ដោយ​: ប​.​ខុន / ភ្នំពេញៈ បរិមាណ​ទឹកភ្លៀង​ធ្លា​ក់លើ​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី​១០​ខែមិថុនា មាន​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន និង​នៅ​កន្លែង​ខ្លះ​មាន​កម្រិត​ដល់​១១១​មី​លី​ម៉ែត្រ​ហើយ នៅ​ល្ងាច​ថ្ងៃទី​១១​ខែមិថុនា​នេះ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​ថែម​មកទៀត​នៅលើ​រាជធានី​ភ្នំពេញ​ដោយ​អាច​ប៉ះចំ​តំបន់​ដែលមាន​ភ្លៀង​ធ្លាក់​ច្រើន​កាលពី​ល្ងាចម្សិលមិញ​នោះ​ទៀត​។​

​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១១​ខែមិថុនា​ឆ្នាំ​២០២២​ថា តំបន់​ដែលមាន ភ្លៀង​ធ្លាក់​ច្រើន​លើ​រាជធានី​កាលពី​ល្ងាច​ថ្ងៃទី​១០​ខែមិថុនា នៅ​ល្ងាច​ថ្ងៃទី​១១​ខែ​មិន​ថុ​នា​នេះ​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​ថែម​មកទៀត​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បាន​និយាយ​ឱ្យដឹង​ផងដែរ​ថា​បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លា​ក់លើ​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី​១០​ខេ​មិថុនា មាន​កម្រិត​៧​មី​លី​ម៉ែត្រ​នៅ​មន្ទីរ​(​ផ្សារ​ដើម​គរ​)១២​មី​លី​ម៉ែត្រ​នៅ​សាក់​សំពៅ​, ១៤​មី​លី​ម៉ែត្រ​នៅ​ទួល​សង្កែ​, ១៧​មី​លី​ម៉ែត្រ​នៅ​សែន​សុខ​, ៣០​មី​លី​ម៉ែត្រ​នៅ​ព្រែក​ឯង​, ៣៦​មី​លី​ម៉ែត្រ​នៅ​ចោមចៅ និង​១១១​មី​លី​ម៉ែត្រ​នៅ​ចាក់អង្រែ​។ ភ្លៀង​ធ្លាក់​ច្រើន​នៅ​តំបន់​ចន្លោះ​អូរ​បែកក្អម​និង​ពោធិ៍ចិនតុង ពី​ផ្លូវ​សហព័ន្ធរុស្ស៊ី​ដល់​ផ្លូវ​២០០៤ តែ​ចូល​មិន​ដល់​តំបន់​បឹង​សាឡាង​ទេ​។ ប៉ុន្តែ​ទឹកភ្លៀង​ទាំងនេះ នឹង​ហូរ​ចូលទៅ​កាន់​ស្ថានីយ​បឹងទំពុន​ទាំងអស់​តាម​ស្ទឹងមានជ័យ​។​

​បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​រយៈពេល​២៤​ម៉ោង​ត្រឹម​ព្រឹក​ថ្ងៃទី​១១​ខែមិថុនា​នៅ​រាជធានី​ភ្នំពេញ​ក្នុង​កម្រិត​ពី​៧​ដល់​១១១​មី​លី​ម៉ែត្រ​, បាត់ដំបង​មាន​កម្រិត​ពី​២៤ ដល់​៣៥​មី​លី​ម៉ែត្រ​, ខេត្តកំពង់ធំ​មាន​ភ្លៀង​កម្រិត​ពី​៣​ដល់​៣០​មី​លី​ម៉ែត្រ​, ខេត្តរតនគិរី​មាន​កម្រិត​ពី​តិច​ដល់​៣៧​មី​លី​ម៉ែត្រ​, ខេត្តកំពង់ស្ពឺ​មាន​ភ្លៀង​កម្រិត​ពី​១​ដល់​៥៣​មី​លី​ម៉ែត្រ​, ខេត្តកណ្តាល​មាន​កម្រិត​ពី​១៤​ដល់​៣៥​មី​លី​ម៉ែត្រ​, ខេត្តតាកែវ​មាន​ភ្លៀង​ធ្លាក់​កម្រិត​ពី​៤​ដល់​៩៩​មី​លី​ម៉ែត្រ​, ខេត្តពោធិ៍សាត់​មាន​ភ្លៀង​កម្រិត​ពី​តិច​ដល់​២២​មី​លី​ម៉ែត្រ​, ខេត្តកំពត​មាន​ភ្លៀង​កម្រិត​ពី​២​ដល់​៣៦​មី​លី​ម៉ែត្រ​, ខេត្ត​ត្បូងឃ្មុំ​មាន​ភ្លៀង​កម្រិត​ពី​២​ដល់​៤១​មី​លី​ម៉ែត្រ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មាន​ភ្លៀង​ពី​តិច​ដល់​២៦​មី​លី​ម៉ែត្រ​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​៧​ខែមិថុនា​បាន​ជូនដំណឹង​ស្តីពី​ការ​ព្យាករ​ធាតុអាកាស​សម្រាប់​ពីថ្ងៃ​ទី​៨​ដល់​ថ្ងៃទី​១៤​ខែមិថុនា​ឆ្នាំ​២០២២​ព្រះរាជាណាចក្រ​កម្ពុ​ជាទ​ទួល​រង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​អូសបន្លាយ​នៅលើ​ភាគ​ខាងជើង​ប្រទេស​ឡាវ​និង​ប្រទេស​វៀតណាម​ជាមួយ​ខ្យល់មូសុង​និរតី​បក់​ក្នុង​ល្បឿន មធ្យម​ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់​។​

​នៅក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា​ស្ថានភាព​អាកាសធាតុ​បែប​ខាងលើ​នឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​មា ន ពី​២៤​ទៅ​២៦​អ​អ្សា​សេ​និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣៤​ទៅ​៣៦​អង្សា​សេ​។ រាជធានី​និង​បណ្តា​ខេត្ត​នានា​នឹង​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ ក្នុងនោះ​ក៏​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​ដោយ​អន្លើ នៅ​ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​នៅ​វាលទំនាប​ភាគ​កណ្តាល​និង​ភាគ​ពាយ័ព្យ​។​

​សម្រាប់​បណ្តា​ខេត្ត​នៅជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា​សេ និង សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៣​ទៅ​៣៥​អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ សម្រាប់​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤​ទៅ​២៦​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៣​ទៅ​៣៥​អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​៕​