​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋាភិបាល​ថ្មី​របស់​ប៉ា​គី​ស្ថាន ដែល​កំពុង​ប្រឈម​នឹង​ការកើនឡើង​នៃ​អតិផរណា​និង​ចលាចល​នយោបាយ បានបង្ហាញ​កញ្ចប់​ថវិកា​ចំនួន ៩,៥ ទ្រី​លាន​រូពី (៤៧ ពាន់​លាន​ដុល្លារ​) កាលពី​ថ្ងៃ​សុក្រ​ទី​១០​មិថុនា ដោយ​លៃ​ទុក​ជាង​៤០ ភាគរយ​សម្រាប់​សងបំណុល​បរទេស​និង​ក្នុងស្រុក​ដ៏​ធំ​របស់​ប្រទេស​នេះ​។​

​នាយករដ្ឋមន្ត្រី សេ​បាស សារីហ្វ (Shehbaz Sharif)​បាន​ស្តីបន្ទោស​បញ្ហា​សេដ្ឋកិច្ច​របស់​ប៉ា​គី​ស្ថាន​ទៅលើ​អ្នក​កាន់​តំណែង​មុន​របស់​គាត់ គឺ​លោក អ៊ី​ម​រ៉ា​ន់ ខាន់ (Imran Khan)​ដែល​ត្រូវបាន​​បណ្តេញ​ចេញ​តំណែង​ដោយ​ការបោះឆ្នោត​សម្តែង​ការ​មិន​ទុកចិត្ត​ពី​សភា​កាលពី​ខែ​មេសា ហើយ​កំពុង​បង្កើត​យុទ្ធនាការ​ជាតិ​ដើម្បី​ជំរុញ​ឱ្យមាន​ការបោះឆ្នោត​មុន​កាលកំណត់​។​

​ទោះយ៉ាងណា ពួក​អ្នកវិភាគ​និយាយថា បញ្ហា​ទាំងនេះ​កើតចេញ​ពី​ការគ្រប់គ្រង​សេដ្ឋកិច្ច​មិន​ល្អ​ជាច្រើន​ទសវត្សរ៍​ដោយ​រដ្ឋាភិបាល​ជា​បន្តបន្ទាប់ និង​មេដឹកនាំ​យោធា​ដែល​ខកខាន​ក្នុង​ការដោះស្រាយ​​បញ្ហា​អំពើ​ពុករលួយ​និង​ការ​គេចវេស​ពន្ធ​យ៉ាង​ទូលំទូលាយ​។​

​ថវិកា ដែល​បង្ហាញ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លោក មី​ហ្វតា​ស អ៊ី​ស្មា​អ៊ី​ល (Miftah Ismail)​កាលពី​ថ្ងៃ​សុក្រ គឺ​លៃ ៣,៩៥ ទ្រី​លាន​រូពី ដើម្បី​សងបំណុល ១២៨ ពាន់​លាន​ដុល្លារ​របស់​ប្រទេស​។​

​លោក​បាន​ប្រាប់​សភាជាតិ​ថា “​ដោយសារតែ​ការ​ខ្វះ​ការប្រមើលមើល​វែងឆ្ងាយ​របស់​រដ្ឋាភិបាល​មុន រចនាសម្ព័ន្ធ​សង្គម​ត្រូវបាន​បំផ្លាញ កំណើន​សេដ្ឋកិច្ច​ត្រូវ​ជាប់គាំង និង​សមាហរណកម្ម​ជាតិ​ត្រូវ​ក្រៀម​​ស្វិត​”​។​

​កញ្ចប់​ថវិកា​សង្គ្រោះ​ចំនួន ៦ ពាន់​លាន​ដុល្លារ​របស់ IMF ដែល​ចុះហត្ថលេខា​ដោយ​អតីត​នាយករដ្ឋមន្ត្រី​ខាន់​ក្នុង​ឆ្នាំ ២០១៩ មិន​ត្រូវបាន​អនុវត្ត​ពេញលេញ​ទេ​ដោយសារ​រដ្ឋាភិបាល​រប​ស់​គាត់​បាន​​បដិសេធ​លើ​កិច្ចព្រមព្រៀង​ដើម្បី​កាត់បន្ថយ​ឬ​បញ្ចប់​ការឧបត្ថម្ភ​ធន​មួយចំនួន និង​ដើម្បី​កែលម្អ​ប្រាក់ចំណូល​និង​ការប្រមូល​ពន្ធ​។​

​មកទល់ពេលនេះ ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ​បានទទួល​ប្រាក់​ចំនួន ៣ ពាន់​លាន​ដុល្លារ ដោយ​កម្មវិធី​ថវិកា​សង្គ្រោះ​នេះ​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​។​

​ក្រុមមន្ត្រី​កំពុង​ស្វែងរក​ការពន្យារ​កម្មវិធី​នេះ​រហូតដល់​ខែ​មិថុនា ឆ្នាំ ២០២៣ ក៏ដូចជា​ការចេញ​នូវ​កញ្ចប់​ថវិកា​បន្ទាប់​ចំនួន​មួយ​ពាន់​លាន​ដុល្លារ​។​

​លោក​សារីហ្វ​បាន​ប្តេជ្ញា​ថា​នឹង​ស្តារ​សេដ្ឋកិច្ច​ដែល​មាន​សភាព​ទ្រុឌទ្រោម​នេះ ប៉ុន្តែ​អ្នកវិភាគ​និយាយថា រដ្ឋាភិបាល​ផុយស្រួយ​របស់​គាត់​ខក​ខាន​ក្នុង​ការសម្រេចចិត្ត​ដ៏​មោះមុត​។​

​ថវិកា​ថ្មី​នេះ​នឹង​លៃលក​ចំនួន ១,៥២៣ ទ្រី​លាន​រូពី​ដល់​កងកម្លាំង​ការពារ​របស់​ប្រទេស ដែល​តែងតែ​លេប​ត្របាក់​បរិមាណ​លុយ​ដ៏​ច្រើន ដោយសារ​តែ​ភាព​តានតឹង​ជា​អចិន្ត្រៃយ៍​ជាមួយ​ប្រទេសជិតខាង​ឥណ្ឌា​។​

​ទឹកប្រាក់​ប្រហែល ៨០០ ពាន់​លាន​រូពី​ត្រូវបាន​តម្រង់​ទិស​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ក្នុង​គោលបំណង​ទទួលបាន​កំណើន ៥ ភាគរយ​ក្នុង​ឆ្នាំសារពើពន្ធ​ចាប់ពី​ថ្ងៃទី ១ ខែកក្កដា​៕

កម្មករ​ជាមួយ​សហជីព​មួយ​កំពុង​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​នៅ​មុខ​សភា​ក្នុង​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ ខណៈ​ថវិកាជាតិ​ត្រូវបាន​បង្ហាញ