​ប្រែ​សម្រួលៈ​បំណង​(ST)៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ទី​១១​មិថុនា​ថា កូរ៉េ​ខាងជើង​បាន​តែងតាំង​អ្នកចរចា​នុយក្លេអ៊ែរ​ដ៏​សំខាន់​ម្នាក់​លោកស្រី ឆូ សុន ហ៊ុយ​(Choe Son Hui)​ជា​រដ្ឋ​​មន្ត្រី​ការបរទេស​ថ្មី នៅ​ពេល​ប្រទេស​បាន​បិទ​បញ្ចប់​កិច្ចប្រជុំ​បក្ស​កាន់​អំណាច​ក្រោម​អធិបតី​របស់​លោក​គីម ជុង​អ៊ុន​។​

​លោកស្រី ឆូ សុន ហ៊ុយ​

​នៅពេល​បិទ​បញ្ចប់​កិច្ចប្រជុំ លោក​គីម​បានបង្ហាញ​គោលដៅ​ជំរុញ​អំណាច​យោធា​នៃ​ប្រទេស​លោក​និង​ការសិក្សាស្រាវជ្រាវ​យោធា​ដើម្បី​កា​ពារ​សិទ្ធិ​អធិបតេយ្យភាព​របស់​កូរ៉េខាងជើង ។​លោក​គីម​ត្រូវបាន​ទីភ្នាក់ងារ​​សារព័ត៌មាន​កណ្តាល​កូរ៉េ​KCNA​ស្រង់​សម្តី​ដូចដែល​បាន​និយាយថា «​សិទ្ធិ​ការពារ​ខ្លួន ជា​បញ្ហា​នៃ​ការការពារ​អធិបតេយ្យភាព​និង​សូម​បញ្ជាក់​សាជាថ្មី​អំពី​គោលការណ៍​មិន​ប្រែប្រួល​របស់​បក្ស​ស្តីពី​អំណាច​​ដើម្បី​អំណាច​និង​ការ​ប្រឈម​ដោយ​ផ្ទាល់​»​។​

​ការតែងតាំង​នេះ​កើតឡើង​ចំ​ពេល​សហរដ្ឋ​អាម៉េរិក​បាន​ព្រមាន​ថា កូរ៉េខាងជើង​កំពុង​ត្រៀម​ធ្វើ​ការសាកល្បង​នុយក្លេអ៊ែរ​លើក​ទី​ប្រាំពីរ និង​ថា​ខ្លួន​នឹង​ជំរុញ​ជាថ្មីអោយ​អង្គការសហប្រជាជាតិ​ដាក់ទណ្ឌកម្ម​​កាន់តែតឹ​ងតែង​ឡើងប្រឆាំងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បើ​វា​កើត​មាន​មែន​។​

​កាលពី​ថ្ងៃ​ពុធ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក​បាន​និយាយថា ខ្លួន​តាមដាន​យ៉ាង​ដិត​ដល់​អំពី​លទ្ធភាព​នៃសាកល្បង​នុយក្លេអ៊ែរ​ពី​សំណាក់​កូរ៉េខាងជើង​។​

​វា​ក៏​កើតឡើង​ចំពេល​លោក​គីម ជុង​អ៊ុន ប្រាប់​ទៅ​មេ​ទ័ព​របស់​លោក​អោយ​បង្កើន​ឃ្លាំង​សព្វាវុធ​នៅ​ក្នុងការ​ប្រឈម​ទល់នឹង​អ្វី​ដែល​លោក​បាន​ពណ៌​ថា​ថា​ជា បរិយាកាស​សន្តិសុខ​កាន់តែ​អាក្រក់​ទៅ​។​លោក​បាន​ការពា​រការ​អភិវឌ្ឍ​សព្វាវុធ​របស់​ប្រទេស​លោក ដោយ​ចាត់ទុក​វា​ជា​ការអនុវត្ត​សិទ្ធិ​អធិបតេយ្យភាព​មួយ​ដើម្បី​ការពារ​ខ្លួន​និង​ដាក់ចេញ​«​ភារកិច្ច​យោ​​ធា​»​បន្ថែម​សំរាប់​កងកម្លាំងប្រដាប់អាវុធ​និង​អ្នកវិទ្យាសាស្ត្រ​យោធា​បន្ត​អនុវត្ត​។​

​កិច្ចប្រជុំ​បក្ស​ពលករ​កូរ៉េ​ក៏​បាន​ពិនិត្យ​មើល​ឡើងវិញ​កិច្ចការរដ្ឋ​សំខាន់ៗ រួម​មាន​កិច្ចខិតខំ​កាត់បន្ថយ​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩ និង​ការរីកចំរើន​ក្នុង​ការអនុវត្ត​គោលដៅ​សេដ្ឋកិច្ច​ដែ​លោក​គីម​ចង់​អោយ​វា​​នៅតែ​សកម្ម​ក្នុងពេល​ប្រទេស​រឹតបន្តឹង​ប្រឆាំង​ជំងឺឆ្លង​៕

​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ លោក​គីម បាន​បញ្ជា​អោយ​បង្កើន​សព្វាវុធ​ក្នុងពេល​បរិយាកាស​សន្តិ​សុខ​មិនល្អ​