្ជាក់ថា ពីរ​ឆ្នាំ​មកហើយ គឺ​ឆ្នាំ​២០២០ និង​២០២១ ទិវា​នេះ​​មិនបាន​រៀបចំ​ឡើយ​ដោយសារតែ​កូ​វីដ ១៩​។​

​ឆ្នាំក្រោយ​ព្រឹត្តិការណ៍​នេះ​នឹងមាន​ការផ្លាស់ប្ដូរ​វិញ្ញាសា ដោយ ៣​គីឡូម៉ែត្រ​ប្ដូរ​ទៅជា ៥​គីឡូម៉ែត្រ ហើយ​បន្ថែម​វិញ្ញាសា ២,៥០​គីឡូម៉ែត្រ​វិញ​៕​