ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ប្រាសាទភ្នំ​បា​យ៉ង់​ជា​រមណី​ដ្ឋា​ន​ទេសចរណ៍វប្បធម៌​និង​ប្រវត្តិសាស្ត្រ​ដើម​កម្ពុ​ជាមួយ​ស្ថិតនៅ ភូមិ​ពោធិ៍​រោង ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ មាន​ចម្ងាយ ១២១ គីឡូម៉ែត្រ ពី​ភ្នំពេញ ដោយ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ ២ កាត់​ស្រុក​បាទី ស្រុក​សំរោង កាត់​ទី​រួម​ខេត្តតាកែវ និង កាត់​ស្រុក​ទ្រាំង​។

​ដើម្បី​ទៅដល់​រមណី​ដ្ឋា​ន​នោះ បើ​យើង​ធ្វើដំណើរ​ពី​ទី​រួម​ខេត្តតាកែវ​មាន​ចម្ងាយ​តែ ៤៣ គីឡូម៉ែត្រ ដោយ​ទីនោះ​មាន​ទីតាំង​នៅលើ​កំពូលភ្នំ​បា​យ៉ង់ ។ ប្រាសាទ​នេះ ត្រូវបាន​គេ​ដឹងថា បាន​កសាង ក្នុងអំឡុង​សតវត្សរ៍​ទី​៧​។

​ទីនោះ​ត្រូវ​កសាង នៅលើ​ភ្នំ​បា​យ៉ង់​កោ​កម្ពស់ ៣១៣ ម៉ែត្រ មាន​ប្រាសាទ​មួយ​បាន​ស្ថាបនា​ឡើង មាន​ជណ្តើរ ចំនួន​បី សង់​ឡើង​នៅ​សតវត្សរ៍​ទី ៧ គ្រិស្តសករាជ ៦១៥ ដល់ ៦៣៥ ដោយ​ព្រះបាទ​ភ​វ​វរ្ម័នទី ២ ធ្វើ​ពី​ថ្មបាយក្រៀម ឥដ្ឋ ថ្ម​ស៊ី​ស្ត និង ថ្ម​ស្រទាប់ មាន​បណ្តោយ ១៣ ម៉ែត្រ ទទឹង ៩ ម៉ែត្រ កម្ពស់ ១២ ម៉ែត្រ​។ ក្រៅពី​ប្រាសាទបុរាណ​បា​យ៉ង់​កោ​ដែលមាន​តម្លៃ​ប្រវត្តិសាស្ត្រ និង វប្បធម៌ ដ៏​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​ការសិក្សា​រៀនសូត្រ ភ្នំ​បា​យ៉ង់​កោ​មានតម្លៃ​ជាច្រើន​ទៀត​រួមមាន​ដូចជាៈ ជីវ​:​ចម្រុះ មាន​ប្រភេទ​សត្វ និង រុក្ខជាតិ​អាចមាន​តម្លៃ​អភិរក្ស និង វិទ្យាសាស្ត្រ​, ជា​តំបន់​ដែលមាន​ទេសភាព​ធម្មជាតិ​ស្រស់ត្រកាល ដូចជា​កន្លែង​ថ្ម ២ ដុំ​នៅ​ចំ​លើ​កំពូលភ្នំ មាន​សម្រស់​ស្រស់ស្អាត​ខ្លាំង​សម្រាប់​រូប ឬ ថត​ភាពយន្ត​នានា​, ជា​កន្លែង​កម្សាន្ត និង លម្ហែ​អារម្មណ៍ ជាមួយ​ទេសភាព​ដ៏​ស្រស់​បំ​ព្រ​ងំ​, និង ជា​តំបន់​ដែលមាន​ប្រាសាទបុរាណ ៤ ផ្សេងទៀត ក្រៅពី​ប្រាសាទបាយ៉ង់​កោ គឺ​ប្រាសាទ​កា​ណា​ង​នៅ​ខាងលិច ប្រាសាទ​កា​ណា​ង​ខាងកើត ប្រាសាទ​កំពូល​កា​ណង់ ជាពិសេស​គឺ​ប្រាសាទ​ព្រះ​គោ​-​ព្រះ​កែវ ដែលមាន​បង្កប់​សិលាចារឹក​នៅ​នឹង​ជញ្ជាំង​ថែមទៀត​៕​