ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេស​អាស៊ាន បានចេញ​សេចក្ដីថ្លែងការណ៍​មួយ ស្តីពី​ការបាញ់ សាកល្បង មី​ស៊ី​ល​ថ្មីៗ នៅ​ឧបទ្វីប​កូរ៉េ នៅ​ថ្ងៃទី​១០ មិថុនា ២០២២ ។​

​សេចក្តីថ្លែងការណ៍​រប​ស់ រដ្ឋមន្ត្រីការបរទេស​អាស៊ាន បាន​ពណ៌នា​ថាៈ
១. អាស៊ាន​សម្តែង​ការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះ​ការកើនឡើង នាពេល​ថ្មីៗ នូវ​ការសាកល្បង មី​ស៊ី​ល​អន្តរទ្វីប និង​ការបាញ់​មី​ស៊ី​ល​របស់ សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​កូរ៉េ​។ ការវិវឌ្ឍ​ដ៏​គួរឱ្យ​ព្រួយបារម្ភ​នេះ បង្ហាញ​ពី​កំណើន​ភាព​តានតឹង​លើ​ឧបទ្វីប​កូរ៉េ និង​គំរាមកំហែង ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​។​

២. ដោយ​ទទួលស្គាល់ថា អស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ អាស៊ាន​ជំរុញ​ឱ្យ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ អនុវត្ត​ការអត់ធ្មត់ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង និង​ជៀសវាង​សកម្មភាព ដែល​អាចធ្វើឱ្យ ស្ថានការណ៍ កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។​

៣. អាស៊ាន សូម​រំលឹក​ឡើងវិញ ពី​ការអំពាវនាវ​ឲ្យ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត កូរ៉េ អនុវត្ត បាន​ពេញលេញ នូវ​សេចក្តីសម្រេចចិត្ត ដែល​ពាក់ព័ន្ធ​ទាំងអស់ របស់​ក្រុមប្រឹក្សា សន្តិសុខ អង្គការ​សហ​ប្រជា​តិ ដោយ​គិតគូរ​ដល់​ការអំពាវនាវ របស់​សហគមន៍​អន្តរជាតិ សូម ឱ្យប្រើ​ប្រាស់​មធ្យោបាយ​ការទូត ដើម្បី​ផលប្រយោជន៍ នៃ​ការរក្សា​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់​។ កិច្ចប្រឹងប្រែង​ផ្នែក​ការទូត រួមទាំង​ការបង្កើត​បរិយាកាស​អំ​ណោ​យ​ផល សម្រាប់​ការសន្ទនា ដោយ​សន្តិវិធី ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់ គួរតែ​បន្ត​ស្ថិតនៅ ជា​អាទិភាព​។​

៤. អាស៊ាន សូមបញ្ជាក់​សារជាថ្មី អំពី​ការត្រៀមខ្លួន ដើម្បី​ដើរតួនាទី​ស្ថាបនា រួមទាំង​តាមរយៈ ការប្រើប្រាស់​យន្តការ​ដឹក​នាំ ដោយ​អាស៊ាន ដូចជា​វេទិកា​តំបន់​អាស៊ាន ដើម្បី​កាត់បន្ថយ ភាព​តានតឹង និង​នាំមក​នូវ ការលុបបំបាត់​ទាំងស្រុង នូវ​អាវុធ​នុយក្លេអ៊ែរ លើ​ឧបទ្វីប​កូរ៉េ ដែល​អាច​ផ្ទៀងផ្ទាត់ ហើយ​មិន​ប្រែ​ក្រ​ទ្បា​ស់បាន និង​ប្រកបដោយ​សន្តិវិធី ។
​អាស៊ាន សូម​សង្កត់ធ្ងន់ថា ការសម្រេចបាន​នូវ​សន្តិភាព និង​ស្ថិរភាព ក៏​នឹងមាន​សារប្រយោជន៍ ដល់​ការអភិវឌ្ឍ និង​វិបុលភាព សម្រាប់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ ព្រមទាំង​តំបន់​ទាំងមូល​ផងដែរ​៕/V​